វាជារឿងថ្លើមធំប៉ុនមេឃ ដែលមានមនុស្សហ៊ានរៀបចំផែនការវា.យប្រហារដោយប្រើដ្រូនដើម្បីសម្លា.ប់សម្តេចតេជោ ហ៊ុន សែន ប្រធានប្រព្រឹទ្ធសភា ដែលត្រូវគេស្គាល់ថា ជាបុរសខ្លាំងរបស់កម្ពុជា ។ ពួកគេកំពុងតែយកដៃលេងជាមួយភ្លើងហើយ ពីព្រោះតែសកម្មភាពដ៏គ្រោះថ្នាក់របស់ពួកគេ…
វាជារឿងថ្លើមធំប៉ុនមេឃ ដែលមានមនុស្សហ៊ានរៀបចំផែនការវា.យប្រហារដោយប្រើដ្រូនដើម្បីសម្លា.ប់សម្តេចតេជោ ហ៊ុន សែន ប្រធានប្រព្រឹទ្ធសភា ដែលត្រូវគេស្គាល់ថា ជាបុរសខ្លាំងរបស់កម្ពុជា ។ ពួកគេកំពុងតែយកដៃលេងជាមួយភ្លើងហើយ ពីព្រោះតែសកម្មភាពដ៏គ្រោះថ្នាក់របស់ពួកគេ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/535e9b126d4d0b0e8f1ccc1a58aafb3a.jpg)
សារព្រមានចេញពីមាត់បុរសខ្លាំងនៅកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ថា មានគេរៀបចំផែនការវា.យប្រហារភេវរកម្មមកលើនិវេសនដ្ឋានរបស់សម្តេច នៅទីក្រុងតាខ្មៅ គឺជារឿងដ៏ធំ និងធ្ងន់ធ្ងរមួយ ។ នេះ គឺជាការព្រមានមួយដែលសមត្ថកិច្ច និងកងកម្លាំងគួរតែយកចិត្តទុកដាក់នឹងពង្រឹងសន្តិសុខជាតិ និងសាធារណៈ ជាពិសេស គឺសន្តិសុខមេដឹកនាំកំពូលៗដែលជាក្បាលម៉ាស៊ីននៃស្ថេរភាព និងសន្តិសុខជាតិ ។
ព័ត៌មានដ៏ក្តៅគគុកនេះមិនមែនជាព័ត៌មានក្លែងក្លាយឡើយ វា គឺជាសារដែលបានបន្លឺឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រោយពីសម្តេចបានបង្ហាញខ្លួនជាថ្មីនៅក្នុងកម្មវិធីបែបសហគមន៍បន្ទាប់ពីអាក់ខានអស់ជាយូរ ចាប់តាំងពីសម្តេចបានលះបង់តំណែងហើយផ្ទេអំណាចទៅឲ្យកូនប្រុសច្បងរបស់សម្តេចដឹកនាំបន្ត រហូតដល់សព្វថ្ងៃនេះ ។ នៅក្នុងកម្មវិធីសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហើបថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មានគេរៀបផែនការប្រើប្រាស់ដ្រូនវាយប្រហារចូលនិវេសនដ្ឋានសម្តេច នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/e345c889a8f1cf5def23963deae3d7f1.jpg)
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផែនការនេះត្រូវបានគេរៀបចំឡើង ហើយសម្តេចបានទទួលព័ត៌មានយ៉ាងជាក់លាក់ ដោយមានទាំងសំឡេងថែមទៀតផង ។ បើតាមសារនោះចំណាត់ការផ្លូវច្បាប់អាចនឹងកើតមាន ដោយសម្តេចបានប្រាប់ទៅបរទេសកុំលូកលាន់លើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពីព្រោះនេះគឺជារឿងសំខាន់ ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍បន្ថែមថា កម្ពុជាត្រូវតែគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាព ឲ្យរឹងមាំ ដើម្បីរក្សាសន្តិសុខ និងសេ្ថរភាពជាតិ ។
សម្តេចតេជោ បានចាត់ទុកផែនការធ្វើឃា.តសម្តេចបែបនេះ គឺជាកិច្ចការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសន្តិសុខជាតិ ដែលត្រូវតែកម្ទេចចោលឱ្យអស់ ពីព្រោះវា គឺជាផែនការភេវរកម្ម ។ សម្តេចក៏បានផ្តាំផ្ញើទៅកាន់ជនបរទេសឲ្យប្រយ័ត្នប្រយែងលើការគាំទ្រកម្មភាពណាដែលជាសកម្មភាពភេវរកម្ម ។
នេះមិនមែនជាការព្រមានលេងសើចទេ ។ បញ្ហាសន្តិសុខមេដឹកនាំ គឺជាកត្តាស្ថេរភាពនយោបាយដ៏សំខាន់ នៅក្នុងសង្គម ជាពិសេសនៅកម្ពុជាដែលកម្លាំងមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវតែលើកកម្ពស់ឲ្យកាន់តែតឹងរឹង និងច្បាស់លាស់បន្ថែមទៀត ។
ព័ត៌មានដ៏រសើបដែលសម្តេចតេជោ បានបង្ហើបឡើងនេះ អាចជាចំណុចរបត់មួយដែលរំលឹកឲ្យមន្ត្រី និងកងកម្លាំងជំនាញលើកកម្ពស់ និងស្វ័យត្រួតពិនិត្យឡើងវិញ ទាំងអស់នូវប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ដើម្បីបង្ការ និងការពារនូវគ្រោះថ្នាក់ដែលកើតឡើងពីការប៉ុនប៉ង និងសកម្មភាពនយោបាយដ៏ឧក្រិ.ដ្ឋណាមួយ ។
កងកម្លាំង និងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់កម្រិតចាំបាច់ត្រូវតែពង្រឹងប្រព័ន្ធសន្តិសុខជាតិឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីធានារសន្តិសុខ និងសុវត្ថិភាពមិនមែនត្រឹមតែជារបស់អ្នកដឹកនាំនោះទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងមូល ។
សារលាតត្រដាងពីការប៉ុនប៉ងធ្វើភេរវកម្មដោយជនអគតិនាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន ជាព្រឹត្តិការណ៍មួយដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញឆាកនយោបាយនៅកម្ពុជា ។ ការលាតត្រដាងនេះមិនត្រឹមតែជាការប្រកាសអាសន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកត់សម្គាល់យ៉ាងមុតមាំផងដែរ អំពីការគំរាមកំហែងជាបន្តបន្ទាប់ចំពោះសន្តិសុខ ដែលប្រឈមមុខដោយបុគ្គលសាធារណៈ អ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅ ។
មកដល់ពេលនេះសន្តិភាព និងស្ថេរភាពនៅកម្ពុជាដែលទទួលបានអស់រយៈពេលជាង២៦ឆ្នាំកន្លងមកនេះ គឺអាចរក្សាបានមួយផ្នែកធំដោយសារតែកត្តាមេដឹកនាំខ្លាំងនេះឯង ។ ដូច្នេះនៅក្នុងករណីដែលមេដឹកនាំមានបញ្ហាណាមួយកើតមានឡើង ស្ថានការណ៍ និងស្ថានភាពនយោបាយនៅកម្ពុជា គឺពិបាកនឹងកាត់ស្មានបាន ។ ដូច្នេះការការពារ និងរិតបន្តឹងសន្តិសុខដល់មេដឹកនាំ គឺពិតជារឿងដែលចាំបាច់ ។ សំណាញ់ការពារ និងផ្តល់សន្តិសុខដល់មេដឹកនាំចាំបាច់ត្រូវតែយកចិត្តទុកដាក់បន្ថែមឡើងមួយកម្រិតទៀត ៕
ចែករំលែកព័តមាននេះ