ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋខ្មែរ មួយចំនួនបានយកថ្ងៃ១៤កុម្ភៈ បុណ្យទិវានៃក្ដីស្រឡាញ់ ដើម្បីរំឭកដល់អ្នកមានគុណមនុស្សដែលខ្លួនឯងស្រឡាញ់ ហើយតែងតែផ្តល់អំណោយផ្សេងៗ ដើម្បីជាការតបស្នងសងគុណផងដែរ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/fe9095d7f1af089e0d2ef7f5c9b8082c.jpg)
ស្របពេលឱកាសនោះ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បុណ្យទិវានៃក្ដីស្រឡាញ់ថ្ងៃ១៤កុម្ភៈនឹងឈានចូលមកដល់ ក្នុងនាមមន្ទីរពេទ្យបង្អែកខេត្ត សូមអំពាវនាវដល់សប្បុរសជន ដែលមានបំណងស្ម័គ្រចិត្តចង់ធ្វើការបរិច្ចាគឈាម អាចមកកាន់មន្ទីរពទ្យបង្អែកខេត្ត ធ្វើការពិគ្រោះយោបល់ជាមួយអ្នកគ្រូ ឬលោកគ្រូពេទ្យជំនាញបាន ហើយការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់បងប្អូននេះ ពិតជាមានតម្លៃណាស់ សម្រាប់អ្នកជំងឺដែលកំពុងខ្វះឈាម និងកំពុងរង់ចាំការជួយសង្គ្រោះពីបងប្អូន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/3e233aaeeb216d947c93d1c939a4ed7b.jpg)
លោកវេជ្ជបណ្ឌិត បន្ថែមថា អ្នកដែលអាចចូលរួមបរិច្ចាគផ្តល់ឈាមបានមានអាយុចាប់ ១៨ដល់៦០ឆ្នាំ នឹងមានសុខភាពល្អ ហើយបើមនុស្សប្រុសអាចផ្តល់ឈាមចន្លោះពី ៣ខែម្តង រីឯមនុស្សស្រីចន្លោះពី ៤ខែម្តង។ ទន្ទឹមនេះការផ្តល់ឈាម ក៏មានអត្ថប្រយោជន៍ច្រើនដែរ សម្រាប់រាងកាយមនុស្ស ដូចជាជួយឲ្យយើងដឹងពីជំងឺផ្សេងៗផងដែរ ដូចជា រលាកថ្លើមប្រភេទA.B.C ជំងឺអេដស៍ ការកាត់បន្ថយការឡើងទម្ងន់ ជួយឲ្យដំណើរការបេះដូងល្អ កាត់បន្ថយជាតិខ្លាញ់នៅក្នុងឈាម កាត់បន្ថយភាពតានតឹង កាត់បន្ថយជាតិដែក ដែលធ្វើឲ្យប៉ះពាល់ដល់លំពែង និងថ្លើម និងជួយឲ្យមានគ្រាប់ឈាមល្អផងដែរ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4b7e6dd0af5899159db1948e711ce949.jpg)
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គ្រាប់ឈាមនៅក្នុងរាងកាយរបស់មនុស្សយើងមានអាយុត្រឹមតែ ១២០ថ្ងៃប៉ុណ្ណោះ ហើយបើយើងបានបរិច្ចាគផ្តល់ឈាមចាស់ នឹងផ្លាស់មកកោសិកាគ្រាប់ឈាមថ្មីមកវិញ ជាពិសេស គឺធ្វើឲ្យយើងមានអារម្មណ៍ល្អសប្បាយចិត្ត ពេលបានបរិច្ចាគឈាមជួយសង្គ្រោះអ្នកជំងឺ ហើយវាក៏ជាអំពើល្អមួយក្នុងសង្គមផងដែរ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/df47afad498b13991d58497836b9587e.jpg)
ជាមួយគ្នានេះ ក្នុងនាមមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ការជូនដំណឹងអំពាវនាវ ចំថ្ងៃបុណ្យទិវានៃក្ដីស្រឡាញ់នេះ គឺចង់ឲ្យប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជន បរិច្ចាគឈាម ដើម្បីបង្ហាញពីក្តីស្រលាញ់ និងការធ្វើអំពើល្អនៅក្នុងសង្គម ក្នុងនាមជាពលរដ្ឋកម្ពុជា ជាពិសេស បានសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការឧបត្ថម្ភឈាម ដើម្បីសង្គ្រោះជីវិតផងដែរ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/cb4e57426b760f94a7bb76aec61742ce.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/031d61a65a2644f65fac503e905a0a4e.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c8ce94d3464980be102f1705b9f4604b.jpg)
ចែករំលែកព័តមាននេះ