រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥កន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មានមួយពាក់ព័ន្ធនឹងករណីភាគីថៃកាត់ផ្តាច់បណ្តាញទូរគមនាគមន៍របស់ខ្លួន នៅក្នុងខេត្តស្រះកែវ ដែលសង្ស័យថាត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញនៅតាមតំបន់ព្រំដែន ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បញ្ជាក់ថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃ មិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ ពីព្រោះប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់សេវាអុីនធឺណិត និងសេវាទូរស័ព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ។
កន្លងមក ក.ប.ទ និងនិយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ចំពោះការលួចដំឡើងបណ្តាញទូរគមនាគមន៍ខុសច្បាប់ នៅតាមខេត្ត-ក្រុង និងតំបន់ជាប់ព្រំដែនផងដែរជាអាទិ៍ ការស្ថាបនាបណ្តាញខ្សែកាបអុបទិកក្នុងប្រទេស និងឆ្លងដែនដោយគ្មានអាជ្ញាប័ណ្ណ ការលួចបំពាក់ឧបករណ៍ចាប់យកសេវាទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន Fake BTS និងការលួចប្រើប្រាស់សេវាអុីនធឺណិតតាមផ្កាយរណបជាដើម ដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់ផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងបានបញ្ជាក់ថាដើម្បីធានាបាននូវសេវាទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ក.ប.ទ បានចាត់ឱ្យ ន.ទ.ក សហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការស្ថាបនានិងបំពាក់ស្ថានីយអង់តែនទូរស័ព្ទជាង ៥ ០០០បន្ថែម នៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ។តាមសារព័ត៌មានថៃ The Nation សមត្ថកិច្ចថៃចាប់ផ្ដើមកាត់ផ្ដាច់សេវាទូរគមនាគមន៍នៅតំបន់ចំនួន៣ក្នុងខេត្តស្រះកែវ ៖
តំបន់ទី១-នៅស្ថានីយរថភ្លើងក្នុងសង្កាត់អារញ្ញប្រាថេត ។តំបន់ទី២-នៅបង្គោលទូរស័ព្ទខាងក្រោយផ្សារបេនចាវ៉ាន់ ក្នុងសង្កាត់ប៉ារ៉ៃ ។តំបន់ទី៣-នៅសហគមន៍បានខកសាវ៉ាង ក្នុងសង្កាត់ថាខាំ ។យោងតាមមន្ដ្រីនគរបាលថៃ តំបន់ទាំង ៣នេះបានផ្ដល់ប្រព័ន្ធអុីនធឺណិត និងទូរស័ព្ទដល់មជ្ឈមណ្ឌលឆបោកអនឡាញដែលថៃបានចោទថា នៅក្រុងប៉ោយប៉ែតស្ថិតនៅព្រំដែនកម្ពុជា -ថៃ ។
ឧត្តមសេនីយ៍ទោ Yingyos Thepjumnong ស្នងការនគរបាលថៃប្រចាំតំបន់ ២ បានដកស្រង់សម្តីដោយកាសែត The Nation ថា ក្រុមឧក្រិដ្ឋជនអនឡាញនៅព្រំដែនកម្ពុជា បានប្រើស៊ីមកាតទូរស័ព្ទថៃ ដើម្បីចូលប្រើប្រាស់សេវាទូរគមនាគមន៍របស់ថៃ ។ តាមលោក Yingyos Thepjumnong អាជ្ញាធរថៃបានរកឃើញក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរគមនាគមន៍ពីបរទេស ដែលបម្រើសេវាដល់ប្រជាពលរដ្ឋរាប់សិបនាក់ក្នុងក្រុងប៉ោយប៉ែត និងថា អាជ្ញាធរថៃកំពុងកាត់ផ្ដាច់បណ្ដាញសេវាទូរគមនាគមន៍របស់ក្រុមហ៊ុនបរទេសទាំងនេះ ព្រោះពួកគេបានរំលោភកិច្ចសន្យាដោយបានផ្ដល់សេវាទូរគមនាគមន៍សម្រាប់ការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មខុសច្បាប់ ។
ចំណែកលោក Trairat Viriyasirikul អគ្គលេខាធិការនៃក្រសួងទូរគមនាគមន៍ថៃ បានបញ្ជាក់ថា ការកាត់បន្ថយសេវាទូរគមនាគមន៍ ឬការដកអង់តែនសេវាទូរស័ព្ទទៅកាន់ក្រុងប៉ោយប៉ែតពេលនេះ គឺដើម្បីធានាឱ្យបានថា មានតែប្រជាជនថៃប៉ុណ្ណោះដែលអាចប្រើប្រាស់សេវាទូរគមនាគមន៍របស់ថៃបាន ។ មន្ត្រីទូរគមនាគមន៍ថៃដដែលអះអាងបន្ថែមថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ទៅមជ្ឈមណ្ឌលឆបោកអនឡាញនៅច្រកព្រំដែនកម្ពុជាក៏មិនប៉ះពាល់ដល់ការប្រើប្រាស់របស់ពលរដ្ឋថៃដែរ ព្រោះមន្ដ្រីជំនាញនឹងរៀបចំដំឡើងប្រព័ន្ធសេវាទូរគមនាគមន៍សម្រាប់ការប្រើប្រាស់ក្នុងសហគមន៍នៅតំបន់នោះឡើងវិញនាពេលខាងមុខ ។
លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍របស់ថៃ គ្មានប៉ះពាល់អ្វីដល់ពលរដ្ឋក្នុងក្រុងប៉ោយប៉ែតឡើយ ព្រោះពួកគាត់មានសេវាទូរគមនាគមន៍ប្រើប្រាស់ខ្លួនឯងនៅតំបន់នោះ ។ លោកទទួលស្គាល់ថា អ្នកដែលប៉ះពាល់ គឺក្រុមហ៊ុន ឬកាស៊ីណូនៅព្រំដែនក្រុងប៉ោយប៉ែតណា ដែលភ្ជាប់សេវាទូរគមនាគមន៍មកពីប្រទេសថៃ ។
គួររំលឹកថា ក្នុងរឿងឧក្រិដ្ឋកម្មអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែតនេះ អតីតនាយករដ្ឋមន្ដ្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ធ្លាប់បានចង្អុលបង្ហាញកាលពីចុងឆ្នាំ២០២៤ថា មានមជ្ឈមណ្ឌលបោកប្រាស់តាមអុីនធឺណិតមួយកន្លែងនៅព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ហើយប៉ូលិសឧក្រិដ្ឋកម្មថៃក៏បានចុះស៊ើបអង្កេតមជ្ឈមណ្ឌលបោកប្រាស់នោះដែរ ។ ទោះបីជាបែបណា សមត្ថកិច្ចកម្ពុជាមិនមានការធ្វើអត្ថាធិប្បាយពីករណីក្រុមឆបោកតាមអនឡាញដែលលាក់ខ្លួននៅកម្ពុជានោះទេ ៕
ចែករំលែកព័តមាននេះ