ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​មាន ជន​ក្លែងបន្លំ ធ្វើ​ជា​សប្បុរសធម៌ បោកប្រាស់​ប្រជាជន​ខ្មែរ​ឲ្យ​បរិច្ចាគ​ថវិកា

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​តែ​មាន ឧក្រិដ្ឋជន​ក្លែងបន្លំ ធ្វើ​ជា​សាច់ញាតិ​របស់​អ្នក​ផ្សេង ឬ​ប្រើប្រាស់​រូបភាព​ផ្សេង​ៗ​ដើ​ម្បើ​បោក​បញ្ឆោត​អោយ​លោក​អ្នក ឲ្យ​ផ្ញើ​សាច់ប្រាក់​ទៅ​អោយ​គណនី​ពួក​គេ តាម​របៀប​ធ្វើ​ជា​សប្បុរសធម៌​ក្លែងក្លាយ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២០ ឧសភា…

រាជធានី​ភ្នំពេញ ៖ នៅ​តែ​មាន ឧក្រិដ្ឋជន​ក្លែងបន្លំ ធ្វើ​ជា​សាច់ញាតិ​របស់​អ្នក​ផ្សេង ឬ​ប្រើប្រាស់​រូបភាព​ផ្សេង​ៗ​ដើ​ម្បើ​បោក​បញ្ឆោត​អោយ​លោក​អ្នក ឲ្យ​ផ្ញើ​សាច់ប្រាក់​ទៅ​អោយ​គណនី​ពួក​គេ តាម​របៀប​ធ្វើ​ជា​សប្បុរសធម៌​ក្លែងក្លាយ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២០ ឧសភា ២០២៥​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seng Ratha បាន​បង្ហោះ​រូបភាព និង​សរសេរ​រៀបរាប់​ថា ៖ «​សូម​បងប្អូន​ចំណាំ​ផេ​ក​វា​នឹង​ឈ្មោះ លេខ​កុង​វា​ទុក​ផង​ណា វា​ជា​ជន​ឆបោក ពួក​វា​បាន​យក​រូប​កូន​ខ្ញុំ​ផុស ក្នុង​ន័យ បោកប្រាស់​ប្រជាជន​ខ្មែរ​យើង សូម​បងប្អូន​ជួយ​ស៊ែរ​ផង​ណា កូន​របស់ខ្ញុំ​អាយុ​៤​ឆ្នាំ​ហើយ ជា​យូរហើយ ពួក​វា​មាន​ក្រុម​របស់​ពួក​វា​ផង​ដែរ ខ្ញុំ​មិន​អាច​ចូល​ខ​មិន​បាន​ទេ ព្រោះ​វា​បិទ​ខ​មិន​» ។

គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​ជា​ម្តាយ​ក្មេង​ប្រាប់​បន្ត​ថា កូន​គាត់​អាយុ​៤​ឆ្នាំ​ហើយ នោះ​ជា​រូបភាព​ចាស់​ទេ​។ ច្បាស់​ណាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Chhay Phallin-​ឆាយ ផ​ល្លី​ន​» ជា​ផេ​ក​បោកប្រាស់​។ ការ​ចូលរួម​ផ្តល់​លុយ​មិន​ចេះ​គិត​របស់​ពួក​គាត់ មិន​ត្រឹមតែ​បង្ហាញ​ថា គាត់​ឆោត​ចាញ់បោក​គេ​ទេ តែ​ជា​ការ​រួមចំណែក​លើកទឹកចិត្ត​អំពើ​បោកប្រាស់​ដោយ​មិនដឹង​ខ្លួន ។ ផេ​ក​ពួក​វា​ដំណើរការ​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​ជឿ​ថា គ្មាន​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ណា​ម្នាក់ លេង​ហ្វេ​ស​ប៊ុ​ក អូស​មិនឃើញ​ករណី​បែប​នេះ​សោះ​នោះ​ទេ ។

យោង​តាម​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ ធ្លាប់​បាន​បញ្ជាក់​ថា បទល្មើស​ក្លែងបន្លំ​ឆបោក​តាម​រយៈ​គម្រោង​មូលនិធិ ជា​ការ​ឆបោក​ក្លែងបន្លំ​ជា​អង្គការ​សប្បុរសធម៌ គឺជា​អំពើ​ឆបោក​ផ្នែក​ហិរញ្ញវត្ថុ​( financial crime) ពី​សប្បុរសជន​តាម​រយៈ​ការ​ស្នើ​សុំ​ជំនួយ ក្រោម​រូបភាព​ធ្វើអំពើ​សប្បុរស​ជួយ​ជន​រង​គ្រោះ​ដោយសារ​ទឹកជំនន់ ក្មេង​កំព្រា ជន​ពិកា បរិស្ថាន និង​សត្វពាហណៈ​ជាដើម​។ ឧក្រិដ្ឋជន​បច្ចេកវិទ្យា​អាច​ប្រើប្រាស់​ឈ្មោះ​អង្គការ ឬ​ជន​រង​គ្រោះ ដើម្បី​ស្វែងរក​ជំនួយ​នៅ​លើ​បណ្តាញ​សង្គម​នានា និង​អ៊ី​ន​ធឺ​ណេ​ត​។ ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​វិធីសាស្ត្រ​ឆបោក​ដូច​ខាងក្រោម ៖

-​សប្បុរសធម៌​ក្លែងក្លាយ ៖ ឧក្រិដ្ឋជន​ក្លែងបន្លំ បង្កើត​អង្គការ​សប្បុរសធម៌​ក្លែងក្លាយ ឬ​បង្កើត​វែ​ប​សាយ​ក្លែងបន្លំ​ស្រ​ដៀង​នឹង​អង្គការ​ស្របច្បាប់​ផ្សេង​ៗ ដោយ​ប្រើប្រាស់ និមិត្តសញ្ញា និង​ពាក្យស្លោក ដើម្បី​បំភាន់​សប្បុរសជន ។

-​ស្វែងរក​មូលនិធិ ៖ ឧក្រិដ្ឋជន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ ឬ​ចែកចាយ​រូបភាព​ជន​រង​គ្រោះ​ដោយសារ​ទឹកជំនន់ ជន​ពិកា និង​ក្មេង​កំព្រា ដើម្បី​ស្វែងរក​មូលនិធិ​ដោយ​តម្រូវ​ឲ្យ​សប្បុរសជន​បរិច្ចាគ​ថវិកា​តាម​រយៈ​គណនី​បណ្តាញ​សង្គម ឬ​គេហទំព័រ​ក្លែងបន្លំ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន ។
-​លួច​យក​ទិន្នន័យ​ជន​រង​គ្រោះ ៖ ឧក្រិដ្ឋជន​លួច​ប្រមូល​យក​ទិន្នន័យ គណនី​ធនាគារ​ពី​ជន​រង​គ្រោះ​តាម​រយៈ​តំណរ​ភ្ជាប់​ក្លែងបន្លំ ដែល​ជន​រង​គ្រោះ​បាន​ធ្វើការ​បរិច្ចាគ​ប្រាក់​ដោយ​ប្រើប្រាស់​កាត​ធនាគារ​ជាដើម ។

ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ល្បិច​ឆបោក​តាម​រយ​:​គម្រោង​មូលនិធិ​ដូច​ខាងក្រោម ៖

-​កុំ​ធ្វើការ​បរិ​ច្ចាក​ប្រាក់​ទៅ​លើ​មូលនិធិ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​តាម​បណ្តាញ​សង្គម
-​សូមកុំ​ចុច​តំណរ​ភ្ជាប់​នានា ដែល​គ្មាន​ប្រភព​ច្បាស់លាស់
-​សូម​រាយការណ៍​មក​កាន់​សមត្ថកិច្ច​ជំនាញ ករណី​លោក​អ្នក​ប្រទះ​ឃើញ​មាន​គម្រោង​ឆបោក​នានា​លើ​បណ្តាញ​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ