ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ថៅកែ​ស្រី​វៀតណាម​ម្នាក់ នាំ​ចូល​ទឹកឃ្មុំ​ក្លែងបន្លំ​ជិត​២០​តោន ប្រឈម​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ជា​ថៅ​ក្រុមហ៊ុន​នាំ​ចូល និង​ស្តុក ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ជា​ថៅ​ក្រុមហ៊ុន​នាំ​ចូល និង​ស្តុក ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម ប្រមាណ​ជិត​២០​តោន ដាក់​ពន្ធនាគារ​ព្រៃ​.​ស (​ម​២) ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ ដែល​ប្រឈម​និង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ ។
តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ បាន​បញ្ជាក់​ថា ឈ្មោះ ង្វៀ​ង ធី​ថា​ញ់​ធៀន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ជានា​យក​ក្រុមហ៊ុន CHAN HONEY មាន​ទីកន្លែង​កំណើត​នៅ​ប្រទេស​វៀតណាម ។ ជន​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង មុខ​ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​បទល្មើស​នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ១៣ និង​មាត្រា ៣១ នៃ​ច្បាប់​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ ។

យោង​តាម​មាត្រា ៣១ ការ​ប្រព្រឹត្ត​អំពើ​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ បុគ្គល​ទាំងឡាយ​ណា​ប្រព្រឹត្ត​អំពើ​ផ្ទុយ​និង​មាត្រា ១៣ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ ឆ្នាំទៅ​៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន ទៅ​៤០ លាន​រៀល ។

សូម​ជម្រាប​ថា នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ថៅកែ​ស្រី​ជនជាតិ​វៀត​ម្នាក់ ជានា​យក​ក្រុមហ៊ុន CHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ ដោយ​ជាប់​ពាក់​ពន្ធ​ការ​នាំ​ចូល និង​ស្តុក​ទឹកឃ្មុំ​ក្លែងបន្លំ ប្រមាណ​ជិត​២០ តោន ។

ជនសង្ស័យ​មានឈ្មោះ NGUYEN THI THANH THIEN ភេទ​ស្រី ជា​ជនជាតិ​វៀតណាម ជា​ម្ចាស់​ក្រុមហ៊ុន ច័ន្ទ ហាន់​នី អិ​ម​ផត អិ​ច​ផត ឯ​.​ក អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ ៧៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ សំណុំរឿង​បាន​ស្ថិត​នៅ​ដៃ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង បើក​ការ​ស៊ើបសួរ ។

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ជំនា ញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការ​ដឹកនាំ​សម្រប​ស ម្រួ​ល​នីតិវិធី​ផ្ទាល់​ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​សាខា (​ក​.​ប​.​ប​) រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំង​ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិត​នៅផ្ទះ​លេខ ៧៦ ផ្លូវ​បេតុង ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​សង្ស័យ​ធ្វើការ​នាំ​ចូល ស្តុក​ទុក​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ទំនិញ ។

ក្នុង​ការ​ត្រួតពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ ទឹកឃ្មុំ​សរុប​ចំនួន ១៣០​ធុង ដែល​មាន​ទំងន់​សរុប​១៩,៨៩០​គីឡូក្រាម (​ជិត​២០ គីឡូក្រាម​) ។ ដោយ​មាន​ភាព​សង្ស័យ​ចំពោះ​ទឹកឃ្មុំ​ទាំងអស់ អាច​ជា​ផលិតផល​ក្លែងបន្លំ​ប្រភព លោក​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដកហូត​ជា​បណ្តោះអាសន្ន ដោយ​រក្សា​ទុក​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​រួច​ធ្វើការ​បិទ​ផ្លុំ​បេ​រ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បន្ត និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ជនជាតិ​វៀតណាម រួម​នឹង​បុគ្គល​ពាក់ព័ន្ធ​ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី ។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​សូម​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ សូម​រួម​គ្នា​គោរព​ច្បាប់​ទាំងអស់​គ្នា ដើម្បី​លើកកម្ពស់​កិ​តិ្ត​យស កេ​រ្ត៍​ឈ្មោះ​របស់​កម្ពុជា​យើង ក៏​ដូច​ជា​ទំនុកចិត្ត​ពី​អ្នក​វិនិយោគទុន ហើយ​បើ​មាន​ព័ត៌មាន ឬ​ក៏​សង្ស័យ​ពី​ការ​ស្តុក​ទុក​ទំនិញ​ក្លែងបន្លំ​ប្រភព សូម​ធ្វើការ​រាយការណ៍​ដល់​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា ៕

«ចាប់ខ្លួន​ថៅកែ​ស្រីជនជាតិ​វៀតណាម​ម្នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធនាំ​ចូល និង​ស្តុក​ទឹកឃ្មុំ​ក្លែងបន្លំ ជិត​២០​តោន»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ