រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវលើសំណុំរឿងរំលោ.ភលើទំនុកចិត្ត បន្ទាប់ពីទទួលបានបណ្ដឹងពីបុរសម្នាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ហើយបន្តទៅកាន់ទីតាំងទទួលបញ្ចាំម៉ូតូមួយកន្លែង ដកហូតបានម៉ូតូចំនួន១២គ្រឿងទៀត រួមទាំងម៉ូតូជនរងគ្រោះ ១គ្រឿងផងដែរ ទាំងអស់ ១៣គ្រឿង ។
ការឃាត់ខ្លួននោះ បានធ្វើឡើងកាលវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចកន្លែងទទួលបញ្ចាំ ផ្ទះលេខE៥២ ផ្លូវបេតុង ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នគរបាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះឈ្មោះ ព្រីង សំភី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ។ ចំណែកអ្នកទទួលផលចោរកម្មមានឈ្មោះ ទេព ស្រីនឿន ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅផ្ទះលេខE52 ផ្លូវបេតុង ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រីឯ ជនរងគ្រោះមានឈ្មោះ ប.ក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ០២(បុរីពិភពថ្មី២) ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ គឺជាបុគ្គលិកក្រុមហ៊ុនជាមួយគ្នា ហើយកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ខណៈជនរងគ្រោះ កំពុងធ្វើការងារនៅក្នុងផ្ទះ ពេលនោះ ជនសង្ស័យឈ្មោះ ព្រីង សំភី បានទៅខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ1J-8072 ដោយបានប្រាប់ជនរងគ្រោះថា «ខ្ចីជិះទៅជួបប្រពន្ធមួយភ្លែត»។ ខណៈនោះ ដោយសារតែជាអ្នកធ្វើការជាមួយគ្នា ទើបជនរងគ្រោះឲ្យខ្ចី បន្ទាប់មក ជនសង្ស័យក៏បានជិះទៅបាត់រហូតតែម្ដង មិនឃើញយកម៉ូតូត្រលប់ទៅប្រគល់ឲ្យវិញឡើយ ហើយក្រោយពីបាត់រយៈពេល២ថ្ងៃ ក្រោយមក ជនរងគ្រោះបានខលសួរនាំ ហើយជននោះ ចេះតែកុហកថា ចាំពេលនេះ ចាំពេលនោះ រហូត ។
នគរបាល បានប្រាប់ឲ្យដឹងបន្តទៀតថា ដោយសារតែបែបនេះ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ជួយស្រាវជ្រាវរកជនសង្ស័យ ពេលនោះនគរបាលបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។ ពេលនោះជនសង្ស័យបានសារភាពថា ខ្លួនបានយកម៉ូតូទៅលក់នៅកន្លែងទទួលបញ្ចាំ នៅផ្ទះលេខE52 ផ្លូវបេតុង ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបកម្លាំងនគរបាលចុះទៅឆែកឆេរ រកឃើញ និងដកហូតវត្ថុតាងម៉ូតូចំនួន១២គ្រឿង រួមនិងម៉ូតូជនរងគ្រោះ ១គ្រឿងផងដែរ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ខាងលើរួមទាំងម៉ូតូទាំងអស់ ត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ