ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd នឹងបណ្តេញបុគ្គលិក២០០នាក់ថែមទៀត ដើម្បីបន្តកាត់បន្ថយការចំណាយ

1 អាទិត្យ មុន

ចក្រភពអង់គ្លេស ៖ ប្រភពពីកាសែត The Sun កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ក្លិបបាល់ទាត់ Manchester United…

ចក្រភពអង់គ្លេស ៖ ប្រភពពីកាសែត The Sun កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ក្លិបបាល់ទាត់ Manchester United នឹងបណ្តេញបុគ្គលិករហូតដល់២០០នាក់បន្ថែមទៀត នៅក្នុងការផ្លាស់ប្តូរចុងក្រោយក្នុងចំណោមការផ្លាស់ប្តូរជាច្រើន ក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មី លោក Jim Ratcliffe ដើម្បីកាត់បន្ថយការចំណាយដ៏ច្រើនលើសលប់។

Sir Jim Ratcliffe មហាសេដ្ឋីសញ្ជាតិអង់គ្លេសបានចំណាយប្រាក់ជាង ១,២ពាន់លានដុល្លារ ទិញ​យកភាគហ៊ុនភាគច្រើន ២៧.៧% ក្នុងក្លិប Man Utd កាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក មហាសេដ្ឋីវ័យ៧២ឆ្នាំរូបនេះ បានដាក់ចេញវិធានការជាច្រើនក្នុងការជួសជុលហិរញ្ញវត្ថុក្លិបយក្សអង់គ្លេសមួយនេះ ដែលបង្កឱ្យមានការខកចិត្ត និងរិះគន់ពីសំណាក់អ្នកពាក់ព័ន្ធក្នុងក្លិប រួមទាំងអ្នកគាំទ្រជាច្រើនផងដែរ។

កាសែត The Sun កាលពីថ្មីៗនេះ បានរាយការណ៍ថា បុគ្គលិកក្លិបចន្លោះពី ១០០ ទៅ ២០០នាក់ នឹងត្រូវបណ្តេញចេញពីការងារ ដើម្បីកាត់បន្ថយការចំណាយ។ ប្រភពមួយស្និទ្ធនឹងរឿងនេះ បានប្រាប់ The Sun ថា នៅទីបំផុតបាល់ទាត់គឺជាអាជីវកម្មមួយ ប៉ុន្តែមានមនុស្សរាប់រយនាក់បានធ្វើការដោយមិនខ្លាចនឿយហត់ពីក្រោយរឿងនេះ ដែលរួមចំណែកដល់ភាពជោគជ័យក្លិប។ ហើយពួកគេជាច្រើននាក់ បានបាត់បង់ការងាររួចទៅហើយកាលពីឆ្នាំមុន ហើយការផ្លាស់ប្តូរថ្មីនេះ នឹងកើតឡើងជាការវាយប្រហារដ៏ធំមួយផ្សេងទៀត»។

ក្រោមការដឹកនាំរបស់លោក Ratcliffe បុគ្គលិកប្រមាណ ២៥០នាក់ក្នុងចំណោមកម្លាំងការងារ ១,១៥០នាក់ ត្រូវបានចាត់ទុកថាមិនសំខាន់សម្រាប់ក្លិប កាលខែកក្កដា ឆ្នាំមុន។ ស្របពេលក្លិបបានខាតបងប្រាក់ជាង ៣៧០លានដុល្លារក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ លោក Ratcliffe បន្តប្ដេជ្ញាចិត្តថានឹងនាំយកភាពរុងរឿងរបស់ក្លិបត្រឡប់មកវិញ ហើយសុខចិត្តផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងទាំងក្នុង និងក្រៅទីលាន។

ឆ្នាំដំបូងដ៏ចម្រូងចម្រាសរបស់លោក Ratcliffe នៅក្លិប Man Utd រួមមាន ការដំឡើងថ្លៃសំបុត្រទស្សនា ដកតួនាទីលោក Alex Ferguson ពីទូតសុច្ឆន្ទៈដោយទទួលបានការផ្តល់ជូនពីក្លិបចំនួន ២,៧លានដុល្លារក្នុងមួយឆ្នាំ និងលុបចោលពិធីជប់លៀងថ្ងៃបុណ្យណូអែលសម្រាប់បុគ្គលិកទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ លោក Ratcliffe ថែមទាំងបានបញ្ចប់ការបរិច្ចាគ ៥ម៉ឺនដុល្លារដល់មូលនិធិជួយអតីតកីឡាកររបស់ក្លិប Man Utd បន្ទាប់ពីចូលនិវត្តន៍ និងបានដកប្រាក់រង្វាន់ ១២៥ដុល្លាររបស់បុគ្គលិកប្តូរជាមួយប័ណ្ណ M&S តម្លៃត្រឹម៥០ដុល្លារជំនួសវិញ។ បុគ្គលជាន់ខ្ពស់របស់ក្លិបក៏បានឃើញកាតឥណទានក្រុមហ៊ុន និងរថយន្តឯកជនរបស់ពួកគេត្រូវបានលុបចោលផងដែរ។

សូម្បីតែនៅពេលក្រុម Man Utd ធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់ FA Cup កាលពីខែឧសភា ឆ្នាំ២០២៤ លោក Ratcliffe បានបញ្ចប់អត្ថប្រយោជន៍សម្រាប់បុគ្គលិកដូចជា ការធ្វើដំណើរដោយឥតគិតថ្លៃ អាហារ ពិធីជប់លៀង និងទីកន្លែងស្នាក់នៅសម្រាប់ការធ្វើដំណើរទៅកាន់កីឡដ្ឋានជាតិ Wembley ថែមទៀតផង។

សូមជម្រាបថា ក្រុមបិសាចក្រហម Man Utd ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិ​ព័រ​ទុយ​ហ្គាល់ លោក Ruben Amorim កំពុងធ្លាក់យ៉ាងខ្លាំងនៅរដូវកាលនេះ ដោយបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី១៣ នៃលីគក្នុងស្រុក (Premier League) បើទោះបីជាពួកគេធ្វើបានល្អ នៅក្នុងការប្រកួតប្រជែងពានរង្វាន់ទ្វីបអឺរ៉ុបកម្រិតទី២ Europa League ដោយកក់កៅអីវគ្គ១៦ក្រុមចុងក្រោយយ៉ាងណាក៏ដោយ៕ ដកស្រង់ ៖ The Sun

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ