ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ​ផ្តល់​ជំនួយ​ឡើង​វិញ ឲ្យ​ស៊ី​ម៉ាក់បន្ត​បោសសម្អាត​គ្រាប់​មីន នៅ​កម្ពុជា

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាម​រយៈ​អង្គការ​ដៃគូ សហការ​ជាមួយ​អង្គភាព​ស៊ី​ម៉ាក់ បាន​សម្រេច​ផ្តល់​ជំនួយ​ឡើង​វិញ សម្រាប់​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម នៅ​កម្ពុជា នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក…

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាម​រយៈ​អង្គការ​ដៃគូ សហការ​ជាមួយ​អង្គភាព​ស៊ី​ម៉ាក់ បាន​សម្រេច​ផ្តល់​ជំនួយ​ឡើង​វិញ សម្រាប់​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម នៅ​កម្ពុជា នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ។

យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា CMAC បាន​ជូនដំណឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ (​ត្រូវ​នឹង​ថ្ងៃ​ទី​១៩ នៅ​សហរដ្ឋអាមេរិក​) អង្គភាព​ស៊ី​ម៉ាក់ បាន​ទទួល​ព័ត៌មាន​ពី​អង្គការ ដែល​ទទួល​ជំនួយ ពី​សហរដ្ឋអាមេរិក ដែល​ជា​អង្គការ​ដៃគូ សហការ​ជាមួយ​អង្គភាព​ស៊ី​ម៉ាក់​នោះ បាន​បញ្ជាក់​ថា បាន​ទទួល​ការ​លើកលែង (waver) ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ឱ្យ​បើក និង​បន្ត​កិច្ច​សហប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ឡើង​វិញ តាម​កិច្ចសន្យា ដែល​មាន​ស្រាប់ ។

ជាមួយ​គ្នា​នោះ​ដែរ លោក ហេង រតនា ក្នុង​នាម​ថ្នាកដឹកនាំ និង​មន្ត្រី​បុគ្គលិក​អង្គភាព​ស៊ី​ម៉ាក់ សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ដែល​បាន​ជួយ​គាំទ្រ​អំពាវនាវ ដល់​រដ្ឋាភិបាល​អា​មេ​រិ​ក ។

លោក​បន្ថែម​ថា ទន្ទឹម​នឹង​នេះ ក៏​សូម​អរគុណ​អង្គការ​ដៃគូ​អភិវឌ្ឍន៍ មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា និង​មន្ត្រី​គម្រោង នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក ដែល​បាន​ខ្នះខ្នែង ជួយ​ជ្រំ​ជ្រែង ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ឱ្យ​លើកលែង ចំពោះ​គម្រោង​សកម្មភាព​មីន​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​អរគុណ​រដ្ឋាភិបាល​អា​មេ​រិ​ក ដែល​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​ផ្តល់​ជំនួយ​ឡើង​វិញ សម្រាប់​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​បញ្ចា​ក់តាម​រយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ ថា ប្រតិបត្តិ​ករ​ដោះ​មីន​ទាំងអស់ ដែល​អនុវត្ត​គម្រោង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បន្ត​ដំណើរការ​សកម្មភាព​របស់​ខ្លួន ស្រប​តាម​គោលដៅ និង​ផែនការ ដែល​បាន​គ្រោងទុក ដែល​អាជ្ញាធរ​មីន ប្រគល់​ជូន​សម្រាប់ ឆ្នាំ​២០២៥​នេះ ។

អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​សម្តែង នូវ​ការ​អបអរសាទរ និង​រីករាយ​ចំពោះ​ព័ត៌មាន​វិជ្ជមាន ទទួល​បាន​ពី​រដ្ឋាភិបាល នៃ​សហរដ្ឋអាមេរិក តាម​រយៈ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ផ្តល់​ជូន​ទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាង​នេះ​ទៅ​ទៀត ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ចំពោះ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពាក់ព័ន្ធ​នឹង​ជំនួយ​របស់​អា​មេ​រិ​ក និង​សូម​ថ្លែងអំណរគុណ​ដល់​គ្រប់​ប្រតិបត្តិ​ករ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​គាំទ្រ​ដល់​អនុសាសន៍​របស់​សម្តេច​ធិ​បតី ក្នុង​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម តាម​ផែនការ​របស់​អាជ្ញាធរ​មីន បាន​ដាក់​ចេញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ