ទីក្រុងប៊ែឡាំង៖ មិនទាន់បានអីផង គ្រាន់តែក្រុមការងារអាមេរិក និងរុស្ស៊ីជួបគ្នានៅអារ៉ាប៊ីសាអូឌីត ប្រតិកម្មចាប់ផ្ដើមកើតមានជាបណ្ដើរៗ។ ថ្មីៗនេះ អ្នកតំណាងរាស្ត្រអាល្លឺម៉ង់ លោកសឺហ្គេ ឡាហ្គោឌីនស្គី (Sergey Lagodinsky) ដែលជាសមាជិកសភាអឺរ៉ុបផងដែរនោះបានបង្ហោះសារនយោបាយនៅលើបណ្ដាញសង្គមដើម្បីបង្ហាញកង្វល់ និងភាពច្រឡំបល់នៅក្នុងផែនការសន្តិភាពរបស់អាមេរិកដែលចែកចេញជាបីដំណាក់កាល។ លោកចាត់ទុកថាលោកត្រាំកំពុងផ្ដល់កាដូជូនលោកពូទីន។

ការបង្ហោះសារនេះធ្វើឡើងបន្ទាប់ពីពួកអឺរ៉ុបរិះគន់អាមេរិកពីបទរៀបចំកិច្ចជំនួបទ្វេភាគីដោយគ្មានអឺរ៉ុប និងអ៊ុយក្រែនចូលរួម។ អឺរ៉ុបចោទប្រកាន់ថាអាមេរិកបានធីបចោលអ៊ុយក្រែន និងបានធ្វើទៅតាមការចង់បានរបស់លោកពូទីនតាំងពីមុនការចរចាជាផ្លូវការទៅទៀត។ សូម្បីតែលោកត្រាំក៏និយាយកាលពីយប់មិញថាបើអ៊ុយក្រែនកាត់ដីខ្លះទៅឱ្យរុស្ស៊ីប្រហែលជាគ្មានសង្គ្រាមទេ។ អាមេរិកធ្លាប់និយាយថាអ៊ុយក្រែនមិនអាចចូលណាតូ, ដីដែលបាត់បង់ទៅហើយក៏មិនអាចយកមកវិញដែរ។

អង់គ្លេស លីទុយអានី និងអាល្លឺម៉ង់យល់ថាអ៊ុយក្រែនគួរណាស់មានកៅអីអង្គុយនៅក្នុងការចរចា។ អ្នកតំណាងរាស្ត្រអាល្លឺម៉ង់រូបនេះបង្ហោះសារនៅលើបណ្ដាញទ្វីតថឺថាសំណើសន្តិភាពរបស់ត្រាំមានបីដំណាក់កាល ទី១-បង្កើតកិច្ចព្រមព្រៀងនៃបទឈប់បាញ់, ទី២-រៀបចំការបោះឆ្នោតនៅអ៊ុយក្រែន និងទី៣-បង្កើតកិច្ចព្រមព្រៀងសន្តិភាពដើម្បីជាកិច្ចបញ្ចប់។

លោកហ្សេឡិនស្គីសព្វថ្ងៃនេះកាន់អំណាចដោយគ្មានការបោះឆ្នោតទេដោយសារលោកសម្អាងទៅលើប្រទេសជាតិកំពុងកើតមានកលិយុគ និងសង្គ្រាម ដូច្នេះ លោកក៏ប្រកាសដាក់ប្រទេសជាតិនៅក្នុងគ្រាអាសន្ន។ ក្រោយមកលោកពូទីនទាមទារឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត។ លោកថាលោកអាចអង្គុយចរចាគ្នាបានតែជាមួយមេដឹកនាំអ៊ុយក្រែនស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតតែប៉ុណ្ណោះ។ កាលពីយប់មិញ លោកត្រាំក៏ទាមទារឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតផងដែរ។

អ្នកតំណាងរាស្ត្រអាល្លឺម៉ង់ចាត់ទុកផែនការរបស់ត្រាំជាការបំពេញសេចក្ដីប្រាថ្នាគ្រប់យ៉ាងរបស់លោកពូទីន។ ជាពិសេស ការទាមទារឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតជាកាដូដ៏ធំសម្រាប់លោកពូទីន។ ពូទីនស្អប់ហ្សេលីនស្គីដោយសារហ្សេឡិនស្គីទប់ស្កាត់មហិច្ឆតារបស់ពូទីនដែលចង់ដាក់អ៊ុយក្រែនជាចំណុះរបស់ខ្លួន។ ក្រោយពេលចប់សង្គ្រាម លោកពូទីនចង់បានរដ្ឋាភិបាលអ៊ុយក្រែនដែលមានទំនោរទៅខាងរុស្ស៊ី។

អ្នកតំណាងរាស្ត្ររូបនេះយល់ថាការចរចាគ្នានេះបើគិតឱ្យសព្វៗទៅគ្រាន់តែជាការឃុបឃិតចែកផលប្រយោជន៍គ្នារវាងត្រាំ និងពូទីន។ សម្រាប់ត្រាំ បើអ៊ុយក្រែនមានមេដឹកនាំខ្សោយ ស្ដាប់ទៅតាមខ្សែញាក់របស់មហាអំណាច មានន័យថាអាមេរិកអាចបូមយកធនធានធម្មជាតិរបស់អ៊ុយក្រែនដើម្បីជាការសងត្រឡប់នូវអ្វីដែលអាមេរិកផ្ដល់ជាជំនួយរាប់ពាន់លានដុល្លារ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីអ័រអាយអេ (RIA) ចុះផ្សាយថាផែនការសន្តិភាពរបស់ត្រាំទាំងបីដំណាក់កាលនោះជាលទ្ធផលនៃកិច្ចជំនួបទ្វេភាគីរវាងអាមេរិក និងរុស្ស៊ីនៅអារ៉ាប៊ីសាអូឌីត។ ប្រភពខ្លះថាលោកត្រាំកំពុងស្រក់ទឹកមាត់ចង់បានធនធានធម្មជាតិដ៏មហាសាលរបស់អ៊ុយក្រែន ជាពិសេស លោហធាតុកម្ររាប់លានតោននៅក្នុងដី។ លោកត្រាំបានជំរុញឱ្យមានកិច្ចព្រមព្រៀងអាមេរិក-អ៊ុយក្រែនដើម្បីដោះដូរគ្នារវាងជំនួយ និងលោហធាតុកម្រដែលមានតម្លៃ៥០០ពាន់លានដុល្លារ។

បើសិនផែនការរបស់ត្រាំ និងពូទីនអាចសម្រេចទៅបានដោយរលូន និងឈានដល់ការចរចាសន្តិភាព មានន័យថាលោកពូទីនអាចសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់គាត់គ្រប់យ៉ាង។ ទី១- ការគ្រប់គ្រងទឹកដីអ៊ុយក្រែនដោយស្របច្បាប់ដូចជាគ្រីម៉េ, លូហាន, ខឺសុន, ហ្សាប៉ូរីហ្សៀ និងដូញ៉ែត សរុបប្រហែលជាង២០%។ ទី២-ការលុបចោលទណ្ឌកម្មសេដ្ឋកិច្ច និងទី៣-ការរារាំងមិនឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ។ បើដូចអ្នកតំណាងរាស្ត្រអាល្លឺម៉ង់លើកឡើងមែន មានន័យថាការចរចាគ្នាលើកនេះប្រៀបដូចជាការលក់ប្រទេសអ៊ុយក្រែនតែម្ដង៕
ចែករំលែកព័តមាននេះ