ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រឿង​ក្តៅ​បំផុត នៅ​លើ​បណ្តាញ​សង្គម​បាន​ផ្ទុះ​ករណី​រិះគន់​គ្នា​រវាង​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​មាន​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី និង ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បញ្ហា​ត្រួតពិនិត្យ​ជាតិ​ស្រវឹង…

រឿង​ក្តៅ​បំផុត នៅ​លើ​បណ្តាញ​សង្គម​បាន​ផ្ទុះ​ករណី​រិះគន់​គ្នា​រវាង​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​មាន​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី និង ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បញ្ហា​ត្រួតពិនិត្យ​ជាតិ​ស្រវឹង នៅ​ចំណុច​ផ្លូវ​ភ្នំពេញ​ហាណូយ មុខ​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី ។

រឿង​នេះ​ផ្ទុះ​ឡើង ក្រោយ​ករណី​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ដែល​បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ។ ក្រោយ​រឿង​នេះ​កើតឡើង​លោក​បណ្ឌិត សុខ ទូច បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម ហើយ​បាន​ចែក​រំ​លែង​ត​ៗ​គ្នា​ថា វា​កើតឡើង​ដោយសារ​លោក​សុំ​ប្តូរ​ទុយោ លើ​ម៉ាស៊ីន​វាស់​កម្រិត​ជាតិ​អាកុល ដោយសារ​តែ​បារម្ភ​ខ្លាច​ឆ្លង​រោគ​ពី​អ្នក​ដែល​ផ្លុំ​មុន ហើយ​ក៏​មានការ​គំហក​ដោយ​ប្រើ​ពាក្យអសុរស​ពី​សមត្ថកិច្ច ហើយ​ក៏​កើតជា​កំហឹង​ដោយសារ​តែ​អារម្មណ៍​នៃ​ភាព​ហត់នឿយ ក្រោយ​ចុះ​ស្រាវជ្រាវ​អស់​រយ​:​ពេល​៣​ថ្ងៃ​នៅ​តំបន់​ភ្នំ ។

លោក​បាន​បន្ត​រៀបរាប់ និង​ទទួលស្គាល់​ថា លោក​ពិតជា​ទទួលទាន​ស្រា​បៀរ​មែន ប៉ុន្តែ​មិន​ដល់​កម្រិត​ស្រវឹង​ទេ ពោល គឺ​ត្រឹមតែ​មួយ​កំប៉ុង ដើម្បី​បំបាត់ និង​រំសាយ​ការ​ហត់នឿយ ពេល​ហូប​បាយ​ជាមួយនឹង​មន្ត្រី ហើយ​ក៏​បាន​បើកឡាន​ជូន​មន្ត្រី​ដែល​ទៅ​ស្រាវជ្រាវ​ជាមួយ​ទៅ​យក​ម៉ូតូ​នៅ​កន្លែងធ្វើការ ។

លោក​បាន​បន្ត​ទៀត​ថា ក្រោយ​កើត​ភាព​ឆេវឆាវ ចំពោះ​រឿង​ដែល​គេ​ចោទ​លោក​ថា លោក​ស្រវឹង​ជោគ​ជាំ​ប្រហែល​ឃើញ​ភ្នែក​លោក​ក្រហម ដោយសារ​តែ​ថ្ងៃនេះ​លោក​ដើរ​ផង និង​បើកឡាន​ដោយ​ខ្លួនឯង​ជាង​៦០០​គីឡូ​ម៉ែ​ត និង​មាន​បញ្ហា​ភ្នែក​ស្ងួត លុបមុខ​ញី​ភ្នែក​ជា​ច្រើន​ដង​ហត់នឿយ​ជាប់​មិន​បាន​សម្រាក ។

លោក​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​ទប់​មិន​ជាប់​ក៏​ឆេវឆាវ​កើតជា​រឿង​តែ​ក្រោយមក​លោក​បាន​សហការ​ផ្លុំ​ចំនួន​៣​ដង តែ​មិនឃើញ​កម្រិត​ជាតិ​អាល់កុល ហើយ​លោក​ក៏​លែង​សហការ​ផ្លុំ ហើយ​ក៏​ច្រឡោត​ឡើង​ម្តងទៀត​រហូត​ផ្ទុះ​បាតុភាព​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ។
ក្រោយ​ការ​បង្ហោះ​នេះ ខាង​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ម៉ោង​១១​និង​៣១​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា គេ​មិន​ស្គាល់​លោក​បណ្ឌិត សុខ ទូច ។ នៅ​ពេល​នោះ លោក​បណ្ឌិត​មាន​កាយវិការ និង​ពាក្យ​សម្តី​មិន​សមរម្យ មិន​ព្រម​សហការ​ផ្លុំ​រក​ជាតិ​អាល់កុល ហើយ​សមត្ថកិច្ច​ព្យាយាម​ណែនាំ​គាត់​ឱ្យ​សហការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល ។

ក្រោយមក​លោក​បណ្ឌិត បាន​យល់ព្រម​ផ្លុំ​ខ្យល់​៤​ទៅ​៥​ដង ប៉ុន្តែ​ការ​ផ្លុំ​ខ្យល់​នោះ​មិន​ដល់​កម្រិត​ខ្យល់ ដែល​ម៉ាស៊ីន​ចេញ​ទិន្នន័យ​នោះ​ទេ ហើយ​គាត់​មិន​ព្រម​សហការ​ផ្លុំ​ទៀត និង​មាន​សកម្មភាព​ច្រងេងច្រងាង​ទាញ​កញ្ឆក់​ម៉ាស៊ីន​ផ្លុំ​ខ្យល់​ពី​ដៃ​សមត្ថកិច្ច ដោយ​ចោទ​ថា ដាក់​បំពង់​ផ្លុំ​ខ្យល់​ចាស់​ឱ្យ​គាត់​ផ្លុំ ប៉ុន្តែ​សមត្ថកិច្ច​បាន​ពន្យល់​ណែនាំ​គាត់​ថា បំពង់​ផ្លុំ​ខ្យល់​នេះ គឺ​ផ្លុំ​មួយ​ប្តូរ​បំពង់​មួយ​ថ្មី មិន​ប្រើ​បំពង់​ផ្លុំ ហើយ​យក​ប្រើប្រាស់​ទៀត​នោះ​ទេ ។ រួច​គាត់​ក៏​បែរជា ចោទ​សមត្ថកិច្ច​ហៅ​គាត់​(​អា​)​ទៅ​វិញ និង​ចោទ​ថា ប្រើប្រាស់​កាយវិការ​មិន​សមរម្យ​ដាក់​គាត់​ទៀត​ផង ខណៈ​ដែល​សមត្ថកិច្ច​ស្នើ​សុំ​ឱ្យ​គាត់​សហការ​ផ្លុំ​រក​ជាតិ​អាល់កុល ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បន្ថែម​ទៀត​ថា បន្ទាប់​មក លោក​បណ្ឌិត សុខ ទូច ក៏​បាន​រើ​យក​អីវ៉ាន់​វ៉ា​លី និង​សម្ភារៈ​ចេញពី​ក្នុង​រថយន្ត រួច​ហៅ​ផាស់​អេប​ជិះ​ចេញ​ទៅ​បាត់ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង បន្ទាប់​មក​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​អ្នកបើកបរ​ចូល​មក​ដោះស្រាយ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​អះអាង​បែប​នោះ​មិន​ដូច្នេះ​ទេ មាន​វី​ដេ​អូ​ទី​២​ចេញ​បង្ហាញ​ពី​កាយវិការ​មិន​សមរម្យ​របស់​សមត្ថកិច្ច​ទៅ​វិញ​រហូត​ដល់​មហាជន​កាន់តែ​រិះគន់​ថែម​ទៀត ។

ពាក់ព័ន្ធ​នឹង​រឿង​ផ្លុំ​ម៉ាស៊ីន​វាស់​ជាតិ​អាលកុល​នេះ បើ​តាម​ការ​បញ្ចេញយោបល់​និង​តាម​អ្នក​ដែល​ធ្លាប់​ជួប​បទ​ពិសោធន៍​កន្លង​មក​បាន​លើក​ឡើង​ថា ពួក​គេ​ឧស្សាហ៍​ជួប​បែប​នេះ ។ នៅ​ពេល​ដែល​ពួក​គេ​មិន​បាន​ទទួល​គ្រឿង​ស្រវឹង ពេល​ជួប​សមត្ថកិច្ច​ឲ្យ​ផ្លុំ​ពួក​គេ​ក៏​ផ្លុំ​ច្រើន​ដង​បែប​នេះ តែ​មិន​ចេញ ហើយ​សមត្ថកិច្ច​នៅ​តែ​ទាមទារ​ថា ផ្លុំ​មិន​ត្រូវ​បច្ចេកទេស ហើយ​ទុក​ពួក​គេ​ឲ្យ​នៅ​មួយ​ដុំ ដល់​តែ​យូ​បានអោយ​ពួក​គេ​ទៅ ។ ពួក​គេ​ក៏​បាន​លើក​ឡើង និង​ត្អូញត្អែ​ថា ពាក្យ​សម្តី​និង​កាយវិការ​របស់​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​នេះ គឺ​មិន​សមជា​សមត្ថកិច្ច​ដែល​បម្រើ​រាស្ត្រ​នោះ​ទេ ។

ផ្អែក​តាម​រូបភាព និង​ការ​បញ្ចេញយោបល់​ជុំវិញ​បាតុភាព​នេះ ភាគច្រើន​ពួក​គេ​មិន​បាន​វាយតម្លៃ​ខ្លាំង​លើ​សកម្មភាព​លោក​បណ្ឌិត​ពេល​ច្រឡោត​នោះ​ទេ ។ ហើយ​ក្រុម​បណ្ឌិត និង​សាធារណៈជន​ខ្លះ​បាន​លើក​ឡើង​ធ្ងន់​ៗ​ថា សកម្មភាព​របស់​សមត្ថកិច្ច​ជា​ដំបៅ​នៅ​ក្នុង​សង្គម​មួយ​ដែល​ទាមទារ​ការ​ព្យាបាល ។

សរុប​មក​វិញ​សង្ឃឹមថា មជ្ឈដ្ឋាន​ទាំង​ពីរ​នឹង​អាច​សម្របសម្រួល​គ្នា​លើ​បញ្ហា​នេះ ។ ប្រសិនបើ​មជ្ឈដ្ឋាន​ទាំង​ពីរ​នៅ​បន្ត​វែកញែក​គ្នា​បន្ត​ទៀត គឺ​វា​អាច​ហែក​ស្ថានការណ៍​ទៅ​អ្វីមួយ​ផ្សេង ហើយ​អ្នក​ខាតបង់ គឺ​ជាតិ​នេះឯង ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​សម្របសម្រួល​នេះ សមត្ថកិច្ច​នៅ​ពេល​ដែល​ចុះ​អនុវត្ត​ច្បាប់​ជាមួយនឹង​ពលរដ្ឋ​ក៏​គួរតែ​ពង្រឹង​បែបបទ​នៃ​ការ​ធ្វើការ ជា​ពិសេស គឺ​កាយវិការ និង​ពាក្យ​សម្តី​ឡើង​វិញ ។

ប្រជាពលរដ្ឋ​នៅ​មុន​ពេល​រក​ឃើញ​ទោស​កំហុស ពួក​គេ​មិនមែន​ជា​អ្នកទោស​ទេ ។ ពួក​គេ គឺជា​ចៅហ្វាយនាយ ដូច្នេះ​សម្តីសំដៅ​គួរ​ឲ្យ​សមរម្យ ហើយ​ទោះបីជា​ពួក​គេ​អ្នកទោស​ក៏​ពួក​គេ​មានច្បាប់​ទម្លាប់​ការពារ​ពួក​គេ​ដែរ ។ ពាក់ព័ន្ធ​នឹង​រឿង​ពិនិត្យ​ជាតិ​អាកុល​នេះ បើ​ផ្លុំ​ឧបករណ៍​វាស់​នោះ​លទ្ធផល​អវិជ្ជមាន​ហើយ អោយ​ពលរដ្ឋ​ទៅ​ៗ​កុំ​ទុក​គេ ។ ប៉ុន្តែ​បើ​គេ​ពិតជា​មាន​ជាតិ​អាកុល​នឹង​ហើយ​ត្រូវ​អនុវត្ត​ច្បាប់ និង​ពិន័យ​ទោសទណ្ឌ​តាម​ច្បាប់​ចុះ ប៉ុន្តែ​កុំ​លើស និង​ត្រីងៀត​ឆ្លៀត​ពង ។ សង្គម​បើ​គ្រប់​គ្នា​អនុវត្ត​តែ​តាម​ច្បាប់ ហើយ​យក​ច្បាប់​ជា​ធំ​សង្គម​មិន​ច្របូកច្របល់​ឡើយ ។ ចំណែក​ប្រជាជន​កម្ពុជា​ទាំងអស់​ក៏​ត្រូវ​តែ​បង្កើន​ការ​គោរព​ច្បាប់​អោយ​បាន​គ្រប់​ៗ​គ្នា ។ ពលរដ្ឋ​ល្អ ប្រទេស​ជាតិ​ល្អ ។

ទន្ទឹម​នោះ យើង​គ្រប់​គ្នា​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​តាម​ផ្លូវច្បាប់ ហើយ​កុំ​យក​បណ្តាញ​សង្គម​ធ្វើ​ជា​កន្លែង​ជះ​កំហឹង​ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​ធ្ងន់​ជាង​អ្វី​ដែល​យើង​ធ្លាប់​គិត ។ ដូច​ជា ក្នុង​ករណី​រឿង​លោក បណ្ឌិត សុខ ទូច និង​ប៉ូលិស​ជាដើម វា​បាន​ធ្វើ​អោយ​ផ្អើល​ពេញ​មួយ​ប្រទេស ខណ​:​រឿង​នេះ​មិន​សម​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះ​ឡើយ បើសិនជា​ទាំង​លោក​បណ្ឌិត និង​ប៉ូលិស​ចេះ​និយាយ​គ្នា​ចេះ​យោគយល់​គ្នា ហើយ​ចេះ​ដោះស្រាយ​តាម​សន្តិវិធី និង​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ