រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចឃាត់ខ្លួន ក្រោយពេលប៉ុនប៉ង លោតទឹកពីលើស្ពានព្រែកសំរោងមិនស្លាប់ ដោយសារបានអ្នកនេសាទជួយសង្គ្រោះទាន់ គ្រាន់តែរឿងតេទូរស័ព្ទទៅនារីសង្សាមិនលើក ខឹងចិត្តជិះម៉ូតូទៅកាប់នាងដល់កន្លែងធ្វើ ការ បណ្ដាលឲ្យរងរបួសជាទម្ងន់ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ជ័យជំនះ ខេត្តកណ្តាល និងបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥ នៅហាងចរណៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិក្បាល ជ្រោយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យុវជនជាជនសង្ស័យដែលសមត្តកិច្ចឃាត់ខ្លួនមានឈ្មោះ ភ័ក្រ្ត សុវណ្ណារ៉ា ប្រុស អាយុ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
រីឯជនរងគ្រោះមានអាយុ១៧ឆ្នាំ មុខរបរបុគ្គលិកហាងចរណៃ មានទីលំនៅភូមិដើមស្លែង សង្កាត់បារអំ ពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនសង្ស័យ និងជនរងគ្រោះ ភ្លាប់មានការទំនាក់ទំនងស្នេហាល្អុកល្អឺនជាមួយគ្នា ហើយក្រោមមក ជនសង្ស័យក៏ចេះតែបង្ខំឲ្យជនរងគ្រោះ ទៅរស់ នៅផ្ទះជាមួយគ្នាតែជនរងគ្រោះមិនព្រម ទើបកើតមានទំនាស់ ពាក្យសម្តីគ្នាជាបប្តបន្ទាប់ ដែលពេលនោះជនសង្ស័យក៏បានគំរាមជនរងគ្រោះថា បើចង់បែកពីគេទៅមានអ្នកថ្មី គេនឹងទៅកាប់សម្លាប់ចោល ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា លុះដល់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥ ខណៈជនរងគ្រោះកំពុងស្ថិតនៅធ្វើការដូចសព្វដង ជនសង្ស័យបានតេទូរស័ព្ទទាក់ទង់ទៅជនរងគ្រោះចំនួន២ដង តែជនរងគ្រោះមិនលើកនិយាយជាមួយទេ បណ្តាលឲ្យជនសង្ស័យមានចិត្តខឹង ក៏ទាញម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HR-3210 ជិះទៅឈប់ពីមុខហាងចរណៃ ចូលទៅចាប់ទាញដៃជនរងគ្រោះមកក្រៅហាង រួចបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោកាប់ជនងគ្រោះត្រូវចំក្បាល និងកាប់ជើងឆ្វេងដាច់ឆ្អឹងរបួសធ្នន់ ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួន ទៅលើស្ពានព្រែកសំរោងដើម្បីលោតទឹកប៉ុនប៉ងសម្លាប់ខ្លួន តែមានវាសនាមិនស្លាប់ដោយ សារអ្នកប្រជានេសាទជួយទាន់ស្រង់ទាន់ពេលវាលា និងបានចាប់យកទៅប្រគល់ឲ្យសមត្តកិច្ចនគរបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ