មកដល់ពេលនេះរដ្ឋាភិបាលហាក់នៅស្ងៀមនៅឡើយពាក់ព័ន្ធនឹងស្ថានភាពនៃឧក្រិដ្ឋកម្មនិងអំពើឆបោកតាមអនឡាញ ដែលថៃនិងវៀតណាមកំពុងតែសើបអង្កេតខណៈដែលសារព័ត៌មាននៅស្រុកគេ គឺបានរាយការណ៍ជាបន្តបន្ទាប់ពីការបង្ក្រាបនិងសកម្មភាពអនុវត្តចំណាត់ការផ្សេងៗនៅតាមព្រំដែន ។ ពាក់ព័ន្ធនឹងបញ្ហានេះកុំគិតថា រដ្ឋាភិបាលនៅស្ងៀមហើយមិនរវល់នឹងករណីនេះឲ្យសោះ ពីព្រោះវាគឺជាបទល្មើសមួយ ហើយវិធានការកាន់តែក្តៅអាចនឹងដាក់ចេញនៅពេលខាងមុខ។ ដូច្នេះអ្នកពាក់ព័ន្ធគួរតែដកខ្លួនហើយ ហើយមន្ត្រីអនុវត្តច្បាប់គួរតែត្រៀមខ្លួនឲ្យរួចរាល់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ…
មកដល់ពេលនេះរដ្ឋាភិបាលហាក់នៅស្ងៀមនៅឡើយពាក់ព័ន្ធនឹងស្ថានភាពនៃឧក្រិដ្ឋកម្មនិងអំពើឆបោកតាមអនឡាញ ដែលថៃនិងវៀតណាមកំពុងតែសើបអង្កេតខណៈដែលសារព័ត៌មាននៅស្រុកគេ គឺបានរាយការណ៍ជាបន្តបន្ទាប់ពីការបង្ក្រាបនិងសកម្មភាពអនុវត្តចំណាត់ការផ្សេងៗនៅតាមព្រំដែន ។
ពាក់ព័ន្ធនឹងបញ្ហានេះកុំគិតថា រដ្ឋាភិបាលនៅស្ងៀមហើយមិនរវល់នឹងករណីនេះឲ្យសោះ ពីព្រោះវាគឺជាបទល្មើសមួយ ហើយវិធានការកាន់តែក្តៅអាចនឹងដាក់ចេញនៅពេលខាងមុខ។ ដូច្នេះអ្នកពាក់ព័ន្ធគួរតែដកខ្លួនហើយ ហើយមន្ត្រីអនុវត្តច្បាប់គួរតែត្រៀមខ្លួនឲ្យរួចរាល់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី១៩ ខែកុម្ភៈ បានឲ្យដឹងថា អាជ្ញាធរវៀតណាមបានចាប់ខ្លួនជនសង្ស័យចំនួន ១៥នាក់ នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងហាណូយ ពាក់ព័ន្ធនឹងករណីឆបោកតាមទូរស័ព្ទ ដែលបានបោកប្រាស់ស្ត្រីម្នាក់ចំនួនអស់ប្រាក់ប្រមាណជា៨.៩០០ ដុល្លារ។
ប៉ូលិសវៀតណាមបាននិយាយកាលពីថ្ងៃអង្គារ៍ថា ជនសង្ស័យដែលមានអាយុចន្លោះពី ១៧ ទៅ ៤០ ឆ្នាំត្រូវបានចាប់ខ្លួន បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាជាកន្លែងដែលក្រុមឆបោកកំពុងប្រតិបត្តិការ។
ប៉ូលីសបានបើកការស៊ើបអង្កេតទៅលើក្រុមនេះ បន្ទាប់ពីទទួលបានរបាយការណ៍ពីស្ត្រីម្នាក់នៅក្នុងខេត្តក្វាងប៊ិញ( Quang Binh) ភាគកណ្តាលប្រទេសវៀតណាមកាលពីពីរខែមុន។ ស្ត្រីរូបនេះបានរាយការណ៍ថាខ្លួនត្រូវបានគេបោកឱ្យចូលរួមក្នុង បណ្តាញមួយ ហើយបានបាត់បង់ប្រាក់ជាបន្តបន្ទាប់។
ការស៊ើបអង្កេតបានបង្ហាញថា ក្រុមបោកប្រាស់បានប្រតិបត្តិការពីប្រទេសកម្ពុជា ហើយដឹកនាំដោយជនជាតិចិន។ ក្រុមនេះមានសមាជិកមកពីប្រទេសនានារួមមានចិន ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម។
អាជ្ញាធរបានបញ្ជាក់ថា អ្នកគ្រប់គ្រងជនជាតិចិនបានណែនាំសមាជិកឱ្យកំណត់គោលដៅបុគ្គលមកពីប្រទេសខ្លួន។ ក្រុមនេះត្រូវបានរៀបចំជាផ្នែកដែលទទួលខុសត្រូវចំពោះកិច្ចការផ្សេងៗគ្នា ដូចជាការទាក់ទងជនរងគ្រោះដែលអាចមានសក្តានុពល និងបញ្ចុះបញ្ចូលពួកគេឱ្យផ្ញើប្រាក់។
សារព័ត៌មានដដែលក៏ធ្លា្្ប់បានរាយការណ៍កាលពីមុននោះថា ប៉ូលិសវៀតណាម បានចាប់ខ្លួនជនសង្ស័យចំនួន២៤ នាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពឆបោកទ្រង់ទ្រាយធំពីប្រទេសកម្ពុជាដែលក្នុងនោះជនរងគ្រោះត្រូវបានបោកបញ្ឆោតឱ្យវិនិយោគលើកម្មវិធីកាស៊ីណូអនឡាញក្លែងបន្លំមួយ។
អាជ្ញាធរនិយាយថា ប្រតិបត្តិការនេះបានបោកប្រាស់ជនរងគ្រោះបានប្រាក់ប្រមាណជា ៣៩,៥ លានដុល្លារឯណោះ។
យោងតាមប៉ូលិសខេត្តតៃនិញ ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា ជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់បណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ និងមធ្យោបាយអេឡិចត្រូនិក ដើម្បីប្រព្រឹត្តការក្លែងបន្លំ។ អត្តសញ្ញាណរបស់ពួកគេមិនត្រូវបានគេបញ្ចេញទេ ខណៈករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការសហការគ្នាពីនគរបាលខេត្តតៃនិញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងសន្តិសុខសាធារណៈ និងឆ្មាំព្រំដែន ជាពិសេសបន្ទាប់ពីជនជាតិវៀតណាម ១៧៧នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រុងបាវិត ខេត្តស្វាយរៀង ពីបទធ្វើការ និងស្នាក់នៅដោយខុសច្បាប់។
ទាំងអស់ត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងការឆបោកតាមអ៊ីនធឺណិតដែលកំណត់គោលដៅលើជនរងគ្រោះក្នុងប្រទេសវៀតណាម។
អ្នកស៊ើបអង្កេតបានរកឃើញថា ជនជាតិចិនម្នាក់ឈ្មោះ ហ៊ី យូគី (HeYuki) បានជួលអគារពីរជាន់ក្នុងក្រុងបាវិត ដើម្បីដំណើរការគម្រោងនេះ។ បុគ្គលិកត្រូវបានរៀបចំជាក្រុមឯកទេសដែលមានតួនាទីដូចជា ការគ្រប់គ្រង ការលក់ និងបុគ្គលិកជំនួយ។ យុទ្ធសាស្ត្រចម្បងរបស់ពួកគេពាក់ព័ន្ធនឹងការផ្ញើតំណ “https://web.sandsking.top/#/” ទៅកាន់ជនរងគ្រោះតាមរយៈកម្មវិធី ដោយនាំពួកគេទៅកាន់គេហទំព័រក្លែងក្លាយមួយឈ្មោះថា “Casino Bay Sands”។
ជនរងគ្រោះត្រូវបានបោកបញ្ឆោតដោយការសន្យាក្លែងបន្លំហើយ ដំបូងឡើយ ជនរងគ្រោះទទួលបានប្រាក់ជាបន្តបន្ទាប់ ។ ប៉ុន្តែកុំភ្លេចថា នោះគឺជាធ្នាក់ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ដើម្បី លើកទឹកចិត្តជនរងគ្រោះឱ្យហ៊ានសម្រេចចិត្តវិនិយោគជាមួយនឹងពួកគេ ។ នៅពេលដែលជនរងគ្រោះបានដាក់ប្រាក់យ៉ាងច្រើន ហាងឆេងនៃការឈ្នះរបស់ពួកគេបានធ្លាក់ចុះ ហើយគណនីរបស់ពួកគេត្រូវបានចាក់សោជាយថាហេតុ។
ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានស្ត្រីអាយុ ៣៦ ឆ្នាំមកពីខេត្ត ក្នុងតំបន់ដីសណ្តទន្លេមេគង្គប្រទេសវៀតណាមបានអះអាងថានាងក៏ជាជនរងគ្រោះនៃការជួញដូរមនុស្សដែរ។ នាងបាននិយាយថា នាងត្រូវបានគេល្បួងមកប្រទេសកម្ពុជាក្រោមលេសថាលក់ផ្លែឈើ ហើយក្រោយមកត្រូវបានបង្ខំឱ្យធ្វើការឱ្យក្រុមហ៊ុនឆបោកពីរផ្សេងគ្នា។
ក្នុងនាមជា “អ្នកលក់” នាងបានប្រាស្រ័យទាក់ទងជាមួយជនរងគ្រោះតាមរយៈការហៅទូរសព្ទ និងសារ ដោយធ្វើជាតំណាងនៃសាជីវកម្ម និងអាជីវកម្មធំៗ។ នាងបានបញ្ចុះបញ្ចូលជនរងគ្រោះថាកម្មវិធីកាស៊ីណូនឹង “ដំណើរការខុសប្រក្រតី” បីដងក្នុងមួយថ្ងៃ ដោយធានាការឈ្នះសម្រាប់ការភ្នាល់ដែលដាក់ក្នុងចន្លោះពេលទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគេហៅថា កំហុស ត្រូវបានរៀបចំឡើងដោយក្រុម “backstage” របស់ក្រុមអ្នកបោកប្រាស់។
យោងតាមបុគ្គលិកម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនបានអះអាងថា មានអ្នកលេងច្រើនណាស់ដែលដាក់ប្រាក់រាប់រយដុល្លារក្នុងមួយលើកៗដែលពួកគេមិនអាចចាំបាន។
នៅក្នុងស្ថានភាពនេះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌខេត្ត តៃនិញកំពុងធ្វើការជាមួយក្រសួងសន្តិសុខសាធារណៈ ដើម្បីបញ្ជាក់អំពីតួនាទីរបស់ជនសង្ស័យម្នាក់ៗ និងចាប់ខ្លួនបក្ខពួកបន្ថែមដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ។
នេះគឺជាស្ថានភាពជាមួយនឹងវៀតណាម ដោយឡែកនៅខាងថៃឯណោះវិញក៏កំពុងតែមមាញឹកដែរ ដោយសារតែថៃបានកំពុងតែដាក់ប៉ុស្តិតាមដានស្ថានការណ៍និងសិក្សាចំណាត់ការមកលើកម្ពុជាជាពិសេសគឺនៅក្រុងប៉ោយប៉ែតដែលភាគីថៃលើកឡើងថា ទីនោះអាចជាកន្លែងដែលក្រុមឧក្រិដ្ឋជនរើទីតាំងពីព្រំដែនថៃ-មីយ៉ាន់ម៉ាមក ។
សារព័ត៌មានថៃបានរាយការណ៍ថា អាជ្ញាធរថៃនៅពេលនេះកំពុងតែរិតបន្តឹងការគ្រប់គ្រងចលនាប្រជាជាតិនិងការចេញចូល ហើយក៏កំពុងតែដាក់ការអង្កេតជាពិសេសលើប្រព័ន្ធទូរគមនាគមន៍ ។ កន្លងមក មានជនជាតិថៃមួយចំនួនហើយដែលអាជ្ញាធរថៃបានចាប់ខ្លួន ហើយជនសង្ស័យទាំងនោះបានអះអាងថា ពួកគេបានធ្វើប្រតិបត្តិការចេញពីទីក្រុងប៉ោយប៉ែត ៕
ចែករំលែកព័តមាននេះ