ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កំពុង​ជាប់បំណុល​លំនៅ​ស្ថាន ជាមួយនឹង​បុរី​បាន​លើក​ឡើង​ថា ពួក​គេ​ពិតជា​ចង់​ណាស់ នៅ​ក្នុង​ការ​ផ្ទេរ​បំណុល​របស់​ពួក​គេ​ពី​បុរី​ទៅ​គ្រឹះស្ថាន​ធនាគារ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​បំណង​របស់​ពួក​គេ គឺ​ត្រូវ​រាំងស្ទះ​នៅ​ត្រង់​ពួក​គេ​មិន​គ្រប់​តាម​លក្ខខណ្ឌ​កំណត់​ដែល​គ្រឹះស្ថាន​ធនាគារ ឬ​ស្ថាប័នហិរញ្ញវត្ថុ​ផ្លូវការ​នានា​ទាមទារ ។ ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា…

ពលរដ្ឋ​កំពុង​ជាប់បំណុល​លំនៅ​ស្ថាន ជាមួយនឹង​បុរី​បាន​លើក​ឡើង​ថា ពួក​គេ​ពិតជា​ចង់​ណាស់ នៅ​ក្នុង​ការ​ផ្ទេរ​បំណុល​របស់​ពួក​គេ​ពី​បុរី​ទៅ​គ្រឹះស្ថាន​ធនាគារ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​បំណង​របស់​ពួក​គេ គឺ​ត្រូវ​រាំងស្ទះ​នៅ​ត្រង់​ពួក​គេ​មិន​គ្រប់​តាម​លក្ខខណ្ឌ​កំណត់​ដែល​គ្រឹះស្ថាន​ធនាគារ ឬ​ស្ថាប័នហិរញ្ញវត្ថុ​ផ្លូវការ​នានា​ទាមទារ ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នរណា​ក៏​ដឹង​ដែរ​ថា លក្ខខណ្ឌ​នៃ​ការ​សង​ប្រាក់ និង​លក្ខខណ្ឌ​ច្បាប់​របស់​ធនាគារ​វា​អំណោយផល​ជាង​បុរី​ដែរ ប៉ុន្តែ​សំខាន់​លក្ខខណ្ឌ​តម្រូវការ​របស់​ធនាគារ​វា​ខ្ពស់ ។ ដូច្នេះ​ហើយ បានជា​ពលរដ្ឋ​បន្ត​នៅ​ផុងខ្លួន​ជាមួយនឹង​ការ​បន្ត​បង់​រំ​លោះ​ជាមួយនឹង​ម្ចាស់​បុរី ។

លោក​បាន​បន្ត​ថា នៅ​ពេល​ដែល​លោក​បាន​សម្រេចចិត្ត​ធ្វើការ​ទិញ​ផ្ទះល្វែង​មួយ​នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង លោក​បាន​ដើ​រសើប​សួរ​ធនាគារ​ជា​ច្រើន ប៉ុន្តែ​ធនាគារ​ណា​ក៏​ដូច​ជា ធនាគារ​ណា​ដែរ គឺ​មិន​អោយ​ទេ ដោយសារ​តែ​លោក និង​គ្រួសារ​មិន​គ្រប់​តាម​លក្ខខណ្ឌ​ដែល​ស្ថាប័ន​ពួក​គេ​ត្រូវការ ។

លោក​បាន​បន្ត​ថា ធនាគារ​ណា​ក៏​ដូច​ជា ធនាគារ​ណា​ដែរ គឺ​គេ​ទាមទារ​របាយការណ៍​ហិរញ្ញវត្ថុ ប៉ុន្តែ​សម្រាប់​លោក​ដែល​ជា​អ្នក​លក់ដូរ​ចល័ត​តាម​ម៉ូតូ​មាន​របាយការណ៍​នោះ​ពី​ណា​មក គឺ​មាន​តែ​លុយ​សន្សំ​បន្តិចបន្តួច​ប្រចាំ​ថ្ងៃ ។ ដូច្នេះ​ហើយ​ក៏​សម្រេចចិត្ត​បង់​រំ​លោះ​ជាមួយនឹង​បុរី​តែ​ម្តង ។ លោក​បាន​បន្ត​ថា «​នរណា​ក៏​ដឹង​ថា បង់​បុរី​វា​យ៉ាប់​រឿង​ការ​ប្រាក់ ហើយ​អាច​នឹង​ត្រូវ​បុរី​រឹបអូស បើ​យើង​បង់​មិន​ទាន់ ប៉ុន្តែ​សំខាន់ គឺ​បុរី​ហ៊ាន​លក់​អោយ​យើង ហើយ​យើង​ត្រូវការ​ផ្ទះ​ក៏​ចេះ​តែ​តស៊ូ​ទៅ ទោះ​យើង​លុយ​មិន​គ្រប់​ក៏​ដោយ​» ។

មន្ត្រី​បម្រើ​ការ​នៅ​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់​ផ្សេង​ទៀត បាន​លើក​ឡើង​ថា នៅ​មុន​ពេល​រៀប​ការ​លោក​នៅផ្ទះ​ជួល ហើយ​ក្រោយ​ពេល​សន្សំ​ប្រាក់​រៀប​ការ​លោក​ពិតជា​ត្រូវការ​ផ្ទះ​សមរម្យ​មួយ​រស់នៅ ប៉ុន្តែ ដើម្បី​បាន​ផ្ទះ​រស់នៅ​សមរម្យ ប្រសិនបើ​ចង់​ខ្ចី​ពី​ធនាគារ​គេ​ទាមទារ​យ៉ាង​ហោច​ណាស់​៣០​ភាគរយ​ទើប​ធនាគារ​យល់ព្រម​ឲ្យ​ខ្ចី ។

លោក​បាន​បញ្ជក់​ថា «​ដោយសារ​តែ​បែប​នេះ ហើយ​ខាង​បុរី​គេ​ហ៊ាន​ឲ្យ​សោរ​យើង​ចូល​នៅផ្ទះ​គេ​ទើប​សង់​រួច​ដោយ​ទាមទារ​ឲ្យ​យើង​បង់​ប្រចាំខែ​ក៏​ប្រថុយទៅ​ដោយ​គិត​ថា បង់​បុរី​បង់​ច្រើន​តែ​វា​ប្រសើរ​ជាង​បង់​ផ្ទះ​ជួល ។ ប៉ុន្តែ​ឥឡូវ​ចំណូល​យ៉ាប់​ចង់រក​ធនាគារ​ឡើង​វិញ​ក៏​នៅ​តែ​មិន​គ្រប់​លក្ខខណ្ឌ​រឿង​តម្រូវការ​៣០​ភាគរយ​មុន​នេះ​ដដែល​»​។

លោក​បាន​បន្ត​ថា ការ​ដែល​លោក​ប្រថុយ​បែប​នេះ ដោយសារ​តែបើ​រង់ចាំ​បាន​ផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ​ហើយ​មា​នទី​តាំងនៅ​ក្រុង​ទម្រាំ​នឹង​សន្សំ​បាន​៣០​ភាគរយ វា​នឹង​ឡើង​ថែម​ទៀត ។ ដូច្នេះ​ក៏​សម្រេចចិត្ត​ពីព្រោះ​ខ្លាច​រង់ចាំ​ផ្ទះ​ចេះ​តែ​ទៅ​ឆ្ងាយ​ៗ​ហើយ​តម្លៃ​ចេះ​តែ​ឡើង ។
លោក​បាន​បន្ត​ថា កាល​ពេល​ដែល​មាន​ប្រាក់ខែ​ច្រើន ប្រពន្ធ​មានមុខ​របរ​រក​ចំណូល​បាន​គួរសម​មិន​អី​ទេ ចេះ​តែ​មាន​លទ្ធភាព​បង់ ។ ប៉ុន្តែ​ឥឡូវនេះ ជីវភាព​កំពុង​ស្រុត ព្រោះ​ការងារ​ក៏​ជិត​ចប់​កុងត្រា ហើយ​របរ​ប្រពន្ធ​ក៏​រក​ចំណូល​មិនសូវ​បាន​ចេះ​តែ​ខ្លាច​ស្ទះ​លុយ​បុរី​គេ​រឹបអូស ។

កាលពីដើម​ខែមករា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ មាន​កិច្ចប្រជុំ​មួយ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា ជាមួយនឹង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក៏​ដូច​ជា តំណាង​សមាគម​មក​ពី​វិស័យ​សំណង់ និង​អចលនទ្រព្យ​នានា​ពាក់ព័ន្ធ​នឹង​ការ​សម្របសម្រួល​ឱ្យ​អតិថិជន​អាច​ផ្ទេរ​បំណុល​ពី​ម្ចាស់​បុរី​ទៅ​គ្រឹះស្ថាន​ធនាគារ​វិញ ។

តាមរ​យន្តការ​នេះ ភាគី​ពាក់ព័ន្ធ​ចង់​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​ធនាគារ​ជួយ​សងបំណុល​ទៅ​ម្ចាស់​បុរី​ជំនួស​អតិថិជន ប៉ុន្តែ​អតិថិជន​នៅ​តែ​បន្ត​សងបំណុល​ទៅ​ឱ្យ​ធនាគារ​វិញ​ក្នុង​លក្ខខណ្ឌ​ធូរស្រាល​ជាង​មុន ។ កិច្ច​សម្របសម្រួល​នេះ​នឹង​ជួយ​ម្ចាស់​បុរី​ដែល​ជាប់​គាំង​ទុន​បង្វិល​បាន​លុយដុំ​មក​វិញ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​របស់​ពួក​គាត់ ហើយ​ក៏​នឹង​ជួយ​អតិថិជន​ឱ្យ​ទទួល​បាន​ឥណទាន​ផ្ទះ​ពី​គ្រឹះស្ថាន​ធនាគារ​ដែល​ជា​ទូទៅ​មានការ​ប្រាក់​ទាប​ជាង និង​មាន​រយៈពេល​យូរ​ជាង​រហូត​ដល់​២៥​ឆ្នាំ ឬ​៣០​ឆ្នាំ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា យន្តការ​នេះ​ដំណើរការ​យ៉ាងណា​នៅឡើយ​ទេ ។

មក​ដល់​ឆ្នាំ​២០២៤ ម្ពុ​ជា​មាន​ធនាគារពាណិជ្ជ​សរុប​៥៩ ធនាគារ​ឯកទេស ៩​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​៤ និង​មិន​ទទួល​ប្រាក់​បញ្ញើរ​៨៥ ហើយ​មាន​អ្នក​ជំពាក់​បំណុល​សរុប​២,៤​លាន​នាក់ នៅ​ក្នុង​នោះ អ្នកទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​មាន​១២,៥​ភាគរយ និង​អ្នក​ជួញដូ​អចលនទ្រព្យ​១១,៦ ភាគរយ ហើយ​សំណង់​មាន ៩,៧ ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ