រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៤ កុម្ភៈ ២០២៥នេះថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីរថយន្តស៊ីរ៉ែន ម៉ាកកាមារីបាឡែន ពណ៌ខ្មៅ ឈប់នៅគំនូសផ្លូវអ្នកដំណើរថ្មើរ ជើងកាត់ទទឹងផ្លូវ នៅខណ្ឌដូនពេញ រួចមកលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវជាបន្ទាន់ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្តថា ក្រោយពីធ្វើការស្រាវជ្រាវ ទើបរកឃើញថា រថយន្តខាងលើរបស់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ កម្លាំងជំនាញ បានធ្វើការកោះហៅមន្ត្រីផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកសួរនាំដែលជាអ្នកបើកបររថយន្តនោះ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្តទៀតថា នៅពេលសួរនាំ មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ បានបំភ្លឺថា នៅថ្ងៃកើតហេតុ រូបគាត់បានជិះរថយន្តខាងលើទៅចាក់សាំង លុះដល់ចំណុចស្តុបផ្លូវព្រះនរោត្តម កែង១៧៨ សញ្ញាភ្លើងស្តុបលោតពណ៌លឿង ទើបគាត់មិនហ៊ានបន្តដំណើរទៅមុខទៀត ក៏ឈប់លើគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា ក្រោយពីសួរនាំរួច មន្ត្រីផ្នែកព្រហ្មទណ្ឌ បានទទួលកំហុសឆ្គង និងយល់ព្រមផាកពិន័យតាមច្បាប់កំណត់ ហើយសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ កុំឱ្យមានកំហុសឆ្គងបន្តទៀត ៕
ចែករំលែកព័តមាននេះ