ខេត្តព្រះវិហារ ៖ ទីតាំងជីកកកាយរុករករ៉ែមាសមួយកន្លែង សង្ស័យគ្មានច្បាប់ត្រូវបានចុះបង្ក្រាបពីកម្លាំងសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី១១ កុម្ភៈ ២០២៥ ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ ទាក់ទិនការបង្ក្រាបទីតាំងជីកកកាយរុករករ៉ែមាសខាងលើ ត្រូវបានគេរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់សកម្មភាពកើតឡើង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/cd8e573df39c318b6947d53c6ee9c554.jpg)
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ លោក ស៊ុន ចន្ទ័រក្សា បានឱ្យអ្នកសារព័ត៌មានដឹងថា សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងចម្រុះចុះទៅត្រួតពិនិត្យមើលទីតាំងជីកយករ៉ែមាសដោយខុសច្បាប់ និងធ្វើការបង្ក្រាបក្រោមការដឹកនាំ និងសម្របសម្រួលពីលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះហារ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/52f5b99648b318eb9f5b3f87647e9520.jpg)
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្តថា ក្នុងប្រតិបត្តិការនោះ តាមការពិនិត្យជាក់ស្ដែងនៅនិងកន្លែងកម្លាំងចម្រុះបានរកឃើញរណ្តៅជីករុករករ៉ែមាសចំនួនមួយកន្លែង និងអាងត្រាំគីមីមួយកន្លែងនិងកម្ទេចចោលរោងស្នាក់នៅរបស់កម្មករ៣រោង មាន៦បន្ទប់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/822a1f12226f2ecac72a2ed1bdd78cd1.jpg)
លោក ស៊ុន ចន្ទ័រក្សា បានឱ្យដឹងទៀតថា កន្លងមក មន្ទីរជំនាញក៏បានសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយហាមប្រាមប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករុករករ៉ែ ដែលមានរណ្តៅជ្រៅៗ អាចបង្កឱ្យមានករណីគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/8ff6069c3b922021c13d8dd1f3d348f4.jpg)
នៅក្នុងការលបលួចធ្វើអាជីវកម្មជីករុករករ៉ែមាសនោះ គេសង្កេតឃើញថា មានរណ្តៅរ៉ែមាសខ្លះមានជម្រៅរហូតដល់ទៅ៥០ ឬ១០០ម៉ែត្រ ក៏មាន។ រណ្តៅជ្រៅៗបែបនេះងាយនិងគ្រោះថ្នាក់ជាយថាហេតុដែលមើលមិនឃើញអាស្រ័យហេតុនេះ មន្ទីរជំនាញ និងអាជ្ញាធរក៏គួរធ្វើការហាមឃាត់ ឬ ទប់ស្កាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋផងដែរ៕
ចែករំលែកព័តមាននេះ