រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ នៃអធិកាដ្ឋាននគរបាលខណ្ឌចំការមន បានចុះរៀបចំសណ្ដាប់ធ្នាប់ចំណុចទីតាំងក្លឹបហាត់ប្រាណ ELITE ដែលគ្មានចំណតត្រឹមត្រូវ ចតបំពានផ្លូវសាធារណៈ ។
ការចុះរៀបសណ្តាប់ធ្នាប់នេះ បានធ្វើឡើងនៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្លឹបហាត់ប្រាណ «ELITE» តាមបណ្តោយផ្លូវលេខ៤៧៤ កែងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីកម្លាំងសមត្ថកិច្ច បានអោយដឹងថា លោកវរសេនីយ៍ឯក លី លាងឆេង ប្រធានការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ នៃអធិកាដ្ឋាននគរបាលខណ្ឌចំការមន បានចុះរៀបចំសណ្ដាប់ធ្នាប់ អប់រំ និងធ្វើកិច្ចសន្យា ចំពោះការចតនៅលើផ្លូវលេខ៤៧៤ និងផ្លូវលេខ១០១ ជាពិសេសចំពោះក្លឹបហាត់ប្រាណ ELITE ដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំការមន ។
បើតាមការលើឡើងរបស់ប្រជាពលរដ្ឋ ដែលតែងតែធ្វើដំណើរឆ្លងកាត់តំបន់នោះ បានលើកឡើងថា ទីតាំងក្លឹបហាត់ប្រាណនេះ ពុំមានចំណតត្រឹមត្រូវនោះទេ អ្នកចូលមកហាត់ប្រាណ បានចតទាំងម៉ូតូ ទាំងរថយន្ត បំពានផ្លូវសម្រាប់អ្នកថ្មើរជើង បណ្ដាលឲ្យបាត់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ ។
មន្ត្រីអាជ្ញាធរ បានបញ្ជាក់ថា កម្លាំងសណ្ដាប់ធ្នាប់ បានចុះរៀបចំ ជាប្រចាំតាមគោលដៅផ្សេងៗ ដែលបង្កការកកស្ទះ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ជាពិសេសរំលោភលើផ្លូវសាធារណៈ សម្រាប់អ្នកថ្មើរជើង។ ជាក់ស្ដែងនៅទីតាំងខាងលើនេះ អាជ្ញាធរចុះ ធ្វើកិច្ចសន្យាហើយ ក្នុងករណីនៅតែបំពានទៀត នោះអាជ្ញាធរ នឹងចាត់វិធានការរដ្ឋបាលដោយស្ទួចយកមធ្យោយយានជំនះទាំងនោះ ទៅរក្សាទុក តែម្តង ៕


ចែករំលែកព័តមាននេះ