រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអញ្ជើញបុរសឈ្មោះ សុវណ្ណ ពិសិដ្ឋ ដែលបានសម្ភាសន៍ជាមួយសារព័ត៌មាន ដោយចោទទៅលើសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ប្រើអំពើហិ.ង្សាលើខ្លួន នៅចំណុចខាងមុខវត្តមង្គត់បូរី ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែន សុខ ដើម្បីបំភ្លឺសួរនាំជុំវិញករណីខាងលើ ខណៈមន្ត្រីនគរបាល ដែលរងការចោទប្រកាន់ ក៏មានវត្តមាន ដើម្បីធ្វើការបំភ្លឺផងដែរ ។
បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចពិនិត្យណែនាំពីកិច្ចការងាររបស់កងកម្លាំងសមត្ថកិច្ច ដែលធ្វើការល្បាតត្រួតពិនិត្យ ដើម្បីការពារសន្តិសុខ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ហើយអ្វី ដែលសមត្ថកិច្ចកំពុងបំពេញភារកិច្ចមានការសង្ស័យ គឺសមត្ថកិច្ចត្រូវតែត្រួតពិនិត្យសួរនាំ អនុវត្តតាមវិជ្ជាជីវៈរបស់កងនគរបាលជាតិត្រឹមត្រូវ ។
បន្ទាប់មកភាគីបុរសខាងលើ និងសមត្ថកិច្ច ដែលរងការចោទប្រកាន់ ក៏បានយល់គ្នា ហើយបានសម្របសម្រួលដោះស្រាយ ព្រោះករណីនេះជាការយល់ច្រឡំប៉ុណ្ណោះ ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់កាលពីម្សិលមិញថា ពាក់ព័ន្ធដែលបុរសម្នាក់កាលពីព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ បានសម្ភាសន៍ជាមួយសារព័ត៌មាន ដោយចោទទៅលើសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើអំពើហិ.ង្សាលើខ្លួន ខណៈរូបគេកំពុងឈរបត់ជើងតូច នៅចំណុចខាងមុខវត្តមង្គត់បូរី ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ ជុំវិញករណីនេះ នៅវេលាម៉ោង ២៤និង២០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សរុប០៧នាក់ ម៉ូតូ០៧គ្រឿង ពាក់ឯកសណ្ឋាន និងពាក់កាតសម្គាល់ខ្លួនត្រឹមត្រូវ ដឹកនាំដោយលោកអធិការរង០២នាក់ បានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លុះដល់ចំណុចមុខវត្តមង្គត់បូរី បានឃើញមានបុរស០៣នាក់ឈរលេងក្បែរគ្នា និងមានម៉ូតូ០២គ្រឿង ដោយយប់ជ្រៅទៅហើយម្តេចពួកគេមិននាំគ្នាទៅផ្ទះសម្រាក ខណៈនោះសមត្ថកិច្ចមានការសង្ស័យ ក៏បានស្នើសុំឲ្យពួកគេចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីត្រួតពិនិត្យ ខណៈនោះបុរស០២នាក់ម៉ូតូ០១គ្រឿង បានសហការល្អជាមួយសមត្ថកិច្ចឲ្យសមត្ថកិច្ចត្រួតពិនិត្យក្នុងកែបម៉ូតូ ក្រែងលាក់ទុកសម្ភារខុសច្បាប់ដូចជាដាវ កាំបិត រឺគ្រឿងញៀនជាដើម ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ទៀតថា បន្ទាប់មកសមត្ថកិច្ច ក៍សុំបន្តត្រួតពិនិត្យបុរសម្នាក់ឈ្មោះ សុវណ្ណ ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ខណ្ឌទួលគោក នៅពេលនោះបុរសរូបនេះមិនព្រមសហការជាមួយសមត្ថកិច្ចនោះទេ និងបានស្រែកឡូឡាដាក់សមត្ថកិច្ច សង្ស័យគាត់ស្រវឹងស្រា ហើយក៍បានយកទូរស័ព្ទថតវីដេអូរ មកលើសមត្ថកិច្ច ហើយស្រែកចោទថាប្រយ័ត្នសមត្ថកិច្ចចង់ដាក់គ្រឿងញៀនក្នុងកែបម៉ូតូខ្លួនខណៈនោះកម្លាំងសមត្ថកិច្ចបានព្យាយាមសម្របសម្រួលឲ្យឈ្មោះ សុវណ្ណ ពិសិដ្ឋ ចូលរួមសហការ ហើយក៏បានបើកកែបម៉ូតូឲ្យសមត្ថកិច្ចពិនិត្យ សមត្ថកិច្ចពិនិត្យម៉ូតូពុំមានសម្ភារអ្វីទេក្នុងកែបម៉ូតូ ហើយបន្ទាប់មកស្រាប់បុរសនេះបានរត់ចេញទៅឈរនៅកណ្តាលទ្រូងផ្លូវបក់ដៃឈរស្ទាក់រថយន្តថែមទាំងស្រែកឡូឡាពេញផ្លូវ ឃើញដូច្នោះសមត្ថកិច្ចក៏ប្រាប់គាត់ឲ្យមកឈរលើចិញ្ចើមផ្លូវវិញក្រែងមានបញ្ហាគ្រោះថ្នាក់ជាយថាហេតុណាមួយ ពីព្រោះពេលនោះមានម៉ូតូនិងរថយន្តបើកលឿនៗ តែឈ្មោះ សុវណ្ណ ពិសិដ្ឋ នៅតែមិនព្រមស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ។បន្ទាប់មកទើបកម្លាំងសម្រេចចិត្តចាប់បុរសនោះដាក់ម៉ូតូមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ហើយសមត្ថកិច្ចក៍បានឲ្យធ្វើកិច្ចសន្យាអប់រំហើយបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។លុះព្រឹកឡើងថ្ងៃដដែលបុរសឈ្មោះ សុវណ្ណ ពិសិដ្ឋ បានសម្ភាសន៍ជាមួយសារព័ត៌មានចោទសមត្ថកិច្ចថាបានប្រើអំពើហិ.ង្សាលើខ្លួន ។
ប៉ុន្តែជុំវិញហេតុការណ៍នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៍បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែន សុខ បើកការស្រាវជ្រាវជុំវិញការចោទប្រកាន់ពីសំណាក់បុរសឈ្មោះ សុវណ្ណ ពិសិដ្ឋ ហើយអញ្ជើញមន្ត្រីសមត្ថកិច្ចខាងលើមកសួរនាំបំភ្លឺជុំវិញការចោទប្រកាន់។ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែន សុខ ក៍បានទំនាក់ទំនងព្យាយាមអញ្ជើញបុរសខាងលើមកបំភ្លឺសួរនាំជុំវិញហេតុការណ៍នោះ ផងដែរ ប៉ុន្តែគាត់បានប្រាប់សមត្ថកិច្ចថា រងចាំម្តាយគេមកពីខេត្តកំពតវិញ ទើបគេទៅជាមួយម្តាយ ជួបសមត្ថកិច្ច ដើម្បីបំភ្លឺ។ លុះក្រោយមកទៀត គាត់ក៍បានប្រាប់សមត្ថកិច្ចថា មិនបានទៅទេ ដោយសារកកស្ទះចរាចរណ៍ ប្រាប់សមត្ថកិច្ចឲ្យរងចាំព្រឹកស្អែក ទើបខ្លួនគេចូលទៅបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌសែន សុខ ៕





ចែករំលែកព័តមាននេះ