រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ កីឡាអុកចត្រង្គ ដែលគេនិយមប្រើពាក្យថា លេងអុកៗនោះ មានការពេញនិយមយ៉ាងខ្លាំងនៅតាមហាងកាហ្វេ និងហាងកាត់សក់ ដោយនៅកន្លែងខ្លះគេឃើញម្ចាស់ហាងដាក់អុកក្ដារតូចធំ ដើម្បីទាក់ទាញអ្នកចូលចិត្តលេងឱ្យចេញចូលហាងរបស់ខ្លួន ។ មានហេតុផលមួយចំនួនដែលនាំឱ្យកីឡាប្រពៃណីមួយនេះពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន ក្នុងនោះការបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ និងការប្រកួតដណ្ដើមតំណែងស្ដេចអុកអង្គរសង្ក្រាន្តរៀងរាល់ឆ្នាំនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរក៏ជាធាតុផ្សំទាក់ទាញមួយមិនអាចប្រកែកបានផងដែរ។
ក្រុមអ្នកមានចំណូលចិត្តលេងអុកដែលភាគច្រើនជាបុរសបានឱ្យដឹងស្រដៀងគ្នាថា ហេតុ
ផលដែលនាំឱ្យពួកគេចូលចិត្តទៅហាងកាហ្វេ ឬហាងកាត់សក់ ដែលមានក្ដារអុកដាក់ឱ្យលេងដោយសារតែកីឡាមួយនេះនៅពេលបានលេងគឺមិនមែនត្រឹមតែដើម្បីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏បែកគំនិតមានការចេះដឹងច្រើនដែរ ជាពិសេសគឺបែកបញ្ញាតែម្ដង ។ អ្នកបានប្រឡូកនឹងល្បែងមួយនេះបានអះអាងថា លេងអុកចត្រង្គមិនខុសពីលេងល្បែងបញ្ញា ឬរៀនពីក្បួនធ្វើសង្គ្រាមនោះទេ ដោយសារតែការលេងអុក គឺត្រូវប្រើគំនិត និងភាពរហ័សនៃបញ្ញា បើមិនដូច្នោះទេ គឺលេងមិនកើត។
ដោយសារកីឡាអុករត់ទៅជ្រកក្រោមហាងកាហ្វេនេះហើយទើបធ្វើឱ្យស្ត្រី២នាក់ដែលមានឳពុកជាអ្នកលក់កាហ្វេចេះលេងកីឡាមួយនេះយ៉ាងស្ទាត់ជំនាញរហូតក្លាយជាកីឡាការិនីជម្រើសជាតិកីឡាអុកចត្រង្គចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមឆ្នាំ២០២៣ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិថែមទៀតផង។
កីឡាការិនីជម្រើសជាតិអុកចត្រង្គប៉ែន ខេមរា រស្មី វ័យ៣៨ឆ្នាំ និងសុខ រដ្ឋា វ័យ២២ឆ្នាំ បានឱ្យដឹងស្រដៀងគ្នាថា ពួកនាងចូលចិត្តកីឡាអុកចត្រង្គតាំងពីតូច ។ ការចេះលេងអុកនេះពួកនាងគ្មានគ្រូបង្រៀនដោយផ្ទាល់ទេ គឺចេះលេងដោយសារឪពុករបស់នាងបើកហាងលក់កាហ្វេដាក់ក្ដារអុកឱ្យភ្ញៀវលេងជារៀងរាល់ថ្ងៃធ្វើឱ្យនាងមានពេលគ្រប់គ្រាន់មើលពួកគាត់លេង ក្នុងនោះឪពុករបស់នាងក៏ជាអ្នកលេងអុកដ៏ពូកែម្នាក់ដែរ រហូតធ្វើឱ្យនាងចេះលេងទាំងមិនដឹងខ្លួនទៀតផង ។ ដោយសារតែការស្រឡាញ់ចូលចិត្តនិងព្យាយាមស្វែងយល់ពីកីឡាមួយនេះអស់មួយរយៈធំ ទីបំផុតធ្វើឱ្យពួកនាងក្លាយជាអ្នកលេងអុកដ៏ពូកែនិងមានឱកាសបានចូលរួមការប្រកួតថ្នាក់ជាតិនានា ជាពិសេសការ
ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ទៀតផង ។
កីឡាការិនីប៉ែន ខេមរារស្មី និយាយថា នាងធ្លាប់ចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ដណ្ដើមបានមេដាយប្រាក់១គ្រឿង ។ នាងក៏បានជាប់ជាកីឡាការិនីជម្រើសជាតិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយឈ្នះបាន៣ប្រកួតគឺឈ្នះឡាវ២ប្រកួត និងឈ្នះម៉ាឡេស៊ី១ប្រកួត ។ នាងក៏មានបំណងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៥ខាងមុខនេះដែរ។
ចំណែកសុខ រដ្ឋា ក៏ជាកីឡាការិនីជម្រើសជាតិកីឡាអុកចត្រង្គចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែរ តែនាងមិនទទួលបានចំណាត់ថ្នាក់ល្អទេ ព្រោះបានចាញ់នៅក្នុងវគ្គជម្រុះដោយឈ្នះបានតែ២ប្រទេសប៉ុណ្ណោះគឺឡាវនិងម៉ាឡេស៊ី ។ ទោះជាយ៉ាងណា នាងថា នៅតែសប្បាយចិត្តព្រោះមួយជីវិតនេះឱកាសមានតែម្ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍មួយនេះ ។ ដោយឡែកសម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិវិញក៏នាងមិនអាចដណ្ដើមបានចំណាត់ថ្នាក់ល្អដែរ ដោយសារតែនៅក្នុងវគ្គប្រកួតជម្រុះតាមពូល ត្រូវប៉ះសុទ្ធតែបុរសៗខ្លាំង ។
ទោះបីលទ្ធផលយ៉ាងណាក៏នាងមិនរាថយដែរដោយបានសន្យាថា នឹងចូលរួមប្រកួតជារៀងរាល់ឆ្នាំ មិនថាប្រកួតថ្នាក់ជាតិឬអន្តរជាតិនោះទេ ៕





ចែករំលែកព័តមាននេះ