ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖​ ទោះបី​កម្ពុជា​បាន​ដកខ្លួន​ពី​ក្រប​ខណ្ឌ CLV-DTA  តែ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​៣​​ត្រូវ​បាន​ពង្រីក​ពី​លក្ខណៈ​តំបន់​ទៅ​ជា​កម្រិត​ប្រទេស

9 ម៉ោង មុន

សម្តេច​តេ​ជោ ៖ ទោះបី​កម្ពុជា​បាន​ដកខ្លួន​ពី​ក្រប​ខណ្ឌ CLV-DTA តែ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​៣​ត្រូវ​បាន​ពង្រីក​ពី​លក្ខណៈ​តំបន់​ទៅ​ជា​កម្រិត​ប្រទេសរាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា…

សម្តេច​តេ​ជោ ៖ ទោះបី​កម្ពុជា​បាន​ដកខ្លួន​ពី​ក្រប​ខណ្ឌ CLV-DTA តែ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​៣​ត្រូវ​បាន​ពង្រីក​ពី​លក្ខណៈ​តំបន់​ទៅ​ជា​កម្រិត​ប្រទេសរាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា ទោះបី​កម្ពុជា​បាន​ដកខ្លួន​ពី​ក្រប​ខណ្ឌ CLV-DTA ពិតមែន តែ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​បី​ត្រូវ​បាន​ពង្រីក​ពី​លក្ខណៈ​តំបន់​ទៅ​ជា​កម្រិត​ប្រទេស ។

ខណៈ​អនុញ្ញាត​ឲ្យ​ឯកឧត្តម ង្វៀ​ន មី​ញ​វូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​វិមាន​ព្រឹទ្ធសភា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​«​ទោះបី​កម្ពុជា​បាន​ដកខ្លួន​ពី​ក្រប​ខណ្ឌ CLV-DTA ពិតមែន តែ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​បី​ត្រូវ​បាន​ពង្រីក​ពី​លក្ខណៈ​តំបន់​ទៅ​ជា​កម្រិត​ប្រទេស ហើយ​ប្រទេស​ទាំង​បី នឹង​បន្ត​ពង្រឹង​យន្តការ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​បក្ស​រដ្ឋាភិបាល និង​សភា​» ។

នៅ​ក្នុង​បរិបទ​នេះ សម្តេច​តេ​ជោ​បាន​ផ្តល់​អនុសាសន៍​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ឱ្យ​យកចិត្តទុកដាក់​ផ្តោត​លើ​កា​រត​ភ្ជាប់ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ជា​ស្នូល ដើម្បី​ជា​មូលដ្ឋាន​ជំរុញ​បន្ថែម​នូវ​ទំនាក់ទំនង​ផ្នែក​នយោបាយ ។ ក្រៅពី​ក្រប​ខណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​នានាសម្តេច​តេ​ជោ​បាន​ស្នើ​ឱ្យ​មានការ​ពង្រឹង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ដោយ​សង្កេត​ឃើញ​ថា សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​បំពេញបន្ថែម​ឱ្យ​គ្នា ។

សម្តេច​បាន​ចង្អុលបង្ហាញ​ថា វៀតណាម​បាន​ក្លាយជា​ទីផ្សារ​កសិផល​របស់​កម្ពុជា ដូច​ជា​គ្រាប់ស្វាយចន្ទី និង​ស្រូវ ហើយ​កម្ពុជា​ក៏​មាន​តម្រូវការ​ទំនិញ​នានា​ពី​វៀតណាម​ផង​ដែរ​។ ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​រៀត​ណា​ម​ដែល​បាន​យកចិត្តទុកដាក់​សម្របសម្រួល​ក្នុង​ការ​រៀបចំ​ពិធី​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ទៅ​កម្ពុជា​ក្រោម​យ៉ាង​រលូន ក៏​ដូច​ជា​ការ​បន្ត​ផ្តល់​ការ​សម្របសម្រួល​ដល់​ការ​ថែរក្សា​វប្បធម៌​និង​ទំនៀមទំលាប់​ខ្មែរ​កម្ពុជា​ក្រោម​។

សម្តេច​តេ​ជោ​ក៏​បាន​កត់សម្គាល់​និង​អបអរសាទរ​ចំពោះ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​វៀតណាម និង​បាន​សម្តែង​នូវ​ក្តី​សុទិដ្ឋិនិយម​ថា ជាមួយនឹង​ល្បឿន​កំណើន​នេះ វៀតណាម​នឹង​អាច​ចូលរួម​ជាមួយ​ក្លឹ​ប​ប្រទេស G20 នា​ពេល​ខាង​មុខ​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ដែល​បាន​ស្តារ​កម្ពុជា​តាំងពី​គំនរ​ផេះ​ផង់ និង​ការ​ផ្ទេរអំណាច​ជូន​ថ្នាក់ដឹកនាំ​បន្តវេន​ប្រកបដោយ​ភាព​ជោគជ័យ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​បន្ថែម​ទៀត ។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង អំពី​ទិស​ដៅ​ការងារ​ក្នុង​ការ​បំពេញបេសកកម្ម​របស់​ឯកឧត្តម​នៅកម្ពុជា ដូច​ជា​ការ​បន្ត​លើកកម្ពស់ ៖១.​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​នយោបាយ និង​ការទូត តាម​រយៈ​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត​ជាន់ថ្នាក់ និង​ក្រោម​ក្រប​ខណ្ឌ​សភា​។ ២.​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ និង​សន្តិសុខ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​។

៣.​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏​ដូច​ជា​យុវជន និង ៤.​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ទំហំ​ពាណិជ្ជកម្ម ២០​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ចេញ​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ជួយ​គាំទ្រ​ដល់​ប្រជាជន​វៀតណាម ក្នុង​ការ​ប្រកប​របរ​រកស៊ី និង​ជំរុញ​ឱ្យ​មាន​វិនិយោគិន​វៀតណាម មក​កម្ពុជា​បន្ថែម​ទៀត​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ជម្រាប​សម្តេច​តេ​ជោ អំពី​ការ​រៀបចំ​មហាសន្និបាត​បក្ស​កុ​ម្មុ​យ​នី​សវៀតណា​ម នៅ​ឆ្នាំ​ក្រោយ និង​ការ​កែសម្រួល​រចនាសម្ព័ន្ធ​ស្ថាប័ន​ផ្ទៃក្នុង​វៀតណាម​ផង​ដែរ​។ ក្នុង​ជំនួប​នោះ​ដែរ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​បណ្តា​ថ្នាក់ដឹកនាំ​កំពូល​វៀតណាម​។

សម្តេច​បាន​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម តាំងពី​ឆ្នាំ​១៩៦៧ ជា​ពិសេស ការ​ជួយ​របស់​កម្ពុជា ដល់​ប្រទេស​វៀតណាម និង ការ​ជួយ​ឧបត្ថម្ភ​របស់​វៀតណាម ដល់​រូប​សម្តេច និង​កម្ពុជា ឱ្យ​រស់រាន​មានជីវិត និង​ការ​តស៊ូ​រំដោះជាតិ ដែល​ជា​ប្រវត្តិសាស្ត្រ​មិន​អាច​បំភ្លៃ​បាន ហើយ​ដែល​សម្តេច​បាន​រៀបចំ​ចងក្រង​ឱ្យ​មាន​ជា​កម្រង​ខ្សែភាពយន្ត​។

សម្តេច​បាន​គូសបញ្ជាក់​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​គ្រប់គ្រង ២/៣​នៃ​ប្រវត្តិ​ទំនាក់​ទំនង​នេះ ហើយ​ការ​រីក​ចំរើន​របស់​កម្ពុ​ជានា​ពេល​នេះ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ជួយ​ឧបត្ថម្ភ​ដ៏​ធំធេង​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ក្នុង​ការ​រំដោះប្រទេស​កម្ពុជា និង ការ​ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យពូជសាសន៍ ដែល​ជា​ចំណុច​ចាប់ផ្តើម និង​ជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ពេល​បច្ចុប្បន្ន​។ សម្តេច​តេ​ជោ ក៏​បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ទិស​ដៅ​ភារកិច្ច​ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ដាក់​ចេញ នៅ​ក្នុង​ការ​បំពេញបេសកកម្ម​នៅ​កម្ពុជា​ផង​ដែរ​៕