វៀតណាម ៖ បន្ទាប់ពីកម្ពុជា បានបណ្ដេញជនជាតិវៀតណាមខុសច្បាប់ចំនួន ១៧៧នាក់ ទៅប្រទេសកំណើតវិញ ប៉ូលិសវៀតណាម កាលពីថ្ងៃសៅរ៍ បានចាប់ខ្លួនជនសង្ស័យចំនួន ២៤នាក់ ដោយចោទប្រកាន់ពីបទធ្វើសកម្មភាពឆបោកតាមអនឡាញ ដែលក្នុងនោះជនរងគ្រោះ ត្រូវបានបោកបញ្ឆោតឲ្យវិនិយោគក្នុងគម្រោងកាស៊ីណូអនឡាញក្លែងក្លាយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម VN Express ចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
អាជ្ញាធរវៀតណាមនិយាយថា ការឆបោកទ្រង់ទ្រាយធំនេះ ធ្វើឲ្យជនរងគ្រោះច្រើននាក់ ចាញ់បោកអស់ប្រាក់សរុប ១ទ្រីលានដុងវៀតណាម ឫស្មើនឹង ៣៩,៥លានដុល្លារអាមេរិក ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសខេត្តតៃនិញ ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា មិនបញ្ចេញអត្តសញ្ញាណជនសង្ស័យទាំងអស់នោះឡើយ ដោយអះអាងថា ពួកគេកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ហើយការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការសហការគ្នាពីនគរបាលខេត្តតៃនិញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងឆ្មាំព្រំដែន ក្រោយពីជនជាតិវៀតណាមទាំង ១៧៧នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួនកាលពីពេលថ្មីៗនេះ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ពីបទធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ។
ជនសង្ស័យទាំង ២៤នាក់ ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការបោកបញ្ឆោតជនរងគ្រោះឲ្យដាក់ទុនវិនិយោគក្នុងកាស៊ីណូអនឡាញ ដែលកំណត់គោលដៅលើជនរងគ្រោះក្នុងប្រទេសវៀតណាម ។
ពាក់ព័ន្ធករណីឆបោកនេះដែរ អ្នកស៊ើបអង្កេតរបស់វៀតណាមបានរកឃើញថា ជនជាតិចិនម្នាក់ឈ្មោះ HeYuki បានជួលអគារពីរជាន់ក្នុងក្រុងបាវិត ដើម្បីដំណើរការគម្រោងដាក់ទុនវិនិយោគនេះ ។
មេបញ្ជាការកងការពារព្រំដែនខេត្តតៃនិញ បាននិយាយកាលថ្ងៃទី៧ ខែកុម្ភៈថា អាជ្ញាធរខេត្តតៃនិញ បានទទួលជនជាតិវៀតណាម ១៧៧នាក់ រួមមានស្រី ១៩នាក់ និងប្រុស ១៥៨នាក់ ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ កាលពីថ្ងៃទី៦ ខែកុម្ភៈ ។
ក្នុងចំណោមនោះ មានជនសង្ស័យ០២នាក់ ត្រូវបានចាប់ខ្លួន ៖ ម្នាក់ត្រូវបានប៉ូលិសទីក្រុងហូជីមិញ ស្វែងរកចាប់ខ្លួន ក្រោមបទចោទប្រកាន់មានទំនាក់ទំនងផ្លូវភេទជាមួយអនីតិជនអាយុពី១៣ ទៅ១៦ឆ្នាំ និងម្នាក់ទៀត ត្រូវបានប៉ូលិសទីក្រុងហូជីមិញ ស្វែងរកចាប់ខ្លួនពីបទចោរកម្ម ។
ក្នុងចំណោមជនជាតិវៀតណាមទាំង ១៧៧នាក់នោះ មានជនជាតិវៀតណាមរហូតដល់ ១៧៦នាក់ បានជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់តាមអ៊ីនធឺណិត រួមទាំងល្បែងស៊ីសង ការវិនិយោគក្លែងក្លាយ និងការបោកប្រាស់ស្នេហា ដែលដំណើរការដោយក្រុមហ៊ុនមួយក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា។ មានតែម្នាក់ប៉ុណ្ណោះ ធ្វើការជាអ្នកដឹកជញ្ជូន ៕

ចែករំលែកព័តមាននេះ