ការត្រៀមខ្លួនទុកជាមុន គឺជារឿងចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យដែលកើតមានឡើង នៅពេលដែលថៃ កាត់ផ្តាច់ថាមពល និងសេវាអ៊ីនធឺណិត នៅទីក្រុងប៉ោយប៉ែត ដើម្បីកុំអោយរំខានដល់ដំណើរការជាប្រក្រតីនៅតាមការិយាល័យសំខាន់ៗ ជាពិសេស គឺច្រកព្រំដែនដែលជាច្រកចេញចូលរបស់ភ្ញៀវទេសចរ…
ការត្រៀមខ្លួនទុកជាមុន គឺជារឿងចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យដែលកើតមានឡើង នៅពេលដែលថៃ កាត់ផ្តាច់ថាមពល និងសេវាអ៊ីនធឺណិត នៅទីក្រុងប៉ោយប៉ែត ដើម្បីកុំអោយរំខានដល់ដំណើរការជាប្រក្រតីនៅតាមការិយាល័យសំខាន់ៗ ជាពិសេស គឺច្រកព្រំដែនដែលជាច្រកចេញចូលរបស់ភ្ញៀវទេសចរ និង សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ ដូចជា កាសែត the Nation បានឲ្យដឹងថា នៅពេលនេះថៃបានកំពុងតែតាមឃ្លាំមើលក្រុមឧក្រិ.ដ្ឋជន នៅតាមព្រំដែនមីយ៉ាន់ម៉ា ធ្វើការផ្លាស់ប្តូរ ឬរើប្រតិបត្តិការខុសច្បាប់របស់ពួកគេពីទីនោះ មកកាន់ទីក្រុងប៉ោយប៉ែត ។
តាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា នៅពេលនេះរដ្ឋាភិបាលថៃកំពុងតាមដាន ។ ប្រសិនបើក្រុមជនខិលខូចរត់គេចពីព្រំដែនមីយ៉ាន់ម៉ាមកបង្កើតមូលដ្ឋាននៅកម្ពុជា ។ ប្រភពដដែលបានបន្តថា ប្រទេសថៃបានរៀបចំជាចាំបាច់ក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីដល់ក្រុងប៉ោយប៉ែតក្នុងប្រទេសកម្ពុជា ប្រសិនបើតម្រូវឱ្យរារាំងក្រុមជនខិលខូចដែលបានរត់គេចពីប្រទេសមីយ៉ាន់ម៉ា ។ នៅពេលនេះ កិច្ចការនេះគឺស្ថិតនៅក្នុងដៃរបស់ឧបនាយករដ្ឋមន្ត្រីថៃ ភូមថាម វេឆាយ៉ាឆៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ភូមថាម បានធ្វើដំណើររួចហើយមកតំបន់ព្រំដែនថៃ ហើយគេក៏បានបង្ហើបថា កិច្ចប្រជុំផ្ទៃក្នុងនៃក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីវាយតម្លៃពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ក្រុមបងធំនៅមីយ៉ាន់ម៉ា ក៏បានរៀបចំ រីឯវិធានការក៏បានលើកឡើង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការសម្រេចរឿងកាត់ផ្តាច់ចរន្តអគ្គិសនីអ៊ីនធឺណិត និងប្រេងឥន្ធនៈមកកម្ពុជា គឺនៅមិនទាន់មាននៅឡើយទេ ។ លោក ភូមថាម ធ្លាប់បាននិយាយថា ស្ថានការណ៍នៅព្រំដែនមីយ៉ាន់ម៉ា និងស្ថានការណ៍នៅព្រំដែនកម្ពុជា គឺមានស្ថានភាពខុសគ្នា ។
ក្រៅពីការកាត់ផ្តាច់ថាមពលអគ្គិសនី សេវាកម្មអ៊ីនធឺណិត និងប្រេងឥន្ធនៈ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាមក៏មានសេចក្តីរាយការណ៍ថា ថៃកំពុងពិចារណាលើសំណើសាងសង់ជញ្ជាំងប្រវែង ៥៥ គីឡូម៉ែត្រតាមបណ្តោយព្រំដែនកម្ពុជាក្នុងស្រុកអារញ្ញខេត្តស្រះកែវ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀ.ន ។
ប្រភពដដែលបានដកស្រង់សំដីអ្នកនាំពាក្យក្រសួងការពារជាតិ គឺលោកឧត្តមសេនីយ៍ ថាណាធីប សាវ៉ាងសឿង (Thanathip Sawangsaeng ) ថា សំណើសម្រាប់កសាងជញ្ជាំងនេះត្រូវបានលើកឡើងជាមួយឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ស្រុក អារញ្ញយ៉ាប្រាថេត ជាប់នឹងព្រំដែនកម្ពុជាថ្មីៗនេះ ។
ប្រភពដដែលបានបន្តថា សំណើនេះត្រូវបានដាក់រួមដោយប៉ូលិស មន្ត្រីយោធា និងក្រសួងមហាផ្ទៃ ដើម្បីជាវិធានការពង្រឹងកិច្ចប្រឹងប្រែងប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀ.នតាមបណ្តោយព្រំដែនថៃ-កម្ពុជា ។
លោក ថាណាធីប បានពន្យល់ថា បច្ចុប្បន្ននេះ តាមបណ្តោយព្រំដែនប្រវែង៥៥ គីឡូម៉ែត្រ នៃព្រំដែន ១៦៥ គីឡូម៉ែត្រ ត្រូវបានធានាសុវត្ថិភាពដោយលួសបន្លា ខណៈដែលបណ្តោយព្រំដែនដែលសល់ជាផ្ទៃធម្មតាដែលអាចឲ្យមនុស្ស និងក្រុមឧក្រិដ្ឋជនចេញចូលប្រទេសដោយខុសច្បាប់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាដ៏ទូលំទូលាយមួយ គឺចាំបាច់ត្រូវធ្វើ ដើម្បីវាយតម្លៃផលប៉ះពាល់សក្តានុពលលើសហគមន៍មូលដ្ឋាន និងដើម្បីធានាថា ជញ្ជាំងត្រូវបានសាងសង់នៅខាងក្រៅតំបន់ដែលទទួលរងនូវការទាមទារទឹកដីត្រួតស៊ីគ្នា ។
មកដល់ពេលបច្ចុប្បន្ននេះ ទីក្រុងប៉ោយប៉ែត ត្រូវបានគេដឹងថា គឺជាទីក្រុងមួយស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលនៃខេត្តបន្ទាយមានជ័យ ។ ទីក្រុងនេះ គឺជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍ និងច្រកចេញចូលទំនិញដ៏ចម្បងមួយរបស់កម្ពុជា នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងថៃ ។
ពាក់ព័ន្ធនឹងចំណាត់ការរបស់ថៃ អ្នកវិភាគមួយរូបបានលើកឡើងថា ថៃមិនអាចចេះតែសម្រេចដោយអត្តនោម័តលើចំណាត់ការដែលខ្លួនបានលើកឡើងនេះទេ ដោយសារតែបើថៃមានវិធានការមិនមែនតែប៉ះពាល់ដល់កម្ពុជា ជាពិសេសទីក្រុងប៉ោយប៉ែតនេះទេ គឺវាប៉ះពាល់ដល់ថៃខ្លួនឯងដែរ ។
លោកបានលើកឡើងថា ប៉ោយប៉ែតជាច្រកអន្តរជាតិសំខាន់សម្រាប់កម្ពុជា ។ តែវាក៏ជាច្រកសេដ្ឋកិច្ចដែលមានតម្លៃមហាសាលមួយរបស់ថៃដែលខុសពីសក្តានុពលដែលមាននៅតាមទីប្រជុំជនដែលថៃបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល សេវាអ៊ីនធឺណិត និងប្រេងឥន្ធៈជាមួយនឹងមីយ៉ាន់ម៉ា ៕
ចែករំលែកព័តមាននេះ