វៀតណាមទំនងជានឹងបង្កើនការទិញម្រេចពីកម្ពុជា នៅឆ្នាំ២០២៥នេះ ខណ:ដែលវៀតណាមកំពុងត្រូវការម្រេច ដើម្បីបង្កើនការនាំចេញរបស់ខ្លួន ទៅក្នុងទីផ្សារពិភពលោក ។ អ្នកដែលមានចម្ការម្រេច ហើយកំពុងប្រមូលផលនៅកម្ពុជាអាចនឹងបន្តមានទឹកមាត់លេប នៅក្នុងឆ្នាំ២០២៥ ។…
វៀតណាមទំនងជានឹងបង្កើនការទិញម្រេចពីកម្ពុជា នៅឆ្នាំ២០២៥នេះ ខណ:ដែលវៀតណាមកំពុងត្រូវការម្រេច ដើម្បីបង្កើនការនាំចេញរបស់ខ្លួន ទៅក្នុងទីផ្សារពិភពលោក ។

អ្នកដែលមានចម្ការម្រេច ហើយកំពុងប្រមូលផលនៅកម្ពុជាអាចនឹងបន្តមានទឹកមាត់លេប នៅក្នុងឆ្នាំ២០២៥ ។ ទីផ្សាររបស់កម្ពុជា កំពុងតែបង្ហាញសញ្ញានៃកំណើន ទោះបីជាទំហំនាំចេញមានទឹកប្រាក់មិនច្រើនដូចជា ប្រទេសជិតខាង ជាពិសេស គឺវៀតណាមក៏ដោយចុះ ។
កាសែត Vietnam News បានរាយការណ៍ថា ក្រោយការនាំចេញសម្រេចបានលទ្ធផលដែលមានតម្លៃដល់ទៅជិត១.៤០០លានដុល្លារជាមួយនឹងកំណើន៤៥ភាគរយ កាលពីឆ្នាំ២០២៤ នៅក្នុងឆ្នាំ២០២៥នេះ វៀតណាមបានរំពឹងថា កំណើនការនាំចេញអាចនឹងនៅតែរឹងមាំនៅក្នុងឆ្នាំ២០២៥ ។

ដើម្បីសម្រេចបាននៅការនាំចេញម្រេចដែលមានតម្លៃដ៏លើសលុបនេះវៀតណាមក៏ត្រូវបាននាំចូលមកពីប្រទេសផ្សេងៗដោយរួមទាំងកម្ពុជាផងដែរ ដើម្បីបំពេញតម្រូវការនៃការបញ្ជាទិញរបស់អតិថិជនរបស់ខ្លួន នៅជុំវិញពិភពលោក ។
ប្រភពដដែលបានឲ្យដឹងថា កាលពីឆ្នាំទៅវៀតណាម បាននាំម្រេចចូលប្រមាណជាជាង៣៦.៧០០តោន ដែលមានតម្លៃ១៧៦,២លានដុល្លារកើនឡើង៣៨% បើធៀបនឹងឆ្នាំ២០២៣ ។
ការសែតនោះបានបន្តថា អ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម គឺប្រទេសឥណ្ឌូនេស៊ី ប្រេស៊ីល និងកម្ពុជា ដោយការនាំចូលពីប្រទេសឥណ្ឌូនេស៊ី កើនឡើង៤៣១ភាគរយ និងពីកម្ពុជាកើនឡើង៨០,៧ភាគរយ ហើយការនាំចូលពីប្រទេសប្រេស៊ីល បានធ្លាក់ចុះ៤២,៤ ភាគរយ ។

ពាក់ព័ន្ធនឹងដំណាំម្រេចនៅកម្ពុជា គេដឹងថា មានស្ថិតិមិនទៀតទាត់អាស្រ័យនៅលើការសម្រេចចិត្តរបស់កសិករ ។ ឆ្នាំខ្លះផ្ទៃដីដាំម្រេចអាចកើន ហើយឆ្នាំខ្លះអាចថយដោយអាស្រ័យទៅតាមស្ថានភាពទីផ្សារ ។ នៅពេលដែលម្រេចឡើងថ្លៃ កសិករសម្រុកនាំគ្នាដាំផ្ទៃដីដាំដុះក៏កើនផល ។ ប៉ុន្តែពេលខ្លះកសិករក៏កាប់ចោល ហើយធ្វើដំណាំផ្សេងពីព្រោះតែការខាតបង់ ។
តាមរបាយការណ៍ដែលកត់ត្រាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផ្ទៃដីដាំម្រេចនៅទូទាំងប្រទេស គឺមានប្រមាណជា៧ពាន់ហិកតាប៉ុណ្ណោះ ។ ម្រេចគេអាចដាំបានច្រើនកន្លែង ដូចជា នៅម្តុំភូមិភាគឥសាន្ត តាំងពីកំពង់ចាម ត្បូងឃ្មុំ រតនៈគីរី មណ្ឌលគីរីជាដើម ប៉ុន្តែម្រេចដែលមានទីផ្សារទូលំទូលាយ និងមានតម្លៃថ្លៃ គឺនៅកំពត និងកែប ។

ម្រេចនៅកំពត និងកែប ដែលគេទទួលស្គាល់ថា ជាផលិតផលសម្គាល់ភូមិសាស្ត្រ គឺមានទីផ្សារនៅប្រទេសជាច្រើនតាំងពីសហគមន៍អឺរ៉ុប អាមេរិក ជប៉ុន កូរ៉េខាងត្បូង ចិនជាដើម ប៉ុន្តែម្រេចពីផ្នែកផ្សេង គឺមានតែវៀតណាមប៉ុណ្ណោះ ។ កាលពីឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កម្ពុជាអាចនាំចេញម្រេចបានតម្លៃ៣៥,២៧ លានដុល្លារ ដោយមានកំណើនកើនឡើងដល់ ជាង២០ភាគរយ ។
ម្រេច គឺជាប្រភេទដំណាំវល្លិ ដែលជាដំណាំគេប្រមូលផលសម្រាប់ធ្វើជាគ្រឿងទេស ហើយគេដាំនៅកម្ពុជាតាំងពីយូរយាមកហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចំណែកទីផ្សារម្រេចកម្ពុជានៅតូចមែនទែន ។ ប្រទេសដែលនាំចេញម្រេចច្រើនជាងគេ គឺមានវៀតណាម ប្រេស៊ីល ឥណ្ឌូនេស៊ី ឥណ្ឌា ជាដើម ៕
ចែករំលែកព័តមាននេះ