រាជធានីភ្នំពេញ ៖ ឯកសារសរុបចំនួន៣៧ ទាក់ទងការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ជាដើម បានចុះហត្ថលេខានៅក្នុងទស្សនកិច្ចរបស់លោក ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីផ្លាស់ប្តូរឯកសារ ពាក់ព័ន្ធវិស័យមួយចំនួន រួមមាន ៖ ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុបចំនួន ៣៧ ឯកសារ ។
ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ មេសា នឹងធ្វើអោយការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានសន្ទុះកាន់តែខ្លាំងថែមទៀត ។
នៅក្នុងអត្ថបទមួយរបស់លោកប្រធានាធិបតី ស៊ី ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក ស៊ី បានបង្ហាញពីការតាំងចិត្ត ដើម្បីជំរុញការអភិវឌ្ឍន៍ននៅកម្ពុជា ដើម្បីជួយដល់ទំនើបកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា ។
លោក ស៊ី បានចូលគាល់ព្រះមហាក្សត្រ ជួបជាមួយសម្តេចតេជោ និងមានកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីបានចូលគាល់ព្រះមហាក្សត្រ ។
ប្រទេសទាំងពីរបញ្ជាក់ជាថ្មី អំពីទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ ។
គេរំពឹងថា ទស្សនកិច្ចរបស់លោក ស៊ី នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងលើទិដ្ឋភាព នយោបាយ សន្តិសុខ និងសេដ្ឋកិច្ចពិសេសការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ៕



























ចែករំលែកព័តមាននេះ