ខេត្តកំពត ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ ដោយការចាក់សម្លាប់ជាច្រើនកាំបិត នៅយប់ថ្ងៃ១១ កម្ភៈ ២០២៥ វេលាម៉ោង១២និង១០រំលងអធ្រាត្រ ។ ជាករណីឃាតកម្មចាក់សម្លាប់ក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ស្ថិតនៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ។
ស្ត្រីរងគ្រោះឈ្មោះ អឹម ទូច អាយុ៤៩ឆ្នាំ ត្រូវឃាតករជាចោរចាក់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសរហូតដល់ស្លាប់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/02fb97afab9eb56eca4dd68e39455bc1.jpg)
ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ទូរស័ព្ទដៃ២គ្រឿង ក្រវិលមាសទម្ងន់១ជី ចិញ្ចៀនមាសទម្ងន់២ជី ខ្សែដៃប្លាទីន១តម្លឹង ខ្សែកប្លាទីនទម្ងន់៣ជី (សម្ភារ:ជាប់ខ្លួនស្ត្រីរងគ្រោះ) ។ មន្ត្រីសមត្ថកិច្ចដែលត្រូវបានសាកសួរបានប្រាប់ថា ករណីនេះ កំពុងធ្វើការស្រាវជ្រាវហើយ ថាតើករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះនេះ គឺជាចោរមកពីចម្ងាយឬបែបណា ? អ្នកខ្លះសង្ស័យថា បើចោរពីចម្ងាយប្រហែលជាមិនឈានដល់ការសម្លាប់យកទ្រព្យសម្បត្តិនេះទេ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/3264c076e15ac408b9fc41382aac1307.jpg)
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ស្ត្រីរូបនេះបានត្រឡប់មកពីជួលមីក្រូ និងធុងបាស់សម្រាប់ថ្ងៃការកូនស្រីនៅខែមីនាខាងមុខ បែរជាត្រូវស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ។ ប្រភពព័ត៌មានខាងលើ អាចចាត់ទុកជាក្រៅផ្លូវការ ដោយសារតែសមត្ថកិច្ចមិនទាន់ផ្ដល់ព័ត៌មានផ្លូវការឱ្យដឹងនោះឡើយ ជុំវិញការតាមប្រមាញ់ឃាតករ ៕
ចែករំលែកព័តមាននេះ