ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា ទឹកឃ្មុំ​ដែល​សមត្ថកិច្ច​ជំនាញ​សង្ស័យ ហើយ​ចាត់វិធានការ​ច្បាប់​ប្រមាណ​ជា​ជិត​២០​តោន គឺជា​ទឹកឃ្មុំ​សុទ្ធ និង​មិន​ប៉ះពាល់​សុខភាព​ទៅ​ចុះ ប៉ុន្តែ​ប្រសិនបើ​វា គឺជា​ផលិតផល​ក្លែងក្លាយ ហើយ​វា​ប៉ះពាល់​ដល់​សុខភាព ច្បាប់​គួរតែ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង ហើយ​ក៏​ពិចារណា​រលើ​បទចោទប្រកាន់​ទាក់ទង​ក្រមព្រហ្មទណ្ឌ​ផង​ដែរ…

សង្ឃឹមថា ទឹកឃ្មុំ​ដែល​សមត្ថកិច្ច​ជំនាញ​សង្ស័យ ហើយ​ចាត់វិធានការ​ច្បាប់​ប្រមាណ​ជា​ជិត​២០​តោន គឺជា​ទឹកឃ្មុំ​សុទ្ធ និង​មិន​ប៉ះពាល់​សុខភាព​ទៅ​ចុះ ប៉ុន្តែ​ប្រសិនបើ​វា គឺជា​ផលិតផល​ក្លែងក្លាយ ហើយ​វា​ប៉ះពាល់​ដល់​សុខភាព ច្បាប់​គួរតែ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង ហើយ​ក៏​ពិចារណា​រលើ​បទចោទប្រកាន់​ទាក់ទង​ក្រមព្រហ្មទណ្ឌ​ផង​ដែរ ។

កាលពី​ស​ប្តា​ហ៍​មុន នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ថៅកែ​ស្រី ជា​ជនជាតិ​វៀតណាម​ម្នាក់ ជានា​យក ក្រុមហ៊ុន ច័ន្ទ ហាន់​នី អិ​ម​ផត អិ​ច​ផត ( CHAN HONEY IMPORT EXPO RT CO.,LTD) បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​ការ​នាំ​ចូល និង​ស្តុក​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រមាណ​ជិត​២០​តោន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ឃ្វៀន ធី​ថា​ញ់​ធៀន ( NGUYEN THI THANH THIEN) ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​៧៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ដំណើរការ​ច្បាប់​នេះ គឺ​បាន​ចាត់វិធានការ​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​ដែល​មានការ​ចូលរួម​ជា​ច្រើន​សមាសភាព​បាន​ចុះ​ប្រតិបត្តិការ​ដល់ទី​តាំង​ក្រុមហ៊ុន នោះ​ផ្ទាល់ ។ នៅ​ក្នុងអំឡុងពេល​ប្រតិបត្តិការ​នោះ សម​ត្ថិ​កិច្ច​ជំនាញ​បាន​រក​ឃើញ​ទឹកឃ្មុំ​សរុប​ចំនួន​១៣០​ធុង ដែល​មាន​ទម្ងន់​សរុប​ជិត​២០​តោន ។

ដោយ​មាន​ភាព​សង្ស័យ​ចំពោះ​ទឹកឃ្មុំ​ទាំងអស់​អាច​ជា​ផលិតផល​ក្លែងបន្លំ​ប្រភព សមត្ថកិច្ច​ជំនាញ​ក៏​បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដកហូត​ជា​បណ្តោះអាសន្ន ដោយ​រក្សា​ទុក​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​រួច​ធ្វើការ​បិទ​ផ្លុំ​បេ​រ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បន្ត និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ជនជាតិ​វៀតណាម រួម​នឹង​បុគ្គល​ពាក់ព័ន្ធ​ទៅ​សាកសួរ​បំភ្លឺ ហើយ​ក៏​ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៤ ក៏​បា​នប​ញ្ជូ​ល​ស្ត្រី​រូប​នេះ​ទៅ​តុលាការ​តែ​ម្តង ។

មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ស្ត្រី​ជនជាតិ​វៀតណាម​ដែល​ជានា​យក​ក្រុមហ៊ុន​នេះ​ត្រូវ​ចោទប្រកាន់​យ៉ាងណា​នោះ​ទេ ហើយ​គេ​ក៏​នៅ​មិន​ទាន់​ដឹង​ថា តើ​ទឹកឃ្មុំ​ទាំងនោះ​វា គឺជា​ទឹកឃ្មុំ​ធម្មតា​ដែល​គេ​នាំ​ចូល ឬ​ក៏​ជា​ទឹកឃ្មុំ​ច្នៃ​ពី​អ្វី​ផ្សេង ដើម្បី​ក្លែងបន្លំ​យក​លក់​បាន​ថ្លៃ ហើយ​ក៏​គេ​មិនដឹង​ថា តើ​ទឹកឃ្មុំ​ដែល​សមត្ថកិច្ច​រឹបអូស​នេះ គឺជា​ផលិតផល​ដែល​កើត​ពី​ការ​ចម្រាញ់ ដែល​ខុសច្បាប់ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមត្ថកិច្ច​ជំនាញ​គួរតែ​ប្រញាប់​ធ្វើការ​ជាមួយនឹង​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ឲ្យ​បាន​រហ័ស​ប្រយ័ត្ន​យប់​យូរ​សុបិន​ច្រើន ។

ករណី​នេះ​មិនមែន​ជា​រឿង​លេងសើច ដោយសារ​បរិមាណ​ទឹកឃ្មុំ​ដែល​សង្ស័យ​នេះ​ច្រើន​ណាស់ ។ ជិត​២០​តោន មិនមែន​ជា​រឿង​តិចតួច​ឡើយ ហើយ​ទម្រាំ​រក​ឃើញ​មិនដឹង​ថា ក្រុមហ៊ុន​នេះ​បាន​នាំ​ចូល​វា​មក​ចែកចាយ​មិនដឹង​ប៉ុន្មាន​ដង ប៉ុន្មាន​តោន​មក​ហើយ​ដែរ ។ សូម​ប្រញាប់​ពិសោធន៍ និង​ប្រកាស​លទ្ធផល​បាន​ឆាប់​ពេល​ណា​កាន់តែ​ល្អ​ពេល​នោះ ហើយ​ប្រកាសប្រាប់​សាធារណៈជន​ភ្លាម​ៗ ។

នៅ​ក្នុង​ករណី​ដែល​ទឹកឃ្មុំ​ជា​វត្ថុ​តាង​សង្ស័យ​វា គឺជា​ទឹកឃ្មុំ​មែន ហើយ​ក្រុមហ៊ុន​នោះ​ខុស​ត្រូវ​រឿង​គេចពន្ធ ឬ​រំលោភ​និ​តិ​វិធី​នាំ​ចូល​អី គឺ​វា​មិនជា​អី​ទេ គឺ​គ្រាន់តែ​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​ធ្វើការ​បង់​ពិន័យ​តាម​ច្បាប់​ពាក់ព័ន្ធ​ទៅ​គឺ​បាន​ហើយ ។ ប៉ុន្តែ​ប្រសិនបើ​វា គឺជា​ទឹកឃ្មុំ​ដែល​ក្លែងក្លាយ​ហើយ​ជា​ពិ​សេ​សេវា គឺជា​ផលិតផល​ដែល​ចម្រាញ់​ចេញពី​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព គួរតែ​ប្រើប្រាស់​ច្បាប់​ឲ្យ​បាន​ច្រើន ហើយ​ពិន័យ​ឲ្យ​ម៉ឺងម៉ាត់ ។

មិន​អាច​បណ្តោយ​ហើយ​ក៏​មិន​គួរ​សម្រួល​អ្វី​ទាំងអស់ ប្រសិនបើ​ទឹកឃ្មុំ​នោះ​វា​ប៉ះពាល់​ដល់​សុខភាព ពីព្រោះ​នៅ​ពេល​នេះ​សុខភាព​ពលរដ្ឋ​យើង​មួយ​ចំនួន គឺ​ពិតជា​ទ្រុឌទ្រោម​ខ្លាំង​មែន​ដោយសារ​តែ​ចំណីអាហារ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយសារ​តែ​ការ​ហូប​ចុក​អាហារ​ដែល​មិន​មាន​សុវត្ថិភាព​មួយ​ចំណែក និង​ការ​ហូប​ចុក​មិន​ចេះ​គិត​មួយ​ចំណែក អ្នក​ដែល​រង​គ្រោះ​ព្រោះ​ជំងឺមិនឆ្លង​ដូច​ជា ទឹកនោមផ្អែម បេះដូង ថ្លើម ក្រពះ ពោះវៀន តម្រង់​នោម គឺ​កាន់តែ​មាន​ច្រើន ។

នៅ​ក្នុង​ករណី​នេះ ប្រសិនបើ​វា​ប៉ះពាល់​ដល់​សុខភាព​ករណី​ច្បាប់​ប្រឆាំង​លើ​ក្រុមហ៊ុន និង​អ្នក​ដែល​ពាក់ព័ន្ធ ជា​ពិសេស គឺ​ស្ត្រី​ដែល​ឃាត់ខ្លួន​គួរតែ​ឈាន​ដល់​ក្រមព្រហ្មទណ្ឌ​ពីព្រោះ​វា គឺជា​រឿង​អាយុជីវិត ។ ហើយ​លទ្ធផល​នៃ​ការ​ពិសោធន៍​នេះ​គួរតែ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ដឹង ដើម្បី​ពួក​គេ​អាច​អោយ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ទម្រាំ​រក​ឃើញ​មិនដឹង​ថា ក្រុមហ៊ុន​នេះ​នាំ​ចូល និង​ចែកចាយ​ប៉ុន្មាន​តោន ហើយ​និង​មាន​អ្នក​ដែល​យក​ទៅ​ចែកចាយ​បន្ត​ប៉ុណ្ណា​ទេ ។ ក្រៅពី​នោះ សមត្ថកិច្ច​គួរតែ​ស្រាវជ្រាវ​បណ្តាញ និង​រក​អ្នក​ដែល​ពាក់ព័ន្ធ​បោសសម្អាត​ឲ្យ​អស់ ។

សរុប ស្ថាប័ន​ជំនាញ គួរតែ​កំណត់ និង​ធ្វើ​ពិសោធន៍​លើ​ទឹកឃ្មុំ​ទាំងនេះ​ឲ្យ​បាន​រហ័ស ដើម្បី​ឆាប់​ដឹង​ការ​ពិត ។ ការ​ដឹង​ការ​ពិត កាន់តែ​លឿន ផល​ប៉ះពាល់ គឺ​កាន់តែ​តិច ។ ប៉ុន្តែ​ប្រសិនបើ​ការងារ​នេះ​យឺត ហើយ​លទ្ធផល​បង្ហាញ​ថា ទឹកឃ្មុំ​ទាំងនេះ​ក្លែងក្លាយ​ហើយ​មាន​សារធាតុ​ពល​ប៉ះពាល់​ដល់​សុខភាព​ក្រៅពី​ផ្តន្ទាទោស​លើ​ស្ត្រី​រូប​នេះ​អ្នក​ពាក់ព័ន្ធ​គួរតែ​ស៊ើបអង្កេត​បន្ថែម ហើយ​ព្យាយាម​រក​បណ្តាញ ដើម្បី​ប្រមែប្រមូល​ផលិតផល​ទាំងនេះ​មក​កម្ទេច​ចោល ដើម្បី​កុំអោយ​វា​បំផ្លាញ​សុខភាព​ពលរដ្ឋ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ