រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកកែវជ័រមួយកន្លែង ត្រូវបានអគ្គិឆាបឆេះសន្ធោសន្ធៅអស់ទាំងស្រុង ដែលតាមសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ហើយពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួស ឬឆេះឆ្លងដល់ផ្ទះសម្បែង ដែលស្ថិតនៅជិតនោះឡើយ ។
គ្រោះអគ្គិភ័យខាងលើនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ឃ្លាំងស្តុកកែវជ័រនោះមានទីតាំងស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមផេកការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ឃ្លាំងដែលរងការឆាបឆេះនោះជាប្រភេទសំណង់ដែកប្រកស័ង្កសី ទំហំ ១០ម៉ែត្រx២០ម៉ែត្រ ។ អគារឃ្លាំងនេះទាំងមូលរួមនិងសម្ភារៈផ្សេងៗទៀត នៅក្នុងនោះមានដូចជា ម៉ូតូ០១គ្រឿង រ៉ឺម៉កចំនួន០២គ្រឿង ព្រមទាំងគ្រឿងជ័រនិងកែវជ័រ នៅក្នុងឃ្លាំងត្រូវភ្លើងឆេះអស់ទាំងស្រុង ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ដោយឡែកម្ចាស់ឃ្លាំងឈ្មោះទន់ ផល្លា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មិនបានរងរបួសឡើយ ហើយកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា ការឆាបឆេះនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ហើយក្រោយទទួលបានព័ត៌មាននោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ។
ប្រភពខាងលើបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការពន្លត់ភ្លើងនោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើនឹង៦០ម៉ែត្រគូប, រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង១២ម៉ែត្រគូប ហើយពន្លត់រលត់ទាំងស្រុងនៅម៉ោង២៖០០នាទីយប់រំលងអាធ្រាតឈានថ្ងៃទី១៧ ខែឆ្នាំដដែល ៕















ចែករំលែកព័តមាននេះ