ជំនួបប្រធានាធិបតីចិនជាមួយ ជេក ម៉ា និងមេដឹកនាំធុរកិច្ចធំៗ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច
ប្រទេសចិន ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានទទួលជួបជាមួយសហស្ថាបនិកក្រុមហ៊ុន Alibaba…
ប្រទេសចិន ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានទទួលជួបជាមួយសហស្ថាបនិកក្រុមហ៊ុន Alibaba…
ប្រទេសចិន ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានទទួលជួបជាមួយសហស្ថាបនិកក្រុមហ៊ុន Alibaba លោក ជេក ម៉ា (Jack Ma) ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់ចិនផ្សេងទៀត នៅទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទនេះ សម្រាប់កិច្ចប្រជុំមេដឹកនាំអាជីវកម្មឯកជនចិន ដោយជំរុញឱ្យនាយកប្រតិបត្តិកំពូលៗបង្ហាញទេពកោសល្យ និងស្នាដៃ ដើម្បីបញ្ឈប់ការធ្លាក់ចុះសេដ្ឋកិច្ចជាតិ។
តាមរបាយការណ៍ពីទូរទស្សន៍រដ្ឋចិន CCTV ដែលត្រូវបានដកស្រង់ដោយ CNN បានរាយការណ៍ថា ក្រៅពីលោក ជេក ម៉ា មហាសេដ្ឋីកំពូលៗផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចប្រជុំសំខាន់មួយនេះ រួមមាន ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei, នាយកប្រតិបត្តិក្រុមហ៊ុន BYD លោក Wang Chuanfu, នាយកប្រតិបត្តិក្រុមហ៊ុន CATL លោក Zeng Yuqun, នាយកប្រតិបត្តិក្រុមហ៊ុន Tencent លោក Pony Ma, នាយកប្រតិបត្តិក្រុមហ៊ុន Meituan លោក Wang Xing, នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun និងនាយកប្រតិបត្តិក្រុមហ៊ុន DeepSeek លោក Liang Wenfeng ផងដែរ។
វត្តមានបណ្តានាយកប្រតិបត្តិក្រុមហ៊ុនកំពូលៗក្នុងកិច្ចប្រជុំបែបនេះ ជាធម្មតាត្រូវបានអ្នកវិនិយោគបរទេសមើលឃើញថាជាសញ្ញានៃអាជីវកម្ម ឬបុគ្គលដែលត្រូវបានរដ្ឋាភិបាលពេញចិត្តខ្លាំងបំផុត។ ជំនួបរបស់លោក ស៊ី ជាមួយលោក ជេក ម៉ា ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ខណៈមហាសេដ្ឋីរូបនេះ ធ្លាប់ត្រូវបានពិន័យដោយនិយតករចិន ហើយក៏ធ្លាប់បាត់ខ្លួនជាសាធារណៈអស់ពេលជាច្រើនខែ បន្ទាប់ពីសុន្ទរកថារបស់លោកនៅឆ្នាំ ២០២០ រិះគន់ប្រធានាធិបតីចិន។
ទោះយ៉ាងណា ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុនយក្សនៃវិស័យបច្ចេកវិទ្យាចំនួនពីរគឺក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok រួមទាំងក្រុមហ៊ុន Baidu ជំនាញខ្លាំងលើបញ្ញាសិប្បនិម្មិត AI នោះ មិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួ (Xinhua) បានឱ្យដឹងថា មេដឹកកំពូលនាំចិនបានប្រាប់មហាសេដ្ឋីដែលមានវត្តមានចំពោះមុខលោក ដោយបានសង្កត់ធ្ងន់លើការបន្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន។ លោកបន្តថា អាជីវកម្មឯកជនមានការរំពឹងទុកយ៉ាងទូលំទូលាយ និងការសន្យាដើម្បីបង្កើតទ្រព្យសម្បត្តិ រួមទាំងឱកាសជាច្រើន។ ស្របពេលដែលអភិបាលកិច្ចរបស់ប្រទេសចិន និងទំហំទីផ្សារដ៏ធំបានផ្តល់ឱ្យវានូវអត្ថប្រយោជន៍ជាប់ពាក់ព័ន្ធគ្នា នៅក្នុងការអភិវឌ្ឍអាជីវកម្មថ្មី ខណៈដែលនេះ គឺជាពេលដ៏ត្រឹមត្រូវសម្រាប់អាជីវកម្មឯកជន និងសហគ្រិនភាគច្រើនបង្ហាញទេពកោសល្យ និងស្នាដៃរបស់ពួកគេ។
លោក ស៊ី បានដឹកនាំយុទ្ធនាការ ដើម្បីបង្កើនការគ្រប់គ្រងរបស់រដ្ឋាភិបាលលើអាជីវកម្មឯកជន ជាពិសេសវិស័យបច្ចេកវិទ្យា។ ប៉ុន្តែពេលនេះប្រទេសចិនកំពុងជួបបញ្ហាជាមួយ ការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីវិបត្តិអចលនទ្រព្យ ការចំណាយលលើការប្រើប្រាស់ក្នុងស្រុកទាប និងនៅទ្រឹង ព្រមទាំងវិបត្តិអត់ការងារធ្វើរបស់យុវជនកើនឡើងខ្ពស់។
បណ្តាអ្នកវិភាគមើលឃើញថា ការផ្លាស់ប្តូររបស់លោក ស៊ី លើការប្រមូលផ្តុំអ្នកដឹកនាំធុរកិច្ចកំពូលៗ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការច្នៃប្រឌិតក្នុងវិស័យឯកជន សម្រាប់ប្រទេសចិន ដើម្បីទទួលបានមូលដ្ឋានក្នុងវិស័យបច្ចេកវិទ្យា ស្របពេលបច្ចុប្បន្នប្រទេសចិនកំពុងឡើងកំដៅកាន់តែខ្លាំងលើសង្រ្គាមបច្ចេកវិទ្យា និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)៕ ដកស្រង់ ៖ CNN, Reuters និង The Guardian
ចែករំលែកព័តមាននេះ