ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ដែល​នៅ​សេសសល់​នៅ​រាជធានី​ភ្នំពេញ​ដែល​បន្សល់​ទុក​ពី​សម័យ​មុន​សង្គ្រាមស៊ីវិល​មាន​ច្រើន ហើយ​អគារ​ដែល​ទ្រុឌទ្រោម​ត្រូវ​បាន​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​ដូច​ជា អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំណត់​មាន​ប្រមាណ​ជា​ជាង​២០​កន្លែង​ដែល​កំពុង​ទាមទារ​ដំណោះស្រាយ​បន្ទាន់ ។ ទោះបីជា​ស្ថានភាព​អគារ​ទាំងនេះ​ទ្រុឌទ្រោម​ក៏​ពិតមែន ប៉ុន្តែ​វា​នៅ​តែ​ជា​លំនៅ​ស្ថាន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​កំពុង​តែ​ស្នាក់​នៅ និង​អាស្រ័យ​ផល…

អគារ​ដែល​នៅ​សេសសល់​នៅ​រាជធានី​ភ្នំពេញ​ដែល​បន្សល់​ទុក​ពី​សម័យ​មុន​សង្គ្រាមស៊ីវិល​មាន​ច្រើន ហើយ​អគារ​ដែល​ទ្រុឌទ្រោម​ត្រូវ​បាន​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​ដូច​ជា អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំណត់​មាន​ប្រមាណ​ជា​ជាង​២០​កន្លែង​ដែល​កំពុង​ទាមទារ​ដំណោះស្រាយ​បន្ទាន់ ។

ទោះបីជា​ស្ថានភាព​អគារ​ទាំងនេះ​ទ្រុឌទ្រោម​ក៏​ពិតមែន ប៉ុន្តែ​វា​នៅ​តែ​ជា​លំនៅ​ស្ថាន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​កំពុង​តែ​ស្នាក់​នៅ និង​អាស្រ័យ​ផល ដើម្បី​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​មក​ដល់​ពេល​សព្វ​ថ្ងៃនេះ ទោះបីជា​គេ​ដឹង​ថា សំណង​អគារ​ទាំងនេះ​មាន​សភាព​ចាស់​ពុក​ផុយ ហើយ​សំណង់​ខ្លះ​មាន​សេចក្តីរាយការណ៍​ថា មិន​មាន​ដែក​ជា​គ្រឹះ​ក៏​ដោយ​ចុះ ។ ការ​រស់នៅ​ក្នុង​អគារ​ទាំងនេះ គឺជា​ហានិភ័យ​មួយ ប៉ុន្តែ​ដោយ​មិន​មាន​ជម្រើស​ពលរដ្ឋ​ចេះ​តែ​បន្ត​រស់នៅ​ជា​បន្តបន្ទាប់ ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ កាលពី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​មួយ​ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​ក៏​ដូច​ជា អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រស់នៅ​ក្នុង​សំណង់​អគារ​ចាស់​ៗ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌដូនពេញ ខណ្ឌ​៧​មក​រា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដើម្បី​រក​ដំណោះស្រាយ ។

មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា កិច្ចប្រជុំ​ដែល​ដឹកនាំ និង​សម្របសម្រួល​ដោយ លោក សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​បាន​ពិគ្រោះ និង​ស្តាប់​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​សំណង់​អគារ​ចាស់​ៗ​ទាំងនោះ ។ ខ្លឹមសារ​រួម​នៃ​កម្មវិធី​នេះ គឺ​គ្រាន់តែ​គេ​ដឹង​ថា គឺ​ដើម្បី​ក្តាប់​ឲ្យ​បាន​ប្រាកដ​នូវ​គោលបំណង​ពលរដ្ឋ ដើម្បី​ងាយស្រួល​ក្រសួង​ចាត់វិធានការ និង​រក​ដំណោះស្រាយ​ក៏​ដូច​ជា ពង្រឹង​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​លើកកម្ពស់​សុវត្ថិភាព​សំណង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ដំណោះស្រាយ​អំពី​ជោគវាសនា​នៃ​សំណង់​អគារ​ទាំងនេះ​ប្រហែលជា​មិនមែន​ជា​រឿង​ងាយស្រួល​ដោះស្រាយ​ឡើយ បើ​គ្មាន​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ភាគី​ទី​១ គឺ​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​ដូច​ជា អាជ្ញាធរ​រាជធានី​ជា​តំណង ភាគី​ទី​២ គឺ​ខាង​វិស័យ​ឯកជន និង​ភាគី​ទី​បី​ដែល​មាន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​សំណង់​អគារ​ទាំងនោះ ។

ភាគី​ទី​១ គឺ​ត្រូវ​តែ​ទាមទារ​ការ​អត់ធ្មត់ និង​សម្របសម្រួល​ធ្វើ​យ៉ាងណា​ថ្លឹងថ្លែង​រវាង​លទ្ធភាព​របស់​ភាគី​ទី​២ ហើយ និង​ការ​ទាមទារ​របស់​ភាគី​ទី​៣ ។ ជា​ទូទៅ​ភាគី​ទី​២ គឺ​ពិតជា​ចង់បាន​សំណង់​អគារ ឬ​ទីតាំង​អគារ ដើម្បី​អភិវឌ្ឍន៍ ឬ​កែ​លម្អ​ធ្វើ​អាជីវកម្ម ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា នៅ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ឯកជន​រមែង​ចង់បាន​គម្រោង​ណា​ដែល​មាន​តម្លៃ​ថោក​ចំណាយ​តិច ហើយ​ចំណេញ​ច្រើន ។ ចំណុច​នេះ គឺជា​សត្យា​នុ​ម័ត ដែល​ពាក់ព័ន្ធ​នឹង​ជោគវាសនា​នៃ​សំណង់​អគារ​ចាស់​ទ្រុឌទ្រោម​ទាំងនោះ​នៅ​ក្នុង​រាជធានី ។

ដោយឡែក ភាគ​ទី​៣ នៅ​ក្នុង​នាម​ជា​ម្ចាស់​កម្មសិទ្ធិ ហើយ​តស៊ូ​រស់នៅ​ទីនោះ​តាំងពី​យូរយារ​មក ហើយ​ណាមួយ​វា គឺជា​ទីតាំង​ដែល​ល្អ​កណ្តាល​ក្រុង ពួក​គេ​មិន​ចង់​រើ​ចេញ​ឡើយ ពោល គឺ​ចង់​នៅ​ទីនោះ​ដោយសារ​តែ​វា​ជិត​កន្លែងធ្វើការ ជិត​កន្លែង​រកស៊ី ហើយ​ក៏​ជិត​សាលា​កូន​រៀន ហើយ​នៅ​ក្នុង​ករណី​រើ​ចេញ​ក៏​ពួក​គេ​ចង់បាន​តម្លៃ​មួយ​សមរម្យ ។ នៅ​ក្នុង​ករណី​នេះ ប្រសិនបើ​ភាគី​ទាំង​បី​មិន​ធ្វើ​សម្បទា​អោយ​គ្នា​ទេ គឺ​វា​មាន​តែ​រង់ចាំ​អគារ​នេះ​ដល់​អាយុ ហើយ​ដួលរ​លំដោយ​បន្សល់​ទុក​ត្រឹម​ភាព​សោកសៅ​និង​រឿង​សោកសង្រេង​នៅ​កណ្តាល​បេះដូង​នៃ​ប្រទេស​តែ​ប៉ុណ្ណោះ ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ភាគី​ទី​១ គួរតែ​ធ្វើការ​វាយតម្លៃ​រចនាសម្ព័ន្ធ​នៃ​អគារ​ទាំងនោះ​ឲ្យ​ច្បាស់លាស់ ដើម្បី​កំណត់​ថា តើ​អគារ​ណាខ្លះ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នឹង​ការ​ដួល​រលំ ។ ក្រៅពី​នោះ​ភាគី​ទី​១​ក៏​គួរតែ​ធ្វើការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ឯកជន ដើម្បី​ស្វែងរក​លំនៅ​ដ្ឋា​ន​ជំនួស​សម្រាប់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​បូក​ផ្សំ និង​ការ​ឧបត្ថម្ភ​ធន​ដែល​សម​ស្រប ដើម្បី​ធានា​ថា អ្នកស្រុក​មាន​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​សុវត្ថិភាព ហើយ​ពួក​គេ​ក៏​មាន​លទ្ធភាព និង​មូលដ្ឋាន​កសាង​ជីវភាព​បន្ត​ទៅ​ទៀត ។

ហើយ​ភាគី​ទី​២​វិញ​ក៏​គួរតែ កុំ​គិតតែ​ផលប្រយោជន៍​ខ្លាំង​ពេក ។ ភាគី​ទី​២ គួរតែ​គិតគូរ ឬ​អនុវត្ត​នូវ​គម្រោង​ណា​ដែល​មាន​លក្ខណៈ​សម្បទាន​ក្រោម​រូបភាព​ឈ្នះ​ៗ​ដោយ​ខ្លួន​ក៏​បាន​នូវ​ទីតាំង​ល្អ ដើម្បី​វិនិយោគ ហើយ​ពលរដ្ឋ​ក៏​ទទួល​បាន​ភាព​សាក​សម​នឹង​ថ្នូរ​នៃ​ការ​ចាកចេញ ឬ​ក៏​ការ​លះបង់​សម្រាប់​ការ​តស៊ូ​ដែល​ពួក​គេ​បាន​មក​រស់នៅ​សំណង់​អគារ​ទាំងនេះ ។ ដោយឡែក ភាគី​ទី​៣​វិញ សូមកុំ​ចេះ​តែ​ទាមទារ​សំណង​ណាមួយ​ដែល​មាន​តម្លៃ​ខ្ពស់​ពេក ។ ធម្មតា​កាលណា​យើង​ទាមទារ​អ្វី​ដែល​ខ្ពស់​ពេក ភាគី​ទី​១ និង​ទី​២​ក៏​ពិបាក​រក​ដំណោះស្រាយ​ដែរ ។

សរុប​មក​វិញ ដើម្បី​ឲ្យ​ឆាប់​មាន​ដំណោះស្រាយ​ចំពោះ​សំណង់​អគារ​ចាស់​ទ្រុឌទ្រោម​ទាំងនេះ មាន​តែ​ការ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ភាគី​ទាំង​៣​ទេ​ទើប​អាច​ចេញ​រួច ។ បើ​មិន​ដូច្នេះ​ទេ រាជធានី​នៅ​តែ​ស្រអាប់​ដោយ​សំណង់​ចាស់​ទ្រុឌទ្រោម​ទាំងនេះ ហើយ​ពលរដ្ឋ​ក៏​បន្ត​រស់នៅ​ក្រោម​ហានិភ័យ​ដែល​មិនដឹង​ថា តើ​ថ្ងៃ​ណាមួយ​គ្រោះ​មហន្តរាយ​នឹង​កើត​មាន​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ