ទោះបីជារឿងនាំចេញសត្វស្វាក្តាមជារឿងចម្រូងចម្រាស់ ហើយធ្លាប់មានមន្ត្រីជាន់ខ្ពស់ម្នាក់ ត្រូវអាជ្ញាធរអាមេរិកចាប់ខ្លួនបញ្ជូលទៅតុលាការ ក៏កម្ពុជានៅតែអាចទទួលបានសិទ្ធិនាំចេញសត្វនេះបន្តទៀតបាន រហូតដល់ចុងឆ្នាំដោយសារតែមានតម្រូវការ ។ មូនហ្គាបេ (Mongabay)ដែលជាអង្គការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនគិតប្រាក់ចំណេញមួយ ដែលតែងតែធ្វើសេចក្តីរាយការណ៍អំពីធនធានធម្មជាតិ សត្វព្រៃ…
ទោះបីជារឿងនាំចេញសត្វស្វាក្តាមជារឿងចម្រូងចម្រាស់ ហើយធ្លាប់មានមន្ត្រីជាន់ខ្ពស់ម្នាក់ ត្រូវអាជ្ញាធរអាមេរិកចាប់ខ្លួនបញ្ជូលទៅតុលាការ ក៏កម្ពុជានៅតែអាចទទួលបានសិទ្ធិនាំចេញសត្វនេះបន្តទៀតបាន រហូតដល់ចុងឆ្នាំដោយសារតែមានតម្រូវការ ។
មូនហ្គាបេ (Mongabay)ដែលជាអង្គការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនគិតប្រាក់ចំណេញមួយ ដែលតែងតែធ្វើសេចក្តីរាយការណ៍អំពីធនធានធម្មជាតិ សត្វព្រៃ និងវិទ្យាសាស្ត្របរិស្ថាន បានរាយការណ៍ និងបញ្ជាក់ពីភាពស្របច្បាប់នៃពាណិជ្ជកម្មសត្វស្វាក្តាមរបស់កម្ពុជា ។

ប្រភពដដែលបានអះអាងថា សាយតេស (CITES) ដែលគេដឹងថា ជាគណកម្មការអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិជិតផុតពូជបានច្រានចោលសំណើផ្អាកការនាំចេញសត្វស្វារបស់កម្ពុជា ។
សាយតេស បានអះអាងថា ការនាំចេញសត្វស្វាក្តាម ឬស្វាកន្ទុយវែងរបស់កម្ពុជានឹងនៅតែស្របច្បាប់រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ការដែលសាយតេសមិនសម្រេចចិត្តផ្អាកការនាំចេញបែបនេះ គឺដោយសារតែវាមានតម្រូវការផ្នែកវិទ្យាសាស្ត្រ និងមន្ទីរពិសោធន៍នៅក្នុងប្រទេស ជប៉ុន ចិន កាណាដា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ។ នៅក្នុងនោះក៏មានប្រទេសខ្លះដូចជា ករណីកាណាដាបានបង្ហាញទំនុកចិត្តលើការអនុលោមតាមរបស់កម្ពុជាពាក់ព័ន្ធនឹងដំណើរការនាំចេញសត្វប្រភេទនេះ ។
ការដែលសាយតេសសម្រេចបែបនេះបានបណ្តាលឲ្យក្រុមអ្នកអភិរក្សខ្លះបានសម្តែងការខកចិត្ត ដោយលើកឡើងពីការគំរាមកំហែង ដែលកំពុងកើតមានចំពោះសត្វស្វាព្រៃ រួមទាំងការបរបាញ់ ការបាត់បង់ទីជម្រក ហើយព្រមានថាការសម្រេចចិត្តនេះអនុញ្ញាតឱ្យមានការអនុវត្តពាណិជ្ជកម្មដែលគ្មាននិរន្តរភាពចំពោះមុខភស្តុតាងនៃការប្រព្រឹត្តខុស ។
រឿងពាណិជ្ជកម្មសត្វស្វាក្តាមនេះ គឺជារឿងដ៏រសើបរបស់កម្ពុជានៅលើអន្តរជាតិ ខណៈដែលគេដឹងថា វាមានទំហំចូលដល់កន្លះពាន់លានដុល្លារឯណោះ ។ តាមការស្រាវជ្រាវឯកសារបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មសត្វស្វានេះ កាលពីឆ្នាំ២០២៣ គឺមានតម្លៃលើសពី៥១៦លានដុល្លារនៅក្នុងនោះ អាមេរិក និង ជប៉ុន ជាប្រទេសដែលចាយលុយច្រើនបំផុតលើពាណិជ្ជកម្មសត្វស្វានេះ ដោយអាមេរិកមួយឆ្នាំ គឺប្រមាណជា១២២លានដុល្លារ ហើយជប៉ុនវិញ គឺប្រមាណជា ៩៦លានដុល្លារ ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិពេលដែលមន្ត្រីរូបនោះបានធ្វើដំណើរឆ្លងកាត់ ហើយឃុំឃាំង និងបញ្ជូនទៅតុលាការ ។ ក្រោមការយកចិត្តទុកដាក់ដើម្បីការពារកិត្តិយស និងការពារភាពស្របច្បាប់របស់កម្ពុជា នៅលើពាណិជ្ជកម្មសត្វស្វានេះកម្ពុជាក៏បានរកយុត្តិធម៌ ហើយសហរដ្ឋអាមេរិកក៏បានដោះលែងឲ្យមន្ត្រីរូបនោះមកកាន់មាតុប្រទេសវិញផងដែរកាលពីឆ្នាំ២០២៤ កន្លងទៅ ។
មកដល់ពេលនេះ ដោយសារប្រតិភូមកពីប្រទេសកាណាដា ចិន ប៉ូឡូញ គុយវ៉ែត និងសហរដ្ឋអាមេរិក សុទ្ធតែបានយល់ព្រមតាមសំណើរបស់កម្ពុជា ដូច្នេះហើយ គណៈកម្មាធិការអចិន្ត្រៃយ៍ សាយតេស បានសម្រេចចិត្តដកកម្ពុជា ចេញពីបម្រាមការជួញដូរសត្វស្វាក្តាមសិនរហូតដល់មានកិច្ចប្រជុំថ្មីដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅអូបេគីស្ថាន ៕
ចែករំលែកព័តមាននេះ