រាជធានីភ្នំពេញ ៖ ជនសង្ស័យជាជនជាតិវៀតណាម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលខណ្ឌបឹងកេងកងនិងខណ្ឌមានជ័យស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់ស្ត្រីជនជាតិវៀតណាមដូចគ្នាបង្ខាំងទុកជំរិតទារប្រាក់។
តាមនគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១និង៤៥នាទី មានករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចេញពីចំណុចសណ្ឋាគារ PTH អគារលេខ២២D ផ្លូវ៣៦៨ ភូមិ៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទៅលើជនរងគ្រោះឈ្មោះ DANG THI THUY TRANG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។
តាមនគរបាលបានឲ្យដឹងទៀតថាក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ តាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងបង្ខាំងខាងលើ។
លុះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ HUA VAN BAO ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម នៅចំណុច ខុនដូ URBAN VILLAGE ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង អនុវត្តនីតិវិធីបន្ត៕





ចែករំលែកព័តមាននេះ