ខេត្តកំពត ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីឃា.តកម្មនៅស្រុកឈូក ខេត្តកំពត ដោយចាប់បានបុរសម្នាក់ និងកសាងសំណុំរឿងតាមនីតិវិធីបន្ត ។ នេះបើយោងតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហោះមុននេះ ។

នៅកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២និង១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត មានករណីឃា.តកម្មលើជនរងគ្រោះឈ្មោះ អឹម ទូច ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ។
ចំពោះសម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទដៃចំនួន២គ្រឿង, ក្រវិលមាសទម្ងន់១ជី, ចិញ្ចៀនមាសទម្ងន់២ជី, ខ្សែដៃប្លាទីន១តម្លឹង និងខ្សែកប្លាទីនទម្ងន់៣ជី ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។
លុះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមានឈ្មោះ ភុំ បុត្រ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃកើតហេតុ ខ្លួនបានទៅរួ.មត្រីជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានដឹងថា ខ្លួនមានប្រពន្ធទើបឈានដល់ការឈ្លោះប្រកែកគ្នា ហើយខ្លួនយកដំបងវា.យទៅលើជនរងគ្រោះ បណ្តាលស្លា.ប់ រួចខ្លួនប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះរត់គេចខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត ៕



ចែករំលែកព័តមាននេះ