ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់​គ្រងគ្រោះ​មហន្តរាយ ​អាស៊ាន លើក​ទី​៤៦ ​​នៅ​ខេត្តសៀមរាប

13 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (​គ​.​ជ​.​គ​.​ម​) បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (​គ​.​ជ​.​គ​.​ម​) បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ អាស៊ាន​ លើក​ទី​៤៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប​ព្រឹក​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២៥​ ។

ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​អាស៊ាន​ លើក​ទី​៤៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អគ្គលេខាធិការ​រង​អាស៊ាន​, នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សម្របសម្រួល​ជំនួយ​មនុស្សធម៌ (AHA Center), ប្រធាន​ប្រតិភូ​បណ្តា​ប្រទេស​រដ្ឋ​ជា​សមាជិក​អាស៊ាន​, ថ្នាក់ដឹកនាំ​ (​គ​.​ជ​.​គ​.​ម​), តំណាង​ក្រសួង​-​ស្ថាប័ន​, អភិបាលរង តំណាង​​អភិបាលខេត្ត​, ស្នងការ​នគរបាល​ខេត្ត និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ។

កិច្ចប្រជុំ​នេះ​រៀបចំ ​ដោយ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (​គ​.​ជ​.​គ​.​ម​.) សហការ​ជាមួយ​មជ្ឈមណ្ឌល-អាហា ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២៣ ខែឧសភា ឆ្នាំ​២០២៥ មានប្រធានបទ នៅ​ឆ្នាំ​នេះ គឺ​បញ្ជាក់​ឡើង​វិញ ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​យូរអង្វែង​របស់​អាស៊ាន ក្នុង​ការ​ជំរុញ បរិ​យា​ប័ន្ន ភាព​ជា​ដៃគូ និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។ ដូចដែល យើង​នឹង​ប្រារព្ធ​ខួប​លើក​ទី​២០​ឆ្នាំ នៃ​អាត់​ប៊ែ​រ (AADMER) យើង​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធិ​ផល​របស់​យើង ដោះស្រាយ​បញ្ហា​ប្រឈម ដែល​កំពុង​កើត​មាន និង​កំណត់​មាគ៌ា​សម្រាប់​អនាគត​ ។

ការ​អនុម័ត​លើ សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​២០​ឆ្នាំ​ នៃ​អាត់​ប៊ែ​រ (AADMER): ចក្ខុវិស័យ​របស់​អាស៊ាន សម្រាប់​ភាព​ជា​អ្នកដឹកនាំ​សកល​ក្នុង​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ នឹង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​មួយ​។ យើង​ក៏​កំពុង​រៀបចំ​កសាង​កម្មវិធី​ការងារ​អាត់​ប៊ែ​រ ឆ្នាំ​២០២៦-២០៣០ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន និង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ឆ្នាំ​២០៤៥ ដើម្បី​នាំ​យើង​ឆ្ពោះ ទៅ​កាន់​អាស៊ាន ប្រកបដោយ​ភាព​ធន់​ជាង​មុន នវានុវត្តន៍ និង​ប្រជាជន ជា​ចំណុច​ស្នូល​ ។

ថ្លែង​បើក​ឯកឧត្តមកិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី​ក្នុង​នាម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ស្វាគមន៍ យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ដែល​មាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន លើក​ទី​៤៦​។ ជា​កិត្តិយស​ដ៏​ធំធេង​ណាស់ សម្រាប់ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន នៅ​ឆ្នាំ​នេះ ដែល​ទទួល​រៀបចំ​កិច្ច​ជុំ​ដ៏​សំខាន់​នេះ​ ។

ក្រោម​ប្រធានបទ “២០​ឆ្នាំ នៃ​អាត់​ម៉ែ​ល ចក្ខុវិស័យ​របស់​អាស៊ាន សម្រាប់​ភាព​ជា​អ្នកដឹកនាំ​សកល ក្នុង​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ​” យើង​ឆ្លុះ​បញ្ចាំង​អំពី​វឌ្ឍនភាព​រួម និង​បញ្ជាក់​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​តំបន់ ប្រកបដោយ​ភាពរឹងមាំ និង​ធន់​ជាង​មុន​។ ជា​ពិសេស មក​ចូលរួម​កិច្ចប្រជុំ ACDM ជា​លើក​ដំបូង​ក្នុង ឆ្នាំ​២០២៥​។ ការ​បន្ត​ការ​ចូលរួម និង​ការ​គាំទ្រ​របស់ សមាជិក​អាស៊ាន​មាន​សារៈសំខាន់ នៅ​ពេល​យើង​ធ្វើការ​រួម​គ្នា ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់ ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ។​

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ​ឆ្លៀត​ក្នុង​ឱកាស​នោះ​តាំង​នាម​អោយ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ការ​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន មី​យ៉ា​ន់​ម៉ា និង​ថៃ បន្ទាប់​ពី​គ្រោះ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៧ រិច​ទ័​រ កាលពី ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​។ ការ​ចូលរួម​រំលែក​ទុក្ខ និង​ការ​យកចិត្តទុកដាក់​របស់​យើង គឺ​ស្ថិត​នៅ​ជាមួយ​គ្រួសារ និង​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​ ។ សោកនាដកម្ម​នេះ រួម​ទាំង​ការ រអិល​បាក់​ដី​នា​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​ខេត្ត​ចា​វ៉ា ភាគ​កណ្តាល នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី គឺជា​ការ​រំលឹក យ៉ាង​ច្បាស់​អំពី​ការ​គំរាមកំហែង​នៅ​បន្ត ដែល​បង្ក​ឡើង​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​តំបន់ ។

ទេស​រដ្ឋមន្ត្រី​បាន​កោតសរសើរ ចំពោះ​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស និង​កិច្ចសហការ​ដ៏​រឹង​មាំ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល​-​អាហា ក្នុង​ការ ផ្តល់​ជំនួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ក្រោម​ប្រព័ន្ធ​ភស្តុ​ភារ​សង្គ្រោះ​គ្រោះ​មហន្តរាយ​សម្រាប់​អាស៊ាន (DELSA) ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​ ។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន (ACDM) ជា​វេទិកា​ថ្នាក់​តំបន់​ដ៏​សំខាន់​សម្រាប់ ជំរុញ​ការ​សម្របសម្រួល និង​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ការ​ឆ្លើយ តប​គ្រោះអាសន្ន ដែល​មាន​កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ការ​ឆ្លើយ តប​សង្គ្រោះ​បន្ទាន់ (​អាត់​ម៉ែរ​) ជា​មគ្គុទ្ទេសក៍​។ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន មាន​កាតព្វកិច្ច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ នៅ​គ្រប់​ដំណាក់កាល នៃ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ពោល​គឺ ការ​ត្រៀម​បង្ការ ការ​កាត់​បន្ថយ ការ​ត្រៀម​រៀបចំ ការ​ឆ្លើយ​តប និង​ការ​ស្តារ​ឡើង​វិញ ក្នុង​គោលបំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន នៃ​គ្រោះ​មហន្តរាយ មក​លើ​សហគមន៍ និង សេដ្ឋកិច្ច​របស់​យើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ