ក្រុមហ៊ុនលោក Elon Musk សិក្សាលទ្ធភាពនាំយកអ៊ីនធឺណិតល្បឿនលឿន មកកម្ពុជា ក្នុងឆ្នាំ២០២៥នេះ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក គឺលោក Elon Musk សិក្សាពីលទ្ធភាពនាំយកអ៊ីនធឺណិតផ្កាយរណបល្បឿនលឿន Starlink…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក គឺលោក Elon Musk សិក្សាពីលទ្ធភាពនាំយកអ៊ីនធឺណិតផ្កាយរណបល្បឿនលឿន Starlink…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក គឺលោក Elon Musk សិក្សាពីលទ្ធភាពនាំយកអ៊ីនធឺណិតផ្កាយរណបល្បឿនលឿន Starlink មកកាន់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ។
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារ នៃក្រុមហ៊ុន SpaceX-Starlink របស់លោក Elon Musk ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
ក្នុងឱកាសនៃជំនួប លោកស្រីនាយិកាទីផ្សារបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅអាទិភាពខ្ពស់ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥ ។
លោកស្រីនាយិកាទីផ្សារក៏បានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូរបស់លោកស្រី ក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ ។
ជាការឆ្លើយតប សម្ដេចបវរធីបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័ស នៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ។
នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារ នៃក្រុមហ៊ុន SpaceX – Starlink ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី និងសហការី ជាពិសេសក្រុមហ៊ុន SpaceX – Starlink ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាការងារបន្តជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា លើការងារបច្ចេកទេសផ្សេងៗ ។
សូមជម្រាបផងដែរថា Starlink គឺជាគម្រោងមួយរបស់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ។ គម្រោងនេះមានគោលបំណងផ្តល់សេវាអ៊ីនធឺណិតដោយប្រើប្រាស់ផ្កាយរណប ហើយបានផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជននៅក្នុងប្រទេសជាច្រើន និងកំពុងពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់តំបន់ផ្សេងៗទៀត។ សេវានេះ ពេញនិយមដោយសារតែវាអាចផ្តល់អ៊ីនធឺណិតល្បឿនលឿន ជាពិសេសសម្រាប់អ្នកដែលរស់នៅតំបន់ដាច់ស្រយាល ៕
ចែករំលែកព័តមាននេះ