ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​ក្លាយជា​ប្រធានបទ​រសើប​ជា​ថ្មី​នៅ​ស​ប្តា​ហ៍​នេះ​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​ដែល​កើត​មាន នៅ​ប្រាសាទ​តា​មាន់ ក្រោយ​រឿង​កោះ​គុត​រាងដូចជា​ស្បើយ​បន្តិច ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ គ្រប់​គ្នា​គួរតែ​ប្រុង​ប្រយ័ត្ន ហើយ​កុំ​ឲ្យ​រឿង​ព្រំដែន​នេះ​ក្លាយជា​ហ្គេ​ម​នយោបាយ​របស់​គេ ។…

រឿង​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​ក្លាយជា​ប្រធានបទ​រសើប​ជា​ថ្មី​នៅ​ស​ប្តា​ហ៍​នេះ​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​ដែល​កើត​មាន នៅ​ប្រាសាទ​តា​មាន់ ក្រោយ​រឿង​កោះ​គុត​រាងដូចជា​ស្បើយ​បន្តិច ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ គ្រប់​គ្នា​គួរតែ​ប្រុង​ប្រយ័ត្ន ហើយ​កុំ​ឲ្យ​រឿង​ព្រំដែន​នេះ​ក្លាយជា​ហ្គេ​ម​នយោបាយ​របស់​គេ ។

បាតុភាព​នៅ​ប្រាសាទ​តា​មាន់ បាន​កំពុង​តែ​ផុលផុស​នៅ​លើ​បណ្តាញ​សង្គម ហើយ​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក​កើត​មាន​ឡើង ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​អ្នកនយោបាយ​ទាំង​នៅ​ថៃ និង​អ្នកនយោបាយ​កម្ពុជា​នៅ​ក្រៅប្រទេស​មួយ​ចំនួន​បាន​កំពុង​កញ្ជ្រោក​ស្ថានការណ៍​បន្ថែម ។

ក្រុម​អ្នកនយោបាយ​ទាំងនេះ​បាន​កំពុង​តែ​ប្រើប្រាស់​នូវ​ទស្សនៈ និង​មនោ​គម​វិជ្ជា​បែប​ជាតិនិយម​ជ្រុល ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​បញ្ហា​នេះ ។ ដោយ​ព្រួយបារម្ភ​អំពី​កំណើន​នៃ​កម្សួល​ក៏​ដូច​ជា រលក​នៃ​ចលនា​ជាតិនិយម​ជ្រុល​នេះ​បង្កើន​ផ្កាភ្លើង​នយោបាយ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​នូវ​សារ​នយោបាយ​ដ៏​កម្រ​មួយ​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ពោល គឺ​កម្ពុជា និង​ថៃ​។ សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ពី​ណា​ក៏​គិត​ដែរ​មិនមែន​មាន​តែ​អ្នក​ជាតិនិយម​នោះ​ទេ ប៉ុន្តែ​រឿង​ព្រំដែន​មិនមែន​ជា​រឿង​ងាយស្រួល​ដោះ​នោះ​ឡើយ ។

សម្តេច​ធិ​បតី​បាន​ឲ្យ​ដឹង​បន្ថែម កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥​ថា សម្រាប់​កិច្ចការ​ព្រំដែន​រវាង​កម្ពុជា​ជាមួយនឹង​ថៃ គឺ​មាន​មួយ​ផ្នែក​មានការ​កំណត់ និង​បោះបង្គោល​រួចរាល់ ហើយ​មួយ​កំណាត​ទៀត​មិន​មាន​បង្គោល​ទេ គឺ​មាន​ផែនទី គឺ​ឆ្នាំ​១៩០៨ និង​សន្ធិសញ្ញា​ដែល​ធ្វើ​ដោយ​ក្រុម​គណកម្មការ​ព្រំដែន​របស់​ឥណ្ឌូចិន​ក៏​ដូច​ជា ឯកសារ​យល់ព្រម​ដោយ​ភាគី​ទាំង​ពីរ​ជា​គោល ហើយ​ភាគី​ទាំង​ពីរ​បាន​កំពុង​តែ​បន្ត​ធ្វើការ​ចរចា​ដែល​កិច្ចការ​នេះ គឺ​ធ្វើ​តាំងពី​ឆ្នាំ​១៩៩៨ ។

ជា​ការ​ពិត មក​ដល់​ពេល​នេះ រឿង​ព្រំដែន​នេះ មិនមែន​ជា​រឿង​ងាយស្រួល​ទេ ប្រទេស​ធំ គឺ​នៅ​តែ​បន្ត​ឈ្លោះ​គ្នា​មិន​ទាន់​ចប់​នៅឡើយ​ទេ ដូច​ជា ករណី​ជម្លោះព្រំដែន​រវាង​ជប៉ុន និង​រុ​ស្ស៊ី បញ្ហា​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា ហើយនឹង​ព្រំដែន ថៃ និង​ម៉ា​ឡេ​ស៊ី ជាដើម ។

ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន​នេះ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើ​សារ​ជា​លើក​ទី​១​ទៅ​កាន់​អ្នកនយោបាយ​បរទេស ។ សម្តេច​បាន​លើក​ឡើង​ថា «​ខ្ញុំ​សូម​យក​ឱកាស​នោះ​បញ្ជូន​សារ​ទៅ​អ្នកនយោបាយ​ទាំង​អស់ទាំង​កម្ពុជា និង​ថៃ សូមកុំ​យក​រឿង​នយោបាយ​មក​ពាក់ព័ន្ធ និង​កិច្ចការ​បច្ចេកទេស​ឲ្យ​សោះ ។ ពីព្រោះ​អ្នកនយោបាយ​អត់​ដឹង​កិច្ចការ​ភូមិសាស្ត្រ​ដូច​អ្នកបច្ចេកទេស​ទេ ។ សូម​ទុក​អោយ​អ្នកបច្ចេកទេស​គេ​ធ្វើការ​ដោះស្រាយ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​បច្ចេកទេស ។ អ្នកនយោបាយ​ថៃ សូមកុំ​យក​រឿង​នេះ​ទៅ​ជំរុញ​រក​ការ​ចំណេញ​នយោបាយ​ហើយ យក​ហេតុផល​ដែល​មិន​អាច​យក​ជា​ការ​បាន​» ។

សម្តេច​ធិ​បតី​បាន​បន្ថែម​យ៉ាង​ច្បាស់​ថា កម្ពុជា​មាន​គោល​ជំហរ​ច្បាស់​ណាស់ ដោយ​យក​មូលដ្ឋាន​នៅ​លើ​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​ការ​ថែរក្សា​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ពោល គឺ​កម្ពុជា​រក​វិធី​ដោះស្រាយ​បញ្ហា​ដែល​បន្សល់​ទុក​ពី​មុន​តាម​រយៈ​យន្តការ​ដែល​យើង​បាន​ឯកភាព​គ្នា​ផ្លូវការ​ដែល​មាន​គណកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​ថៃ ហើយ​ធ្វើការ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ផែនទី​ដែល​យើង​បាន​ឯកភាព​គ្នា ។

កម្ពុជា​ចង់​ដោះស្រាយ​ដោយ​សន្តិវិធី ប៉ុន្តែ​កម្ពុជា​ក៏​រក្សា​សិទ្ធិ​នៅ​ក្នុង​ការ​ការពារ​ខ្លួន​គ្រប់​មធ្យោបាយ រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ប្រសិនបើ​ប្រទេស​ណា​ប្រើប្រាស់​កម្លាំង​ប្រដាប់​អា​រុ​ធ​មក​ឈ្លានពាន​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​ធិ​ប​តិ​ក៏​បាន​លើក​ឡើង និង​ពិពណ៌នា​នា​អំពី​គ្រោះថ្នាក់​នៃ​ចលនា​ជាតិនិយម​ជ្រុល​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​រង​គ្រោះ​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​២០១១ ដែល​ជា​ពេល​ដែល​កម្ពុជា និង​ថៃ​ផ្ទុះអាវុធ​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ជួរ​មុខ ជា​ពិសេស គឺ​នៅ​ទិស​ប្រាសាទព្រះវិហារ​។

នេះ គឺជា​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នៃ​អ្វី​ដែល​គេ​ហៅ​ថា​ជា​ចលនា​ជាតិនិយម​ជ្រុល ។
សរុប​ទៅ ដើម្បី​កុំអោយ​ជាតិ​មាន​គ្រោះថ្នាក់​សង្គម និង​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន​នឹង​ចលនា​ក៏​ដូច​ជា សកម្មភាព​ដែល​បម្រើ​ឲ្យ​ក្រុម​អ្នកនយោបាយ​ជាតិនិយម​ជ្រុល ។ នរណា​ក៏​ស្នេហារ​ជាតិ​ហើយ​ស្រលាញ់​ព្រំដែន​ដូច​គ្នា ប៉ុន្តែ​ប្រសិនបើ​យើង​ជ្រុល​កុំ​ភ្លេច​ថា គេ​ក៏​ស្រលាញ់​យើង​ក៏​ស្រលាញ់ ។ រឿង​ព្រំដែន​ទុក​ឲ្យ​អ្នកបច្ចេកទេស​គេ​ធ្វើការ ដោយ​ឈរ​នៅ​លើ​ច្បាប់ ផែនទី លិខិត​តូប​ករ​ណ៍ សន្ធិសញ្ញា កិច្ចព្រមព្រៀង​នានា មិនមែន​សំអាង​នៅ​លើស​ម្តី និង​សំ​ណេ​រ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ