ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ថា រាំ​ឌឺ ព្រួត​វាយ​របួស​៣​នាក់​(​កីឡាករ​ប្រដាល់​ម្នាក់​) ជន​ដៃដល់​ម្នាក់ ត្រូវ​នគរបាល​ចាប់ខ្លួន ខណៈ​៣​នាក់​ទៀត កំពុង​រត់គេច

1 ថ្ងៃ មុន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​អតីត​ជា​មុខសញ្ញា​ចោរកម្ម​ម្នាក់ ដែល​កន្លង​មក​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​៤​ឆ្នាំ​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ជា​ថ្មី​ទៀត កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​។ ចំណែក​បក្ខពួក​៣​នាក់​ទៀត…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​អតីត​ជា​មុខសញ្ញា​ចោរកម្ម​ម្នាក់ ដែល​កន្លង​មក​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​៤​ឆ្នាំ​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ជា​ថ្មី​ទៀត កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​។ ចំណែក​បក្ខពួក​៣​នាក់​ទៀត កំពុង​រត់គេច​ខ្លួន ក្រោយ​ពី​ក្រុម​នេះ បាន​ធ្វើ​សកម្មភាព​ព្រួត​វាយ​ទៅ​លើ​យុវជន​៣​នាក់​ទៀត នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង ដោយ​ចោទប្រកាន់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ ថា បាន​រាំ​ឌឺ​ដាក់​ក្រុម​ខ្លួន បណ្ដាល​ឲ្យ​ជន​រង​គ្រោះ ៣​នាក់​ខាងលើ ក្នុង​ចំណោម​នោះ មាន​អ្នក​ប្រដាល់​ម្នាក់​ផង​ដែរ រង​របួស​យ៉ាងដំណំ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ ស៊ឹ​ម វ៉ៃ​យុក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ដកណ្ដាល​។ ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ដកណ្ដាល​១​លើក ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស រយៈពេល​៤​ឆ្នាំ និង​៦​ខែ នៅ​ក្នុង​ឆ្នាំ​២០២០ ដល់ ឆ្នាំ​២០២៤​ទើប​ចេញ ។

ដោយឡែក​បក្ខពួក​៣​នាក់​ទៀត កំពុង​គេចខ្លួន រួម​មាន ៖
១-​ឈ្មោះ វ៉ា​ន់ គឹ​មសិ​ញ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ។
២-​ឈ្មោះ វ៉ា​ន់ គឹ​ម​ស៊ឺ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ។
៣-​មិន​ស្គាល់ឈ្មោះ (​ហៅ​ក្រៅ អា​យួន​) ភេទ​ប្រុស អាយុ​ប្រហែល​២៣​ឆ្នាំ មិន​ស្គាល់​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ ។

នគរបាល ដកហូត​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ផលិត​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​កណ្ដាល 1AC-6106 ។ និង​ទូរ​សព្ទ ១​គ្រឿង ម៉ាក​iPhone11 ពណ៌​ក្រហម ។

ចំណែក​ជន​រង​គ្រោះ​ចំនួន​៣​នាក់ រួម​មាន ៖
ទី​១-​ឈ្មោះ ល.ស.​​ល ហៅ​ឡាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជា​កីឡាករ​ប្រដាល់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល របួស​បែកក្បាល បែក​បបូរមាត់ និង​បាក់​ធ្មេញ ។
ទី​២-​ឈ្មោះ អ.វ​.ណ​.ឈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល របួស​ពក​ក្បាល ជាំភ្នែក​ខាងស្តាំ និង​ហើម​ថ្គាម ។
ទី​៣-​ឈ្មោះ ក.ថ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ របួស​បែកក្បាល និង​ហើម​មាត់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍ វាយតប់​គ្នា​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ក្នុង ហាង​THE FOREST ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ដោយនៅ​មុន​ពេល​កើតហេតុ ក្រុម​ជន​រង​គ្រោះ និង​មិត្ត​ស្រី ចំនួន​ពីរ​នាក់​ទៀត បាន​ចូល​ផឹកស្រា​បៀរ នៅ​ក្នុង​ហាង​ខាងលើ ហើយ​ក្រោយ​ពេល​ផឹក​ស្រវឹង ក្រុម​ជន​រង​គ្រោះ បាន​នាំ​គ្នា​រាំ​លេង​នៅ​នឹង​តុ​ផឹកស៊ី ចំណែក​ភ្ញៀវ​ដទៃ​ទៀត ក៏​នាំ​គ្នា​រាំ​ដែរ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​បន្ត​ថា រហូត​ដល់​ពេល​កើតហេតុ ខណៈ​ជន​រង​គ្រោះ កំពុង​តែ​រាំ​លេង ស្រាប់តែ​ក្រុម​ជនសង្ស័យ មាន​គ្នា​៤​នាក់ ដែល​អង្គុយ​ផឹង​នៅ​តុ​ក្បែរ​គ្នា​នោះ បាន​ដើរទៅ​រករឿង ប្រុង​វាយ​ជន​រង​គ្រោះ ប៉ុន្តែ​ពេល​នោះ ដោយ​មាន​អ្នក​ឃាត់ ទើប​ក្រុម​ជនសង្ស័យ​នោះ មិន​បាន​វាយ​ជន​រង​គ្រោះ​ឡើយ ។ បន្ទាប់​មក ដោយ​ខ្លាច​មានរឿង​បន្ត​ទៀត ទើប​ក្រុម​ជន​រង​គ្រោះ នាំ​គ្នា​ហៅ​អ្នកលក់​ឲ្យ​គិតលុយ ហើយ​បាន​ដើរ​ចេញ​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​នៅ​ពេល​ដើរ​ដល់​មុខ​ហាង ស្រាប់តែ​ក្រុម​ជនសង្ស័យ ទាំង​៤​នាក់​នោះ បាន​ចេញ​តាម​ក្រោយ រួច​ក៏​បាន​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​មាន​របួស​បែកក្បាល ហើម​ភ្នែក ហើម​ក្បាល ហើម​ខ្លួន និង​ដៃជើង ហើម​មាត់ គ្រប់​គ្នា​តែ​ម្ដង ។

ប្រភព​ខាងលើ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ក្រោយ​ពី​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់ បន្ទាប់​មក​ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លំហាច ហើយ​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​ខាងលើ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​ស្រុក ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ។ ខណៈនោះ ដោយសារ​តែ​ជន​រង​គ្រោះ មាន​របួស​ផង និង​ស្រវឹងស្រា​ផង បាន​នាំ​គ្នា​ទៅ​មន្ទីរពេទ្យ ព្យាបាល​របួស​ទាំង​យប់ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​៨​ព្រឹក ទើប​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​លំហាច ។

ប្រភព​មួយ​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ក្រោយ​ពី​ការ​ស្រាវជ្រាវ នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​១៩​និង​១០​នាទី ទើប​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​លំហាច កម្លាំង​នគរបាល​ប៉ុស្ដិ៍​ពើក និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រៃ​ពួច ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម វ៉ៃ​យុក បាន​ម្នាក់​រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ ។ នៅ​ចំពោះ​មុខ​នគរបាល ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្ខពួក ៣​នាក់​ទៀត ដូច​មានឈ្មោះ​ខាងលើ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ភាគី​ជន​រង​គ្រោះ​មែន ដោយសារ​ភាគី​ជន​រង​គ្រោះ​បាន​រាំ​ឌឺ ដាក់​មក​ពួក​ខ្លួន​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ