រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការលើកឡើងតាមបណ្តាញសង្គមយ៉ាងផុសផុល ករណីត្រួតពិនិត្យជាតិស្រវឹងលើរូបលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចអញ្ជើញលោកបណ្ឌិត សុខ ទូច និងសមត្ថកិច្ចពាក់ព័ន្ធចូលមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ។
យោងតាមបណ្តាញសង្គមរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានចេញផ្សាយនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះថា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា តាមបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណី ដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត សុខ ទូច ដោយលោកស្នងការ បានឲ្យការិយាល័យបុគ្គលិក អញ្ជើញមន្ត្រីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយឲ្យលោកស្នងការរងផែនការងារនគរបាលចរាចរណ៍ និងលោកស្នងការរងទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយចោទប្រកាន់មកលើសមត្ថកិច្ចថា បានប្រើពាក្យមិនសមរម្យចំពោះគាត់ ។
ទាក់ទិននឹងករណីនេះ លោកបណ្ឌិត សុខ ទូច បានរៀបរាប់លើបណ្តាញសង្គមកាលពីវេលាម៉ោង០២និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ក្រោយពីចុះស្រាវជ្រាវអស់រយៈពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់ បានទៅដល់ទិសដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្ត្រ ប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះ ដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡាន ជូនមន្ត្រី ដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត ។
លោកបណ្ឌិត សុខ ទូច បន្តថា នៅតាមផ្លូវមកផ្ទះ បានជួបសមត្ថកិច្ចអនុវត្តន៍ច្បាប់ត្រួតពិនិត្យជាតិអាល់កុល ពួកគាត់ ឃាត់ឡាន និងអោយខ្ញុំ ផ្លុំវាស់កំរិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាចដដែលរបស់អ្នកចាស់ឆ្លងរោគ ផ្ទុយទៅវិញ គេគំហកថា អ្ហែងស្អី បានមកបញ្ជាកងកម្លាំង ? ខ្ញុំកំពុងតែហត់នឿយផងលឺបែបនេះ ខ្ញុំទប់មិនជាប់ ក៏ឆេវឆាវកើតជារឿង តែក្រោយមក ខ្ញុំសហការផ្លុំ ចំនួន៣ដង តែមិនឃើញកំរិតជាតិអាល់កុល ដែលគេចង់បាន គេថា ខ្ញុំផ្លុំមិនត្រឹមត្រូវ អោយខ្ញុំផ្លុំម្តងទៀត តែក្រោយនេះ ខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថា បើខ្ញុំខុសចង់ដាក់ខ្នោះខ្ញុំដាក់ទៅ កាយវិការច្រលោត ព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថា ខ្ញុំ សុខទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថា ស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម ថ្ងៃនេះខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសម្រាក ។
លោកបណ្ឌិត សុខ ទូច បានរៀបរាប់បន្តថា មានប៉ូលិសដៀលខ្ញុំ ធ្វើដល់បណ្ឌិតចារិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់ បើខ្ញុំខុស ខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កំរិត ដែលបង្កបញ្ហាផង តើអោយខ្ញុំផ្លុំរបៀបម៉េចទៀត ? គេថតខ្ញុំបាន តែពេលខ្ញុំអោយគ្រួសារខ្ញុំថតវិញ គេមិនអោយថតទេ ។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារខ្ញុំហៅកង់បី ជិះបានបន្តិច ទើបដឹងថា ផ្ទះខ្ញុំឆ្ងាយគេមិនដឹកទេ ក្រោយមក ទើបមានកង់បីមួយទៀត ព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់ខ្ញុំ មកដល់ផ្ទះ គេសុំថតជាមួយខ្ញុំ។ ខ្ញុំថា មិនបង្ហោះទេ ប៉ុន្តែមកដល់ផ្ទះហើយ ដេកមិនលក់ ទើបរៀបរាប់ជាសាធារណៈបែបនេះ ។
សូមជម្រាបថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅម៉ោង១១និង៣១នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ត្រួតពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបំភ្លឺថា នៅវេលាម៉ោង១១និង៥៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ខណៈនោះមានរថយន្តមួយគ្រឿង ម៉ាក FORT ពណ៌ទឹកប្រាក់ ផ្លាកលេខរដ្ឋ 052-0431 បានធ្វើដំណើរក្នុងរថយន្តមានគ្នា២នាក់ (ប្រុស ០១នាក់ ស្រី ០១នាក់) ឆ្លងកាត់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ ខណៈនោះសមត្ថកិច្ចបានឃាត់រថយន្តនេះឱ្យអ្នកបើកបរចូលមកសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បំភ្លឺទៀតថា បន្ទាប់មកសមត្ថកិច្ចបានឃើញអ្នកបើកបរចុះមកសហការជាមួយសមត្ថកិច្ចដោយសមត្ថកិច្ចនៅគោលដៅនោះមិនបានស្គាល់ លោកបណ្ឌិត សុខ ទូច នោះទេ នៅពេលនោះគាត់មានកាយវិការ និងពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុល។ បន្ទាប់មកគាត់ បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាង ទាញកញ្ឆក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថា ដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថា បំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយ ប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំ ហើយយកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា)ទៅវិញ និងចោទថា ប្រើប្រាស់កាយវិការមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្ថែមទៀតថា បន្ទាប់មកគាត់ (លោកបណ្ឌិត សុខ ទូច) ក៏បានរើយកអីវ៉ាន់ វ៉ាលី និងសម្ភារៈ ចេញពីក្នុងរថយន្ត រួចហៅផាស់អេបជិះចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង បន្ទាប់មក សមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ ៕
«សមត្ថកិច្ចបំភ្លឺ ករណីលោកបណ្ឌិត សុខ ទូច ត្រូវប៉ូលិសចរាចរណ៍ខណ្ឌសែនសុខ ឃាត់ត្រួតពិនិត្យជាតិស្រវឹង»


អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ