ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​គុន​ខ្មែរ​ ដាក់​គោលដៅ​ផលិត​យុវជន​ថ្នាល​ និង​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​១០០​ប្រទេស ក្នុង​១០​ឆ្នាំ ​និងប្រកាស​តែងតាំង​អគ្គលេខាធិការ​ជា​ផ្លូវការ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ លោកឧត្តមសេនីយ៍ទោ ខូ​វ ឆាយ ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្នុង​ការ​ពង្រឹងគុណភាព​របស់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ​ឱ្យ​មាន​ធនធាន​សម្បូរ​បែប​ ប្រកបដោយ​គុណភាព​ខ្ពស់​ៗ…

រាជធានី​ភ្នំពេញ​ ៖ លោកឧត្តមសេនីយ៍ទោ ខូ​វ ឆាយ ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្នុង​ការ​ពង្រឹងគុណភាព​របស់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ​ឱ្យ​មាន​ធនធាន​សម្បូរ​បែប​ ប្រកបដោយ​គុណភាព​ខ្ពស់​ៗ ជា​ពិសេស យុវ​វ​ជន​ថ្នាល ​ដើម្បី​ឱ្យ​មានឱកាស​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​ នូវ​ក្បាច់គុន​អត្តសញ្ញាណ​ជាតិខ្មែរ ដែល​ជា​មរតក​ដូនតា​ខ្មែ​ ឬ​ឱ្យ​បាន ១០​ប្រទេស ក្នុង​១​ឆ្នាំ នោះ​ក្នុង​រយៈពេល១០​ឆ្នាំ នឹង​ស្មើនឹង​១០០​ប្រទេស​ និង​ការ​ប្រកាស​តែងតាំង​អគ្គលេខាធិការ​ថ្មី​ ជា​ផ្លូវការ​ទៀត​ផង ​។

ការ​បង្ហាញ​ចក្ខុវិស័យ និង​ការ​ដាក់​ផែនការ ​ប្រកបដោយ​ភាព​ជឿជាក់ ក្នុង​ឆន្ទៈ​ដ៏​មោះមុត​របស់​លោក​ប្រធាន ខូ​វ ឆាវ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​អគា​រដ្ឋបាល​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ស្តី​ពី​ការ​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ ​។

លោក ខូ​វ ឆាយ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​តែងតែ​ជម្រាប​ជូន​ថា ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ គឺជា​កីឡា​អត្តសញ្ញាណ​ជាតិ ហើយ​កម្ពុជា​ គឺជា​ម្ចាស់​ក្បាច់គុន​មរតក​ដូនតា​ខ្មែរ​។ ដូច្នេះ ក្នុង​នាម​យើង​ជា​អ្នក​ស្នង​មរតក​ក្បាច់គុន​ដូនតា​ខ្មែរ មាន​ភារកិច្ច​មិន​ត្រឹមតែ​ដឹកនាំ​ការ​ប្រកួត ដណ្តើម​មេដាយ ខ្សែក្រវាត់​ជូន​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​មាន​ភារកិច្ច​ចម្បង​មួយទៀត ក្នុង​ការ​ផ្សព្វផ្សាយ​ក្បាច់គុន​មរតក​ដូនតា​ខ្មែរ ដើម្បី​ឱ្យ​ពិភពលោក​បាន​ស្គាល់​ថា​ តើ​ក្បាច់គុន​របស់​ខ្មែរ​មាន​ភាព​អស្ចារ្យ​បែប​ណា​»​ ។

ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ គូសបញ្ជាក់​បែប​នេះ​ទៀត​ថា ៖ «​ទាំងនេះ គឺជា​កាតព្វកិច្ច​ ដ៏​ចម្បង​របស់​យើង​ទាំងអស់​គ្នា ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្នុង​នាម​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​ជា​អ្នក​ទទួលខុសត្រូវ​ធំ​បំផុត ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ទាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ក្នុង​សកលលោក​។ ក្នុង​អាណត្តិ​ថ្មី​ទី​៨ ឆ្នាំ​២០២៥-២០២៩ គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កំពុង​រៀបចំ​ផែនការ​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​នៅ​កាន់​ឆាក​អន្តរជាតិ ក្នុង​១​ឆ្នាំ យ៉ាងតិច ក៏​១០​ប្រទេស​ដែរ ហើយ​ក្នុង​រយៈពេល ១០​ឆ្នាំ យើង​អាច​ចេញ​ទៅ​ផ្សព្វផ្សាយ ១០០​ប្រទេស​ហើយ​» ​។

«​ដូច្នេះ​តាម​រយៈ​ផែនការ​នេះ ក្នុង​រយៈពេល​អនាគត​ខាង​មុខ វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​អាច​ទៅ​ដល់​គ្រប់​ទិស​ទី នៅ​ក្នុង​ពិភពលោក ហើយ​ប្រទេស​ទាំងនោះ ដែល​កម្ពុជា​បាន​ទៅ​ដល់​នឹង​បាន​ស្គាល់​ពី​កម្ពុជា​យើង​ជាក់​ជា​មិន​ខាន ដោយ​មិន​ត្រឹម​ស្គាល់​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​អាច​នឹង​ស្វែង​យល់​អំពី​ប្រាសាទអង្គរវត្ត ដែល​ជា​អច្ឆរិយៈវត្ថុ​លើ​លោក សម្បត្តិ​វប្បធម៌​ធម្មជាតិ​នានា តំបន់​ទេសចរណ៍ធម្មជាតិ​-​ប្រវត្តិសាស្ត្រ​ជា​ច្រើន រួម​ជាមួយនឹង​ប្រជាជន​ខ្មែរ​ប្រកបដោយ​ស្នាមញញឹម​រួសរាយ​រាក់ទាក់ សីលធម៌ ប្រពៃណី​វប្បធម៌ ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​ផង​ដែរ​»​ នេះបើតាមលោក ខូ​វ ឆាយ បាន​បន្ថែម ​។

សង្កត់ធ្ងន់​បន្ថែម​ពីលើ​នេះ លោក​បន្ថែម​ថា ទាំង​អស់នេះ គឺជា​ចំណុច​ទាក់ទាញ​របស់​កម្ពុជា​នៅ​លើ​ពិភពលោក ​ឱ្យ​ងាក​មក​ស្រឡាញ់​រាប់អាន ប្រទេស​ជាតិ និង​ប្រជាជន​របស់​យើង ដើម្បី​លើកតម្កើង​សេដ្ឋកិច្ចជាតិ ជីវភាព​របស់​ប្រជាជន​យើង​។ នេះ​ជា​ផែនការ​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ក្នុង​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​ស្ទួយ​កិត្តិយស កិត្តិសព្ទ​ជាតិខ្មែរ តាម​រយៈ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​។ «​ក្នុង​ឱកាស​នេះ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ទិស​ទី ទាំង​ក្នុង និង​ក្រៅប្រទេស​ទាំងអស់​សូម​ចូលរួម​ជា​ចលនា​គាំទ្រ​ដល់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​ល្បី​រន្ទឺ​នៅ​លើ​ពិភពលោក ដែល​ជា​មោទកភាព​ជាតិខ្មែរ​យើង​ទាំងមូល​»​ ។

ជាមួយ​គ្នា​ជាមួយ​គ្នា​នេះ​ដែរ លោក ​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ ក៏​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី សម្រាប់​អាណត្តិ​ទី​៨ ឆ្នាំ​២០២៥-២០២៩ ជា​លើក​ដំបូង​។ ជា​លទ្ធផល​ នៃ​កិច្ចប្រជុំ​សម្រេច​បាន ទី​១.​អង្គប្រជុំ​សម្រេច​ជា​ឯកច្ឆន្ទ​តែងតាំង​ឧត្តមសេនីយ៍ត្រី សៀន សុ​ភក្ត្រ ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រាប់​អាណត្តិ​ទី​៨​នេះ ​ជា​ផ្លូវការ​ហើយ​។ ទី​២.​បែងចែក​តួនាទី​ភារកិច្ច​ជូន​សមាជិក​គណកម្មាធិការ​ប្រតិបត្តិ​។ ទី​៣.​ការងារ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ