រាជធានីភ្នំពេញ ៖ នៅទីបំផុត អតីតតារាសម្តែងដ៏សិចស៊ីអ្នកនាង បេនី យ៉ាំង បានបង្ហាញមុខមាត់ពេញលេញរបស់ខ្លួនឡើងវិញហើយ ក្រោយពីនាងទទួលការវះកាត់ច្រមុះមិនទទួលបានជោគជ័យ ដោយតម្រូវឲ្យនាងរស់នៅដោយការពាក់ម៉ាស់ ដើម្បីបិទបាំងពីភ្នែកមហាជនជិត១០ឆ្នាំមកនេះ ។

បេនី យ៉ាំង បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ក្នុងពេលដែលនាងក៏បានថ្លែងការអរគុណទៅកាន់ទស្សនិកជន ជាពិសេស បណ្តាអ្នកគាំទ្ររូបនាងទាំងអស់ ដែលតែងតែលើកទឹកចិត្តនាង និងចង់ឲ្យនាងវិលត្រឡប់មកសារជាថ្មីឡើងវិញ ។

តាមរយៈវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បេនី យ៉ាំង បានលើកឡើងថា ថ្ងៃនេះ ចង់មកអរគុណអ្នកទាំងអស់គ្នាសម្រាប់ការលើកទឹកចិត្ត និងរង់ចាំការវិលត្រឡប់របស់នាង ដែលធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ។

នាងថា ការវះកាត់ច្រមុះលើកទីមួយរបស់នាងនាពេលនេះ គឺមិនទាន់ទទួលបានជោគជ័យ១០០ភាគរយនៅឡើយទេ ដោយនាងត្រូវរងចាំការវះកាត់លើកទី២ទៀត ខណៈពេលដែលការវះកាត់នេះបានជោគជ័យប្រហែល៦០ភាគរយប៉ុណ្ណោះ ។

នាងបញ្ជាក់ថា សម្រាប់ការវះកាត់នេះ គឺនៅមានស្នាមនៅឡើយ ដោយការវះកាត់លើកទី២ទើបអាចជោគជ័យ ហើយនេះ ជាឱកាសមួយដែលនាងរង់ចាំមកជាយូរហើយ ក្នុងពេលដែលនាងមិនចាំបាច់រស់នៅដោយការពាក់ម៉ាស់ទៀតនោះឡើយ ។

ជាការកត់សម្គាល់ តារាស្រីនាង បេនី យ៉ាំង បានបាត់មុខពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំ បន្ទាប់ពីនាងមានគ្រួសារ ប៉ុន្តែជាធម្មតាគេតែងតែឃើញនាងលេចមុខតាមបណ្តាញសង្គមជាបន្តបន្ទាប់ ដោយការពាក់ម៉ាស់ ដោយសារតែនាងបានធ្វើការវះកាត់លើផ្នែកមុខរបស់នាងមួយនេះហើយបន្សល់នូវស្នាកស្នាម ។

តារារូបនេះធ្លាប់បានលេចធ្លោតាមរយៈការសម្តែងក្នុង MV មួយចំនួននៅក្នុងផលិតកម្មសាន់ដេ និងហង្សមាស តែនាងបានដកខ្លួនចេញអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ ស្របពេលដែលនាងជាតារាម្នាក់ដែលបានកែខ្ទង់ច្រមុះខុសបច្ចេកទេសនាំឲ្យច្រមុះរបស់នាងខូចស្ទើរតែទាំងស្រុងនិងតម្រូវពាក់ម៉ាស់ជាប្រចាំតែ ដើម្បីបិទបាំងច្រមុះដែលខូច ដែលគិតមកទល់នាពេលនេះមានរយៈពេលជិត១០ឆ្នាំមកហើយ ៕







ចែករំលែកព័តមាននេះ