ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរដាក់ម៉ាស៊ីនបូមទឹកជួយរំដោះទឹកជំនន់ទឹកភ្លៀងជូនពលរដ្ឋជិត១០០គ្រួសារ និងសាលារៀន១ខ្នងនៅក្រុងប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៦ អាជ្ញាធរ និងក្រុមការងារបានដាក់ម៉ាស៊ីនបូមទឹកជួយរំដោះទឹកជំនន់ទឹកភ្លៀងនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បន្ទាប់ពីប៉ះពាល់ប្រជាពលរដ្ឋជិត១០០គ្រួសារ និងសាលារៀន១ខ្នង ។

លោក ខាត់ ធា ចៅសង្កាត់និមិត្តបានឱ្យដឹងថា ភូមិសុខសាន្តនៅតែបន្តលិចទឹក ទោះបីទឹកជំនន់មុនៗបានស្រកអស់ទៅហើយក្តី ដោយសារទីតាំងភូមិមានកម្រិតទាបជាងប្រព័ន្ធទឹកជុំវិញ និងគ្មានផ្លូវរំដោះទឹក ។ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ អាជ្ញាធរមូលដ្ឋាន (សង្កាត់ និងក្រុង)បានដាក់ម៉ាស៊ីនបូមទឹកចំនួន៨គ្រឿង ដើម្បីរំដោះទឹក និងជួយសម្រួលឱ្យសិស្សានុសិស្សអាចចូលរៀនបានជាធម្មតាវិញ ។

លោកបន្តថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំង៣មេធំៗ បណ្តាលឱ្យលិចជុំវិញសាលារៀន និងធ្វើឱ្យសិស្សពិបាកចេញចូលសិក្សា ។ ក្នុងប្រតិបត្តិការនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយអាជ្ញាធរ ក៏បានប្រើប្រាស់គ្រឿងចក្រ (អ៊ែស្កាវ៉ាទ័រ) ចំនួន១គ្រឿង ជីកទប់ជុំវិញសាលារៀន និងដាក់ម៉ាស៊ីនបូមទឹកបន្ថែមចំនួន៣គ្រឿងផងដែរ ។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន បានបញ្ជាក់ថា ភូមិសុខសាន្តបានជួបការលិចទឹក២លើករួចមកហើយ ៖ លើកទី១៖ ទឹកជំនន់កន្លងមក ដែលត្រូវបានអន្តរាគមន៍រំដោះទឹករួចរាល់ ។ លើកទី២ (បច្ចុប្បន្ន)៖ ភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យលិចជាងពាក់កណ្តាលភូមិ និងសាលារៀន១ខ្នង ។

ក្រុមការងារ និងអាជ្ញាធរកំពុងបន្តបូមទឹកចេញ ព្រមទាំងស្នើឱ្យមន្ទីរជំនាញចុះសិក្សារៀបចំប្រព័ន្ធរំដោះទឹកឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការលិចលង់ដល់ប្រជាពលរដ្ឋនៅឆ្នាំក្រោយៗទៀត ។


ចែករំលែកព័តមាននេះ