រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅតែចាំមិនភ្លេចពីសោកនាដកម្មប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម ទោះបីកន្លងផុតទៅចំនួន៤៦ឆ្នាំមកហើយក្តី ។ ក្នុងឱកាសខួបលើកទី៨ នៃទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបាននិមន្តព្រះសង្ឃចំនួន១០៨អង្គបង្សុកូលរាប់បាត្រនៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោដើម្បីឧទិ្ទសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះស្លូតត្រង់ជាង៣លាននាក់ ដែលត្រូវបានពួក ប៉ុល ពត កាប់សម្លាប់យ៉ាងរង្គាល ប្រែក្លាយប្រទេសកម្ពុជាជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុកជនជរា ស្ត្រីមេម៉ាយ ក្មេងកំព្រា ហេដ្ឋារចនាសម្ព័ន្ធជាតិទាំងមូលត្រូវបានបំផ្លាញដល់ក្រោមសូន្យ ។

ពិធីនេះត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ប្រជាជនកម្ពុជាគ្រប់រូប នៅតែចងចាំមិនភ្លេចចំពោះសោកនាដកម្មក្រោមរបបពួកឃាតករអាវខ្មៅរយៈពេល៣ឆ្នាំ ៨ខែនិង២០ថ្ងៃ នេះឡើយ ទោះបីស្រមោលអន្ធការនេះបានកន្លងផុតទៅជាង៤៦ឆ្នាំទៅហើយក្តី ។

ក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឧិកាសខួបលើកទី៨ នៃទិវាជាតិនៃការចងចាំនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដែលអានដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ ។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា រដ្ឋសភាបានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា«ទិវាចងកំហឹង» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ«បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤មក ។ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី«ទិវាចងកំហឹង»ទៅជា «ទិវាជាតិនៃការចងចាំ» ។ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៩អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ»វិញ ។

មូលហេតុនៃការកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ មានពីរ ៖ទី១-ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើតសហករណ៍ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិ ឯកជននៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម ។ គោលនយោបាយនេះបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ។

ទី២-មុនពេលឈានដល់ថ្ងៃជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលក្នុងនោះរួមមាន ការជម្លៀសដោយបង្ខំពីទីក្រុង និងភូមិនានា ធ្វើពលកម្មដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារនិងសហករណ៍ ការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម ការបាត់ខ្លួននិងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើងប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្មាំង ។

ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់ និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះកើតមានឡើងសាជាថ្មី ។ ដូច្នេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើឱ្យប្រទេស ជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ អាចនិយាយបានថា សន្តិភាពគឺមានសក្តានុពល និងសកម្មភាពគ្រប់យ៉ាងដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ ។

តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដោយឈរលើស្មារតីសាមគ្គីភាព និងឯកភាពជាតិ ក្នុងគោលដៅបង្រួបបង្រួមប្រជាជាតិទាំងមូល ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមរុាំរ៉ៃ ដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តារឡើងវិញ រក្សាបាននូវសន្តិសុខនិងសុខសន្តិភាពជូនប្រជាជន ហើយជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា ។

ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ខ្ពង់ខ្ពស់ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ បានប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែល មិនធ្លាប់មានជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ ។ ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះពីអំពើឧក្រិដ្ឋកម្មទាំងឡាយដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ទទួលបានយុត្តិធម៌តាមរយៈការជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។

កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ដែលរស់រានមានជីវិតនិងអ្នកបានបាត់បង់ជីវិតក្តី ក៏ត្រូវបានស្តាឡើងវិញ និងទទួលបានការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម ។នាថ្ងៃប្រារព្ធទិវាជាតិនៃការចងចាំនេះដែរ បានរៀបចំពិធីសាសនានៅចំពោះមុខស្តូបតម្កល់អដ្ឋិធាតុជាង១ម៉ឺននាក់ ដែលបានគាស់ចេញពីរណ្តៅសពរួមនៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធធ្វើពិធីបង្សុកូលជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបវាលពិឃាតខ្មែរក្រហម ៕


ចែករំលែកព័តមាននេះ