ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សំណូមពរពលរដ្ឋបញ្ឈប់ការចាក់ដីលុបប្រឡាយ និងចោលសំណល់បេតុង-សំរាមបិទប្រព័ន្ធរំដោះទឹកនៅសង្កាត់ប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ឱ្យបញ្ឈប់សកម្មភាពចាក់ដីលុបប្រឡាយរំដោះទឹក ព្រមទាំងយកសំណល់បេតុង និងសំរាមទៅចាក់ចោលនៅចិញ្ចើមផ្លូវ ឬបិទប្រព័ន្ធរំដោះទឹក ដែលបណ្តាលឱ្យប៉ះពាល់ និងបង្កជាការលិចលង់ដល់ប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត ។

ឯកឧត្តមបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន (សង្កាត់ និងក្រុង) គ្រឿងចក្រត្រូវបានប្រើប្រាស់ដើម្បីជួសជុល និងសម្រួលផ្លូវចំនួន២ខ្សែឡើងវិញ ស្ថិតនៅសង្កាត់ និងក្រុងប៉ោយប៉ែត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឱ្យទៅរៀនសូត្របានងាយស្រួល៖ ផ្លូវសម្តេចជា ស៊ីម (១ខ្សែ) និងផ្លូវសាន ស៊ានហូ (១ ខ្សែ) ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបន្ថែមថា ផ្លូវទាំង២ខ្សែដែលកំពុងជួសជុល និងសម្រួលឡើងវិញនេះ បានរងការខូចខាតដោយសារទឹកជំនន់ ដោយសារប្រព័ន្ធរំដោះទឹកត្រូវបានចាក់ដីលុប និងមានការយកកាកសំណល់បេតុង និងសំរាមទៅចោល បណ្តាលឱ្យស្ទះមុខទឹក និងលិចលង់ ។ ដូច្នេះ ឯកឧត្តមស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការទាំងអស់គ្នា ដើម្បីជាប្រយោជន៍
រួម ។








ចែករំលែកព័តមាននេះ