រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីសRX330មួយគ្រឿង ជិះជាលក្ខណៈគ្រួសារ បានបើកធ្លាក់ពីលើស្ពាន បណ្ដាលឲ្យរថយន្តក្រឡាប់ និងធ្វើអោយមានមនុស្ស ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលចំនួន៤នាក់ នៅវេលាម៉ោង១១និង៣០យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ចំនុចស្ពានបាក់ ផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តមួយគ្រឿងខាងលើម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AU- 8503 បើកបរដោយឈ្មោះ លី ឡាំ ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលជាតិ មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត) ។
ចំណែកអ្នករួមដំណើរទាំង៤នាក់ រួមមាន ១-ឈ្មោះ ឈុន ហ្គួចទៀង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត) ២-ឈ្មោះ លី ហ្គួចជូ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (ស្លាប់នៅកន្លែងកន្លែងកើតហេតុ) ។
៣-ឈ្មោះ លី ជីងជីង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា) និង៤-ឈ្មោះ លី សុប៉ុង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា)
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយម៉ាកលុចស៊ីសRX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AU 8503 ជិះជា លក្ខណៈគ្រួសារគ្នា៥នាក់ ប្តីប្រពន្ធនិងកូនប្រុសស្រី៣នាក់ ដោយបុរសជាឪពុកដែលគេស្គាល់ថាជាមន្ត្រីនគរបាលមួយរូបផងនោះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុ ដោយគេសង្ស័យថាអ្នកបើកងងុយដេកងោកមួយភាំង ធ្វើអោយរថយន្តរេចង្កូតធ្លាក់ពីលើផ្លូវ ចូលចំហៀងស្ពានបណ្តាលឲ្យដាំក្បាលក្រឡាប់ធ្លាក់ចូលប្រឡាយក្រោមស្ពាន ដែលអត់មានទឹក រងការខូចខាតរថយន្តយ៉ាងដំណំ ព្រមទាំងធ្វើអោយខ្ទាតមនុស្សចេញពីរថយន្ដយ៉ាងរប៉ាត់រប៉ាយធ្វើឲ្យក្មេងស្រីម្នាក់ ត្រូវជាកូនទី២វ័យប្រហែល១០ឆ្នាំ ស្លាប់នៅក្រោមស្ពានយ៉ាងអាណោចអាធ័ម ។
ចំណែកឪពុកម្ដាយនិងកូនប្រុសស្រី សរុប៤នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានដឹកតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោយកទៅសង្គ្រោះផងដែរ ។
បន្តិចក្រោយមកក៍មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៍ជាជំនាញចរាចរណ៍ខណ្ឌ បានចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំពីដំណើររឿង ក៍ដូចជាទាក់ទងសាច់ញាតិនៃជនរងគ្រោះអោយមកកន្លែងកើតហេតុផងដែរ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចក៍ប្រគល់អោយសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តម៉ាកឡិចស៊ីសមួយគ្រឿងខាងលើ ត្រូវសមត្ថកិច្ចប្រគល់អោយចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុក រង់ចាំប្រគល់អោយជនរងគ្រោះវិញ ៕












ចែករំលែកព័តមាននេះ