រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានកាសែតក្នុងស្រុកថៃ បានផ្សព្វផ្សាយថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទូរសព្ទទៅរដ្ឋមន្ត្រីការពារជាតិថៃ ដោយសូមទោស ចំពោះបញ្ហា ដែលកើតឡើងនៅតំបន់ប្រាសាទតាមន្តធំ (ប្រាសាទតាមាន់) រួចមក នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចេញមកបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានទូរសព្ទទៅសុំទោសពាក់ព័ន្ធនឹងរឿងរ៉ាវ ដែលបានកើតឡើងនៅប្រាសាទតាមន្តធំ ដូចដែលសារព័ត៌មាននៅប្រទេសថៃមួយចំនួន បានផ្សាយនោះទេ ។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ខ្លួន ដែលថា «នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោស បន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុម បានបង្កភាពតានតឹងដោយការច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទថៃ ក្បែរព្រំដែន» ។
លោករដ្ឋមន្ត្រីការពារជាតិថៃ បាននិយាយថា ៖ «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុស នូវសេចក្តីថ្លែងការណ៍របស់លោក អំពីការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ» ។
លោកបន្តថា ៖ «របាយការណ៍មួយចំនួនបានលើកឡើងមិនត្រឹមត្រូវ ថា ខ្ញុំបាននិយាយថា ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជា និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតេទូរសព្ទមកខ្ញុំ ដើម្បីសូមទោស។ បញ្ហានេះ បានបង្កបញ្ហាដល់ភាគីកម្ពុជា ដោយសារគាត់មិនបានធ្វើបែបនេះ។ ព័ត៌មានត្រូវតែផ្អែកលើការពិត» ។
សូមបញ្ជាក់ថា ករណីនៅប្រាសាទតាមាន់ធំ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពលរដ្ឋខ្មែរមួយក្រុម បានឡើងទៅទស្សនានៅប្រាសាទតាមន្តធំ និងបានច្រៀងបទពង្សាវតារខ្មែរ ហើយក៏ត្រូវទាហានថៃ ដែលប្រចាំការនៅទីនោះ ចេញមកហាមឃាត់ មិនឲ្យច្រៀងបទនេះ។ បញ្ហានេះ ក៏ត្រូវបានសម្របសម្រួលរវាងភាគីទាំងសង្ខាង ហើយសភាពការណ៍ ក៏បានវិលមករកប្រក្រតីវិញផងដែរ ៕

ចែករំលែកព័តមាននេះ