ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញដីកាប្រកាសស្តីពីការបដិសេធ និងដកហូតដីព្រៃឈើ ក្នុងដែនឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាងមករក្សាជាសម្បត្តិរដ្ឋវិញ ក្រោយក្រុមមន្ត្រីជំនាញសិក្សាស្រាវជ្រាវរកឃើញពីការកាប់រុករានទន្ទ្រានដោយខុសច្បាប់ ដែលត្រូវបានជនខិលខូចកាលពីកន្លងមក ។

ដីកាប្រកាសនេះ រដ្ឋបាលខេត្តស្ទឹងត្រែងចេញនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមដីកាលេខ០០៨/២៥ដកស្តីពីការបដិសេធ និងដកហូតដីព្រៃឈើក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាងស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ដោយប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងចំនួន២កន្លែង ដែលមានផ្ទៃដីសរុប១១៩២៤ហិកតា និងដំណាំនៅលើផ្ទៃដីខាងលើទាំងអស់ ក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំតាឡាន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

រដ្ឋបាលខេត្តក៏បានបញ្ជាក់យ៉ាងច្បាស់ថា ទុករយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ សម្រាប់ទុកសិទ្ធដើម្បីធ្វើការតវ៉ា ។ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មាននៅថ្ងៃទី២១ កុម្ភៈ ២០២៥ នេះថា បើយោងតាមអនុក្រឹតលេខ១៨៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ផ្ទៃដីសរុបតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង មាន២៨០៣៥៩ហិកតា ដែលជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ។

ចំពោះផ្ទៃដីទាំងអស់នៃតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង គឺបានមកពីការបូកបញ្ចូលគ្នានៃតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាងចាស់៥៧៤.៦៩ហិកតា និងតំបន់ផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន២២២៨៩០ហិកតា ៕





ចែករំលែកព័តមាននេះ