ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូងខ្ចី ដែល​ជា​ផលិតផល​មួយ​ដែល​ទំនងជា​លំបាក​នៅ​ក្នុង​ការ​វេច​ខ្ចប់ ដើម្បី​នាំ​ចេញ ប៉ុន្តែ​ថ្មី​ៗ​នេះ​វា​បាន​ក្លាយទៅជា​ផលិតផល​មួយ ដែល​ប្រទេស​នៅ​ក្នុង​តំបន់ រួម​ទាំង​កម្ពុជា​ផង​ដែរ​បាន​កំពុង​តែ​ខិតខំ​ជំរុញ​ការ​នាំ​ចេញ ។ ចាប់តាំងពី​ខែមេសា ឆ្នាំ​២០២៤​មក​កម្ពុជា​បាន​ទទួល​ភ្លើង​ខៀវ ឲ្យ​នាំ​ចេញ​ជា​ផ្លូវការ​នូវ​ដូងខ្ចី​ស្រស់​រួច​ហើយ…

ដូងខ្ចី ដែល​ជា​ផលិតផល​មួយ​ដែល​ទំនងជា​លំបាក​នៅ​ក្នុង​ការ​វេច​ខ្ចប់ ដើម្បី​នាំ​ចេញ ប៉ុន្តែ​ថ្មី​ៗ​នេះ​វា​បាន​ក្លាយទៅជា​ផលិតផល​មួយ ដែល​ប្រទេស​នៅ​ក្នុង​តំបន់ រួម​ទាំង​កម្ពុជា​ផង​ដែរ​បាន​កំពុង​តែ​ខិតខំ​ជំរុញ​ការ​នាំ​ចេញ ។

ចាប់តាំងពី​ខែមេសា ឆ្នាំ​២០២៤​មក​កម្ពុជា​បាន​ទទួល​ភ្លើង​ខៀវ ឲ្យ​នាំ​ចេញ​ជា​ផ្លូវការ​នូវ​ដូងខ្ចី​ស្រស់​រួច​ហើយ ដោយ​ពិធី​សម្ភោ​ធ​ការ​នាំ​ចេញ​ដូង​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្វើ​ឡើង នៅ​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​មួយ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ។

កិច្ច​ខិតខំ​បើក​ទីផ្សារ​ដូង​នៅ​ចិន​នេះ គឺ​កម្ពុជា​បាន​ទទួល​ភ្លើង​ខៀវ​ពី​ទីផ្សារ​ចិន សម្រាប់​ចម្ការ​ដូង ប្រមាណ​ជា​១៣ និង​រោងចក្រ​កែ​ច្នៃ​ចំនួន​៥ ខណៈ​ដែល​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​បង្ហាញ​ថា កម្ពុជា​បាន​ដាំដូង​លើ​ផ្ទៃដី​សរុប​ជិត​២​ម៉ឺន​ហិ​កតា ក្នុង​នោះ​ដូង​នៅ​លើ​ផ្ទៃដី​ជាង​១៤.០០០ ហិ​កតា ឬ​៧១ ភាគរយ​កំពុង​ប្រមូល​ផល ។

នេះ គឺជា​ការ​ខិតខំ​របស់​កម្ពុជា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​តារាង​ទំនិញ​នាំ​ចេញ កាលពី​ឆ្នាំ​២០២៤ នៅ​មិន​ទាន់​ឃើញ​កត់ត្រា​ការ​នាំ​ចេញ​ដំណាំ​នេះ​នៅឡើយ ខណៈ​ដែល​វៀតណាម និង​ថៃ ដែល​ជា​ប្រទេស​មានបទពិសោធន៍​ក្រាស់ក្រែល​រឿង​ធ្វើ​ពាណិជ្ជកម្ម​លើ​ដំណាំ​កសិកម្ម​កំពុង​តែ​ប្រជែង​គ្នា​ដណ្តើម​ទីផ្សារ​ដូង ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​បាន​លើក​ឡើង​ថា ជា​ធម្មតា​ទេ យើង​នៅ​ថ្មី ដំណើរការ​វា​អាច​រអាក់រអួល​ខ្លះ ប៉ុន្តែ​សំខាន់​ក្រោយ​ពេល​ដែល​យើង​នាំ​ចេញ​ទៅ​ហើយ គឺ​ធានា​និរន្តរភាព ជាមួយនឹង​កំណើន​ជា​ជំ​ហ៊ាន​ៗ និង​មាន​និរន្ត​ភាព ។ លោក​បាន​អះអាង​ថា «​ទីផ្សារ​ដូង​ពី​មុន គឺ​មាន​តែ​ទឹកដូង​កំប៉ុង និង​ខ្ទិះ​កំប៉ុង ប៉ុន្តែ​ឥឡូវ គឺ​ដូងខ្ចី​ស្រស់​តែ​ម្តង ដូច្នេះ​វា គឺជា​ក្តី​សង្ឃឹម​របស់​យើង ។ មិនបាច់​លឿន​ទេ តែ​យើង​ទៅ​មុខ​សន្សឹម​ៗ​ហើយ​រឹង​មាំ​ក៏​ប្រសើរ​ពីព្រោះ​វា​ក៏​ជា​ផលិតផល​មាន​តម្រូវការ​ខ្ពស់​ដែរ នៅ​ក្នុង​ទីផ្សារ​នៅ​ក្នុងស្រុក »​។

មក​ដល់​ពេល​នេះ ចម្ការ​ដូង​ដែល​គេ​បាន​ដាំ​ជា​ប្រពៃណី និង​មាន​រស់ជាតិ​ផ្អែម​នៅ​កម្ពុជា គឺ​ភាគច្រើន​នៅ​ភាគ​និរតី​នៃ​ប្រទេស​ដូច​ជា​នៅ ខេត្តកំពត កែប តាកែវ ព្រះ​សីហ​នុ កោះកុង និង​កំពង់ស្ពឺ​ជាដើម ។ មក​ដល់​ពេល​នេះ តាម​អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន VN Express បាន​ឲ្យ​ដឹង​ថា វៀតណាម កាលពី​ឆ្នាំ​២០២៤ គឺ​បាន​នាំ​ចេញ​សរុប​លើស​ពី​១​ពាន់​លាន​ដុល្លារ កើនឡើង​២០​ភាគរយ រីឯ​ចម្ការ​ដូង នៅ​ប្រទេស​នេះ​វិញ គឺ​កើន​ដល់​២០​ម៉ឺន​ហិ​កតា​ហើយ ជាមួយនឹង​ផល​ប្រមាណ​ជា​២​លាន​តោន​នៅ​ក្នុង​មួយ​ឆ្នាំ ។

ការ​នាំ​ចេញ​ដូង​វៀតណាម គឺ​តាម​រយៈ​ចម្ការ និង​ក្រុមហ៊ុន​កែ​ច្នៃ​ដល់​ទៅ​ជាង​៦០០ កន្លែង ហើយ​ទីផ្សារ​ដូង​វៀតណាម គឺ​ចិន​២០​ភាគរយ ក្រៅពី​នោះ គឺ​មាន សហភាព​អឺរ៉ុប អា​មេ​រិ​ក កា​ណា​ដា និង កូរ៉េ​ខាងត្បូង ជាដើម ។ ដោយឡែក​ថៃ​វិញ គឺ​អាច​រក​ចំណូល​ពី​ការ​នាំ​ចេញ​ផលិតផល​ដូង​ស្រស់ និង កែ​ច្នៃ​ជា​ទឹកដូង​ដប ជាមួយនឹង​ចំណូល​ប្រមាណ​ជា ៥៥០ លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ។

កាលពី​ឆ្នាំទៅ​ថៃ​បាន​អះអាង​ថា ទីផ្សារ​នាំ​ចេញ​ថៃ​រក​សំពាធ ព្រោះតែ​ស្ថានភាព​នៃ​អាកាសធាតុ​មិនសូវ​អំណោយផល ។
មក​ដល់​ពេល​នេះ​សម្រាប់​ដូង​មួយ​ផ្លែ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​តម្លៃ​ប្រមាណ​ជា ៣០០០ ទៅ​៤០០០​រៀល ប៉ុន្តែ​នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​ប្រមាណ​ជា​២៥.០០០ រៀល​នៅ​ក្នុង​មួយ​ផ្លែ ។

ដូច្នេះ បើសិនជា​កម្ពុជា​អាច​នាំ​ចេញ​ផ្លែ​ដូង​ដូច​ប្រទេស​វៀតណាម និង​ថៃ​នោះ​វា​នឹង​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​កសិករ​ដែល​ធ្វើការ​ដាំ​ផ្លែ​ដូង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ