ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា មិនមែនមានតែកម្ពុជានោះទេ ដែលបានធ្វើសកម្មភាពគា.ស់កកាយភ្នំយកថ្ម ដើម្បីផលិតស៊ីម៉ង់ត៍សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមប៉ុណ្ណោះ សូម្បីប្រទេសចិន និងប្រទេសជាច្រើនទៀតក្នុងពិភពលោក រួមទាំងប្រទេសជាសមាជិកអាស៊ានក៏បានធ្វើសកម្មភាពកាយភ្នំយកថ្មផងដែរ ។

ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ២០ ឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី បានពន្យល់អំពីការគា.ស់កកាយភ្នំ ដើម្បីយកថ្ម ដើម្បីផលិតស៊ីម៉ង់ត៍សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានោះ គឺមានការគិតគូយ៉ាងម៉ត់ចត់ មុននឹងសម្រេចចិត្តកាយយកថ្មនេះដោយមិនមែនចេះតែធ្វើដោយគ្មានបច្ចេកទេសត្រឹមត្រូវ ហើយដូចការចោទប្រកាន់របស់អ្នកមួយចំនួននោះទេ ។
សម្តេចធិបវរធិបតី បានលើកឡើងថា សកម្មភាពនៃការកកាយថ្មនេះមិនមែនមានតែនៅកម្ពុជាទេ សូម្បីចិន សិង្ហបុរី និងបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ ក៏មានដែរ ដើម្បីផលិតស៊ីម៉ង់ត៍យកមកអភិវឌ្ឍន៍ប្រទេស ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍អះអាងថា ការកកាយថ្មភ្នំនេះក៏ជាការរួមចំណែកមួយក្នុងការកាត់បន្ថយនាំចូលស៊ីម៉ង់ត៌ គ្រួស ថ្ម និងខ្សាច់ពីក្រៅប្រទេសផងដែរ ។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «សួរថា ហេតុអ្វីបានជាកម្ពុជាត្រូវធ្វើរោងចក្រផលិតស៊ីម៉ង់ត៍ ។ មានបងប្អូនខ្លះលើកឡើងថា ស្រុកខ្មែរវ៉ៃខ្ទេចហើយភ្នំ មានអ្នកខ្លះគេនិយាយថា ស្រុកចិន គេថែទាំងអស់ភ្នំ ភ្នំគេដាំសុទ្ធតែបន្លែ មានតែភ្នំខ្មែរវ៉ៃយកថ្ម ។ ខ្ញុំវាយតាមហ្គូលហ្គោល ឃើញចិនសុទ្ធតែរណ្តៅថ្ម ។ បើគាត់ទៅថតភ្នំដែលធ្វើកសិកម្ម ត្រូវហើយ ឃើញគេដាំដើមឈើលើនុងហើយហើយ ។ យើងទៅថតរតនគិរី មណ្ឌលគិរីកន្លែងគេដាំចេកក៏ឃើញដែរ ។ ខ្ញុំឆែកនៅក្នុងប្រទេសអាស៊ានទាំង១០ គ្មានប្រទេសណាមួយអត់ធ្វើរ៉ែទេ សូម្បីតែសាំងហ្គាពួរប្រទេសតូច ក៏មានធ្វើអាជីវកម្មរ៉ែដែរ» ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីក៏បានរំលឹកថា កាលពីឆ្នាំ១៩៦១ កម្ពុជាធ្លាប់មានរោងចក្រផលិត ស៊ីម៉ងត៍ ដែលផលិតបានច្រើន និងមានគុណភាព ប៉ុន្តែដោយមានសង្គ្រាមកើតឡើងបានបំផ្លិចបំផ្លាញរោងចក្រ តែក្រោយបញ្ចប់សង្គ្រាម រោងចក្រផលិតស៊ីម៉ង់ត៍ក៏បានងើបឡើងវិញ ហើយក៏ដួលទៅវិញ ទើបតែនៅឆ្នាំ២០០៧ វិស័យនេះក៏បានរីកចម្រើនបន្តិចម្ដងៗរហូតមានសមត្ថភាពនាំចេញទៅក្រៅប្រទេសរហូតមកដល់សព្វថ្ងៃ ៕
ចែករំលែកព័តមាននេះ