ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រភ្ញាក់ខ្លាំង! ពេលឃើញយន្តហោះប្រណីត Ronaldo ចុះចតយូរថ្ងៃនៅទីក្រុងមេនឆេស្ទ័រ

1 ថ្ងៃ មុន

ចក្រភពអង់គ្លេស ៖ កាលពីថ្មីៗនេះ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញវត្តមានយន្តហោះឯកប្រណីតរបស់កីឡាករ Cristiano Ronaldo…

ចក្រភពអង់គ្លេស ៖ កាលពីថ្មីៗនេះ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញវត្តមានយន្តហោះឯកប្រណីតរបស់កីឡាករ Cristiano Ronaldo ចុះចតនៅក្នុងអាកាសយានដ្ឋានទីក្រុងមេនឆេស្ទ័រ។ ទោះយ៉ាងណាក៏ដោយ បើតាមការចេញផ្សាយពីកាសែត The Sun កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានរាយការណ៍ថា យន្តហោះឯកជនតម្លៃរាប់លានដុល្លារបស់ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់រូបនេះ មិនត្រូវបានអនុញ្ញាឱ្យហោះចេញពីព្រលានយន្តហោះឡើយ បន្ទាប់ពីរកឃើញមានបញ្ហាបច្ចេកទេស។

យន្តហោះឯកជនដ៏ប្រណីត Bombardier Global Express 6500 តម្លៃប្រមាណ ៧៧លានដុល្លារអាមេរិករបស់ Ronaldo បានចុះចតនៅអាកាសយានដ្ឋានទីក្រុងមេនឆេស្ទ័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន បង្កជាមន្ទិលសម្រាប់អ្នកគាំទ្រក្រុម Man United បង្កើតជាពាក្យចចាមអារ៉ាមថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត វ័យ៤០ឆ្នាំរូបនេះ ពិភាក្សាពីលទ្ធភាពវិលត្រឡប់មកចូលរួមជាមួយ Man United សាជាថ្មី និងជាលើកទី៣របស់ខ្លួន។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ ហេតុផលពីក្រោយការធ្វើដំណើរមកកាន់ទីក្រុងមេនឆេស្ទ័ររបស់ Ronaldo នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែយន្តហោះប្រណីត១គ្រឿងនេះ នឹងមិនចាកចេញពីទឹកដីអង់គ្លេសនៅពេលឆាប់ៗនេះទេ ដោយសារវិស្វករជំនាញបានរកឃើញមានស្នាមប្រេះមួយកន្លែងត្រង់បង្អួច។ ដូច្នេះយន្តហោះនឹងមិនត្រូវអនុញ្ញាតឱ្យចាកចេញពីព្រលានយន្តហោះឡើយ រហូតទាល់តែស្នាមប្រេះត្រូវបានជួសជុលរួច ខណៈបច្ចុប្បន្នវិស្វករកំពុងរង់ចាំគ្រឿងបន្លាស់ជំនួស ដែលកំពុងដឹកជញ្ជូនមកកាន់ទីក្រុងមេនឆេស្ទ័រ។

អ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលយន្តហោះរបស់ Ronaldo ត្រូវបានប្រទះឃើញចតក្បែរយន្តហោះរបស់ក្រុម Manchester City ដែលត្រៀមធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ សម្រាប់ការប្រកួតជើងទីពីរ វគ្គ Play-off ដណ្តើមកៅអីវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ជាមួយនឹងក្រុមស្តេចស Real Madrid នៅយប់នេះ។

គួររលឹកថា Ronaldo បានជះលុយទិញយន្តហោះឯកជនដ៏ប្រណីត១គ្រឿងនេះ កាលពីចុងឆ្នាំ ២០២៤ ដោយវាត្រូវបានរចនាជាមួយល្បឿនលឿនពិសេស និងរត់ចម្ងាយបាន ១៣,៨៩០គីឡូម៉ែត្រ ហើយបច្ចប្បន្នម៉ូដែលនេះ កំពុងស្ថិតក្នុងចំណោមយន្តហោះល្បឿនលឿនបំផុតលើពិភពលោក។ យន្តហោះដ៏ប្រណីតនេះ ទំនើបខ្លាំង ដោយកាប៊ីនមួយមានកន្លែងស្នាក់នៅបីផ្សេងគ្នា និងអាចផ្ទុកអ្នកដំណើរបានដល់១៩នាក់ ជាមួយនឹងលក្ខណៈពិសេសប្លែកពីគេ ដោយតួយន្តហោះធ្វើពីលោហធាតុភ្លឺចាំង រំលេចអក្សរ CR7 រួមជាមួយរូបស្ទីលអបអរគ្រាប់បាល់ «Siuuuu» របស់ខ្សែប្រយុទ្ធឆ្នើម Al Nassr រូបនេះ កាន់តែទាក់ទាញខ្លាំងថែមទៀត។

បើយោងតាមប្រភពពី CNN ដោយដកស្រង់ប្រភពពីទស្សនាវដ្តីអាជីវកម្មកីឡា Sportico ចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ស្ថិតក្នុងវ័យ៤០ឆ្នាំ អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ នៅតែជាអត្តពលិករកចំណូលបានច្រើនជាងគេបំផុតលើពិភពលោក ពោល ២៦០លានដុល្លារអាមេរិក កាលពីឆ្នាំ ២០២៤ និងជាប់តំណែងកំពូលនេះ២ឆ្នាំជាប់គ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ