រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានកំណត់យកមហាវិថីហ្សាលឌឺហ្គោល ធ្វើជាផ្លូវគំរូ ដែលមានបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពល្អ សម្រាប់មូលដ្ឋាន ខណ្ឌ៧មករា ។
នៅរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១៣៣នាក់ រស់នៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ។
លោក ដារ៉ា វុធ ជាពលរដ្ឋរស់នៅលើតាមបណ្ដោយផ្លូវ២១៧ (ហ្សាលឌឺហ្គោល) បានសាទរ នឹងសម្តែងក្តីរីរាយ ក្នុងការកំណត់យកមហាវិថីហ្សាលឌឺហ្គោល នេះជាផ្លូវគំរូ ។ ហើយលោក ដារ៉ា វុធ សំណូមពរទៅដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធក្នុងអំឡុងពេលការជួសជុលការ៉ូឡាថ្មី និងកាយផ្លូវដាក់លូ សូមមន្ត្រីជំនាញឲ្យយកចិត្តទុកដាក់ កាត់បន្ថយ នូវការរំខានការប្រកបមុខរបរ និងការចេញចូលផ្ទះរបស់ពួកគាត់ ។
ចំណែកឯ ប្រជាពលរដ្ឋម្នាក់ទៀត បានលើកឡើងជាសំណួរទៅកាន់លោកអភិបាលថា «តើអាជ្ញាធរ នឹងកំណត់ព្រំត្រឹមចំណុចណាដល់ពួកគាត់ ដែលអាចអោយពួកគាត់ប្រកបអាជីវកម្មបាន ?» ។
លោក ថេង សុថុល អភិបាល អភិបាលខណ្ឌ៧មករា បានពន្យល់បកស្រាយជូនដល់ពលរដ្ឋ ឲ្យបានយល់ថា កំឡុងពេលជួសជុលកែលម្អកំណាត់ផ្លូវនេះ គឺអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់បំផុត ពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ដោយការជួសជុលក្នុងមួយថ្ងៃ តែពីរ២ផ្ទះប៉ុណ្ណោះ ដោយកាយ និងរៀបឡើងវិញភ្លាមៗ មិនប្រើពេលយូរ ធ្វើអោយប៉ះពាល់ដល់បងប្អូន ដែលប្រកបអាជីវកម្ម ឬរស់នៅឡើយ ។
លោកអភិបាល បានបញ្ជាក់ថា ការ៉ូឡាថ្មី និងមានលាយពណ៌ឆ្នូតក្រហម កំណត់ព្រំ រួចស្រេច ដោយពុំចាំបាច់បាញ់ថ្នាំ កំណត់ព្រំនោះទេ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋអាស្រ័យផល ។ ដោយកំឡុងពេលជួសជុល នឹងផ្លាស់ប្តូរ លោកអធិការរង ទទួលផែនសណ្ដាប់ធ្នាប់ នឹងចាត់អោយកម្លាំងជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវ ពេលដែលកំពុងតែមានការដ្ឋាន ដើម្បីជៀសវាង និងកាត់បន្ថយការកកស្ទះចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ។
ជាចុងក្រោយ អាជ្ញាធរខណ្ឌ៧មករា បានសំណូមពរដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មេត្តាយោគយល់ ដើម្បីអោយអាជ្ញាធរ ផ្លាស់ប្តូរការ៉ូឡាថ្មី ដោយរលូនផងដែរ ៕




ចែករំលែកព័តមាននេះ