ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំទើបតែប្រកាសកាលពីយប់មិញថាលោកត្រៀមជួបលោកពូទីននៅក្នុងពេលឆាប់ៗនេះដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន។ លោកថ្លែងដូច្នេះនៅពេលអាមេរិក និងរុស្ស៊ីបញ្ជូនគណៈប្រតិភូទៅជួបគ្នានៅអារ៉ាប៊ីសាអូឌីតជាលើកដំបូង។ លោកត្រាំជឿជាក់ថាលោកពូទីនពិតជាមានឆន្ទៈពិតប្រាកដក្នុងការបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនជាស្ថាពរ។

ថ្វីដ្បិតលោកមិនទាន់កំណត់ថាត្រូវជួបគ្នានៅពេលណា ប៉ុន្តែលោកសង្ឃឹមថានឹងជួបគ្នាឆាប់ៗបំផុតនេះ។ ប៉ុន្មានម៉ោងមុនការថ្លែងរបស់លោកត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីយ៉ូ ថ្លែងថាគម្រោងជួបគ្នានៅអារ៉ាប៊ីសាអូឌីតគ្រាន់តែជាការស្ទាបស្ទង់ចិត្តគ្នាដំណាក់កាលដំបូងតែប៉ុណ្ណោះ។ លោកយល់ថាជួបគ្នាត្រឹមតែម្ដងមិនអាចបញ្ចប់សង្គ្រាមនេះបានឡើយ។

មុនពេលឡើងជិះយន្តហោះអ៊ែហ្វស់វាន់ (Air Force One) លោកត្រាំឆ្លៀតនិយាយប្រាប់អ្នកសារព័ត៌មានថាក្រុមការងារបស់លោកកំពុងនិយាយដោយប្រាកដប្រជាជាមួយរុស្ស៊ី។ ប្រេសិតពិសេសទទួលបន្ទុកខាងកិច្ចការមជ្ឈិមបូព៌ា លោកស្ទីវវីតខូស (Steve Witkoff) ទើបតែនិយាយទូរស័ព្ទជាមួយលោកពូទីនប្រហែលបីម៉ោង។ ដូច្នេះ លោកជឿជាក់ថាលោកពូទីនពិតជាចង់បញ្ចប់សង្គ្រាមនេះ។

នៅពេលសួរថាតើលោកជឿជាក់ថាលោកពូទីនចង់បានទឹកដីអ៊ុយក្រែនទាំងអស់ឬយ៉ាងណា? លោកត្រាំតបថានេះជាអ្វីដែលលោកត្រូវសួរទៅលោកពូទីន។ បើគាត់ចង់ធ្វើដូច្នេះមែន វាជាបញ្ហាដ៏ធំសម្រាប់លោកត្រាំ។ ប៉ុន្តែលោកយល់ថាលោកពូទីនចង់បញ្ចប់សង្គ្រាមអ៊ុយក្រែន ហើយចង់បញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកហ្សេឡិនស្គីក៏ដូចគ្នាដែរ។

ផ្ទុយពីការអះអាងនេះ លោកហ្សេឡិនស្គីយល់ថាលោកពូទីនកំពុងត្រៀមខ្លួនឈ្លានពានរដ្ឋជាសមាជិកអង្គការណាតូបើសិនលោកត្រាំដកខ្លួន ឬកាត់បន្ថយការគាំទ្រចំពោះបក្សសម្ព័ន្ធយោធា១នេះ។ លោកត្រាំហាក់ដូចជានិយាយផ្ទុយពីការព្រួយបារម្ភរបស់លោកហ្សេឡិនស្គី។ លោកថាលោកមិនបារម្ភសូម្បីតែប៉ុនសរសៃសក់ដោយសារពាក្យសម្ដីរបស់លោកហ្សេឡិនស្គី។

លោកត្រាំតែងតែនិយាយជារឿយៗថាលោកអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនត្រឹមតែរយៈពេល២៤ម៉ោងបើលោកជាប់ឆ្នោត។ ប៉ុន្តែជាក់ស្ដែង គេគិតថាមិនងាយស្រួលបញ្ចប់ដូចពាក្យគាត់ថានោះទេ។ សូម្បីតែរដ្ឋមន្ត្រីការបរទេសរបស់លោកត្រាំផ្ទាល់ គឺលោករូប៊ីយ៉ូ ក៏ទទួលស្គាល់ថាសង្គ្រាមដ៏បង្ហូរឈាមនៅអ៊ុយក្រែនដែលអូសបន្លាយពេលជិតបីឆ្នាំ និងពោរពេញដោយភាពស្មុគស្មាញប្រទាក់ក្រឡាគ្នានោះមិនអាចបិទបញ្ចប់ទៅវិញត្រឹមតែការជួបគ្នាជាលើកដំបូងនៅអារ៉ាប៊ីសាអូឌីតនោះឡើយ។

លោករូប៊ីយ៉ូត្រៀមដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចជំនួបទ្វេភាគីជាមួយក្រុមការងាររបស់រុស្ស៊ីនៅទីក្រុងរីយ៉ាត។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើអ៊ុយក្រែននឹងមានមុខនៅទីនោះដែរឬទេ។ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ប្រាប់ថាអាមេរិកមិនបានអញ្ជើញអ៊ុយក្រែនឱ្យចូលរួមទេ។ គម្រោងជួបគ្នានេះហាក់ដូចជារអាក់រអួល និងអាថ៌កំបាំងខ្លាំងណាស់។ លោករូប៊ីយ៉ូថាសូម្បីតែខាងភាគីរុស្ស៊ីបញ្ជូននរណាខ្លះទៅចូលរួមនៅក្នុងកិច្ចប្រជុំក៏លោកមិនទាន់បានដឹងច្បាស់នៅឡើយដែរ។

លោកគ្រាន់តែដឹងថាគម្រោងជួបគ្នាលើកទី១នេះមានគោលដៅបង្កើតការសន្ទនាគ្នាឱ្យបានទូលំទូលាយបន្ថែមទៀតនាពេលអនាគត។ ប្រធានបទសំខាន់និយាយអំពីការដោះស្រាយបញ្ហាអ៊ុយក្រែន និងការបិទបញ្ចប់សង្គ្រាមនេះជាស្ថាពរ។ គេរំពឹងថាប្រេសិតពិសេសទទួលបន្ទុកខាងមជ្ឈិមបូព៌ា និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកក៏នឹងចូលរួមនៅក្នុងកិច្ចជំនួបនេះផងដែរ៕
ចែករំលែកព័តមាននេះ