ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម ​ឯកភាព​បង្កើន​កិច្ចសហការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ឧត្តមសេនីយ៍ឯក លឿង តាម​ក្វា​ង សមាជិក​ការិយាល័យ…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ឧត្តមសេនីយ៍ឯក លឿង តាម​ក្វា​ង សមាជិក​ការិយាល័យ នយោបាយ និង​ជា​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម បាន​ចុះហត្ថលេខា​លើ ផែនការ​សហប្រតិបត្តិការ ​ឆ្នាំ​២០២៥ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម សំដៅបង្កើន​កិច្ចសហការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​តំបន់ ​។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល ​នៃ​ដំណើរ​ទស្សនកិច្ច និង​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​អនុវត្ត ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០២៤ និង​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ ឆ្នាំ​២០២៥ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម ​។

នា​ឱកាស​នោះ ភាគី​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​យោបល់​អំពី​ទិដ្ឋភាព​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​ទូទៅ​ នៃ​ប្រទេសទាំង​ពីរ ជា​ពិសេស​គោលនយោបាយ​អាទិភាព​នានា​របស់​រដ្ឋាភិបាល ​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ដោះស្រាយ បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា បទល្មើស​គ្រឿងញៀន បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​បច្ចេកវិទ្យា បទល្មើស ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ សំដៅ​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ រវាង​ប្រទេសទាំង​ពីរ កម្ពុជា​-​វៀតណាម ។

ក្នុង​ក្រប​ខណ្ឌ ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា និង​ឧត្តមសេនីយ៍ឯក លឿង តាម​ក្វា​ង បាន​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល ​ដែល​សម្រេច​បាន​ក្នុង ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ជា​អាទិ៍ ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​ជួយ​គាំទ្រ​ផ្នែក​សម្ភារៈ​បច្ចេកទេស កិច្ចសហការ​រវាង​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន អំពើ​ជួញដូរ​-​រត់ពន្ធ​មនុស្ស​ឆ្លង​ដែន ការ​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​ល្អ​ប្រសើរ ដែល​រួមចំណែក​បង្ក​លក្ខខណ្ឌ សម​ស្រប​ដល់​ការ​រស់នៅ និង​ការ​ប្រកប​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំង​ពីរ ។

ក្នុង​ស្មារតី​បន្ត​អនុវត្ត​នូវ​យន្តការ​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ថែម​ទៀត ឯកឧត្តម ស សុខា និង ឧត្តមសេនីយ៍ឯក លឿង តាម​ក្វា​ង បាន​ចុះហត្ថលេខា​លើ ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០២៥ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម សំដៅបង្កើន​កិច្ចសហការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និងតំបន់ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការងារ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស សំដៅ​ឆ្លើយ​តប​បាន​សម​ស្រប​ទៅ​នឹង កា​រវិ​វត្ត​ស្មុគស្មាញ ​នៃ​បទល្មើស ជា​ពិសេស​បទល្មើស​មិន​ប្រពៃណី​ ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ​។

សូម​រំលឹក​ថា តប​តាម​ការ​អញ្ជើញ​របស់ ឧត្តមសេនីយ៍ឯក លឿង តាម​ក្វា​ង សមាជិក​ការិយាល័យ នយោបាយ និង​ជារដ្ឋ​មន្ត្រី​ក្រសួង​នគរបាល​វៀតណាម ឯកឧត្តម ​ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​បំពេញ​ទស្សនកិច្ច ការងារ នៅ​រដ្ឋធានី​ហាណូយ ដើម្បី​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​វាយតម្លៃ​លទ្ធផល​អនុវត្ត​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០២៤ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម ចាប់​ថ្ងៃ​ទី​១៨-១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ